អន្តរជាតិ
កូរ៉េទាំងពីរ ភ្ជាប់បណ្ដាញទំនាក់ទំនងទាំងអស់ឡើងវិញ ចំខួបបញ្ចប់សង្រ្គាមឧបទ្វីបកូរ៉េ មន្រ្តីកូរ៉េខាងត្បូងកំពុងលើកកាន់ទូរសព្ទដែលភ្ជាប់ទៅនឹងបណ្ដាញទំនាក់ទំនងកូរ៉េខាងជើង។ រូបថតពីក្រសួងបង្រូបបង្រួមកូរ៉េ
× កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី២៧ ខែកក្កដា ប្រកាសភ្ជាប់បណ្ដាញទំនាក់ទំនងទាំងអស់ឡើងវិញ បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ជាឯកតោភាគីដោយទីក្រុងព្យុងយ៉ាងអស់ពេលជាង១ឆ្នាំមកហើយ។ បើតាមកូរ៉េខាងត្បូង ការភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញនេះ ជាជំហានដំបូងក្នុងការស្ដារទំនាក់ទំនងអន្តរកូរ៉េដែលជាប់គាំងនាពេលកន្លងមក។
កូរ៉េខាងជើង បានកាត់ផ្ដាច់រាល់បណ្ដាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូងក្នុងខែមិថុនា ឆ្នាំ២០២០ បន្ទាប់ជំនួបចរចាជាមួយអាមេរិកលើការរំសាយនុយក្លេអ៊ែរមិនទទួលបានលទ្ធផល។ ចាប់ពីពេលនោះ ទំនាក់ទំនងអន្តរកូរ៉េដែលធ្លាប់តែល្អប្រសើរ ក៏ប្រែទៅជាល្អក់កករខ្លាំង ដោយកូរ៉េខាងជើងបញ្ចេញឥរិយាបថមិនពេញចិត្តជាច្រើនដាក់កូរ៉េខាងត្បូង។
យ៉ាងណាមិញ ជារឿងគួរឱ្យភ្ញាក់ផ្គើល កូរ៉េទាំងពីរ ស្រាប់តែប្រកាសពីការភ្ជាប់ប្រព័ន្ធទំនាក់ទំនងវិញនៅថ្ងៃទី២៧ ខែកក្កដា។ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ជាខួបទី៦៨ឆ្នាំនៃការចុះហត្ថលេខាលើបទឈប់បាញ់មួយដើម្បីផ្អាកសង្រ្គាមនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែជាលក្ខខណ្ឌបច្ចេកទេស កូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ ព្រោះមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាព។
«យោងតាមការព្រមព្រៀងមេដឹកនាំទាំងពីរ កូរ៉េខាងជើង និងកូរ៉េខាងត្បូងសម្រេចដំណើរការរាល់បណ្ដាញទំនាក់ទំនងអន្តរកូរ៉េទាំងអស់ចាប់ពីម៉ោង១០ ។» ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយបែបនេះនៅថ្ងៃទី២៧ ខែកក្កដា រួចបន្តថា ការភ្ជាប់បណ្ដាញទំនាក់ទំនងនេះ នឹងផ្ដល់សញ្ញាវិជ្ជមានដល់ការជំរុញ និងអភិវឌ្ឍទំនាក់ទំនងខាងជើង-ខាងត្បូង។
ចំណែកវិមានប្រធានាធិបតីកូរ៉េខាងត្បូងវិញ បញ្ជាក់ថា លោកប្រធានាធិបតី មូន ចេអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារឱ្យគ្នាទៅវិញទៅមកចាប់តាំងពីខែមេសាមកដើម្បីស្ដារទំនាក់ទំនងឡើងវិញ។ លើសពីនោះ មេដឹកនាំទាំងពីរ ក៏ឯកភាពគ្នាស្ដារការទុកចិត្តគ្នាសារជាថ្មីឱ្យបានលឿនបំផុតផងដែរ។
បណ្ដាញទំនាក់ទំនងអន្តរកូរ៉េនាពេលកន្លងមករួមមាន ប្រព័ន្ធទាក់ទងផ្ទាល់រវាងវិមាន Cheong Wa Dae របស់លោក មូន ការិយាល័យលោក គីម នៅឯទីស្នាក់ការបក្សពលករកូរ៉េ, បណ្ដាញទាក់ទងយោធា និងបណ្ដាញទាក់ទងនៅតំបន់គ្មានកងទ័ពជាដើម៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com