ជាតិ
សុខភាព
កម្ពុជា រកឃើញមនុស្សអាយុលើស១០០ឆ្នាំ ចំនួន២៣នាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩
27, Jul 2021 , 10:29 pm        
រូបភាព
 ភ្នំពេញ៖ កម្ពុជា បានរកឃើញមនុស្សដែលមានអាយុចាប់ពី១០០ដល់១០៤ឆ្នាំ ចំនួន២៣នាក់ហើយ ដែលបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

 
គិតត្រឹមថ្ងៃទី២៧កក្កដា ឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់លោកតា-លោកយាយដែលមានអាយុជាង១០០ឆ្នាំ បានចំនួន២៣នាក់។ ចំពោះលោកតា-លោកយាយដែលបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺស្ថិតនៅក្នុងចំណោមពលរដ្ឋសរុបជាង៦,៨លាននាក់​ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅទូទាំងប្រទេស។ 
 


 លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey នាល្ងាចថ្ងៃទី២៧កក្កដា ​ថា ចំពោះលោកតា-លោកយាយមានអាយុលើសពី១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺទទួលថវិកាចំនួន៣លានរៀល ក្នុងម្នាក់ៗ ព្រមទាំងទទួលសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនថែមទៀត។  
 
នៅថ្ងៃទី២៧កក្កដានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រូបនេះ បានយកថវិការបស់សម្តេច ហ៊ុន សែន ទៅប្រគល់ជូនលោកតា-លោកយាយ អាយុជាង១០០ឆ្នាំ ចំនួន៥នាក់ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ៕ 
 

 
 
 
 
 


Tag:
 មនុស្សចាស់
  វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com