អន្តរជាតិ
គណៈរដ្ឋមន្រ្តីថៃ អនុម័តឱ្យប្រើថ្នាំចម្រាញ់ពីស្មៅប្រមាត់មនុស្សព្យាបាលអ្នកជំងឺកូវីដ-១៩
28, Jul 2021 , 2:37 pm        
រូបភាព
គ្រាប់ថ្នាំផលិតចេញពីស្មៅប្រមាត់មនុស្ស។ រូបថត Bangkok Post
គ្រាប់ថ្នាំផលិតចេញពីស្មៅប្រមាត់មនុស្ស។ រូបថត Bangkok Post
គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃទី២៦ ខែកក្កដា បានអនុម័តឱ្យប្រើស្មៅប្រមាត់មនុស្សដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ អាជ្ញាធរថៃអះអាងថា សារធាតុម្យ៉ាងដែលចម្រាញ់ពីស្មៅមួយប្រភេទនេះ មានប្រសិទ្ធភាពក្នុងការទប់ទល់វីរុស បន្ទាប់ពីត្រូវបានប្រើប្រាស់លើអ្នកទោសដែលមានជំងឺកូវីដ-១៩ រួចមក។

 
ស្មៅប្រមាត់មនុស្ស មានសារធាតុ andrographolide ដែលការពារកោសិកាពីវីរុស និងទប់ស្កាត់វីរុសមិនឱ្យបង្កើនបរិមាណក្នុងខ្លួនមនុស្ស។ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ Rachada Dhnadirek បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយគណៈរដ្ឋមន្រ្តីថៃផ្ដល់ភ្លើងបៃតងឱ្យប្រើប្រាស់ថ្នាំផលិតចេញពីស្មៅប្រមាត់មនុស្សដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាល។
 
 
តាមពិតទៅ ថៃ ទទួលជោគជ័យក្នុងការប្រើប្រាស់ថ្នាំនេះលើអ្នកទោសដែលមានផ្ទុកវីរុសបង្កជាជំងឺកូវីដ-១៩ រួចហើយដែរ។ អ្នកនាំពាក្យខាងលើលើកឡើងថា នាយកដ្ឋានកែប្រែ បានឱ្យថ្នាំនេះទៅអ្នកទោសឆ្លងជំងឺនេះចំនួន១១៨០០នាក់ ហើយក្នុងនោះ៩៩,០២ភាគរយ បានសះស្បើយ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
បើតាមក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ អ្នកជំងឺអាចប្រើសារធាតុ andrographolide ចំនួន១៨០មីលីក្រាមក្នុងមួយថ្ងៃ។ ចំណែកនាយកដ្ឋានកែប្រែ ក៏គ្រោងផលិតឱសថនេះឱ្យបានច្រើនដើម្បីបង្កើនការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយផងដែរ។
 
ស្ថានភាពជំងឺកូវីដ-១៩ នៅថៃ នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរដដែល បើទោះជារដ្ឋាភិបាលនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ចាត់វិធានការតឹងរ៉ឹងក្ដី។ នៅថ្ងៃទី២៨ ខែកក្កដា ថៃរាយការណ៍ចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដល់ទៅ១៦,៥៣៣នាក់ឯណោះ ដែលធ្វើឱ្យករណីឆ្លងសរុបមានដល់៥៤៣,៣៦១ករណី។ អ្នកស្លាប់សរុបមាន៤៣៩៧នាក់៕
 
 
 
 
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com