កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ ប្រេស៊ីលប៉ះអារ៉ាប៊ីសាអូឌីត ឯអាហ្សង់ទីនជួបអេស្ប៉ាញនៅជំនួបកាត់សេចក្តី
28, Jul 2021 , 3:29 pm        
រូបភាព
ការប្រកួតវគ្គសន្សំពិន្ទុកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំផ្នែកបុរសនៅអូឡាំពិកតូក្យូឆ្នាំ២០២០ បានឈានដល់ជំនួបចុងក្រោយហើយនៅល្ងាចថ្ងៃទី២៨ ខែកក្កដានេះ។ បារាំងត្រូវប៉ះម្ចាស់ផ្ទះជប៉ុនដែលកក់កៅអីទៅវគ្គបន្តរួចហើយ ខណៈអាហ្សង់ទីនជួបអេស្ប៉ាញ។ ម្ចាស់ការពារជើងឯកប្រេស៊ីលត្រូវប្រជែងជាមួយអារ៉ាប៊ីសាអូឌីត និងជំនួបសំខាន់ផ្សេងទៀតសរុប៨គូ។


ពូល A មានការជួបគ្នារវាងជប៉ុនជាមួយបារាំង និងម៉ិកស៊ិកទល់អាហ្វ្រិកខាងត្បូង។ ក្នុងពូលនេះ ម្ចាស់ផ្ទះជប៉ុនដែលមាន៦ពិន្ទុពេញបានឈានទៅវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈអាហ្វ្រិកខាងត្បូងហាលអាវទៅហើយព្រោះគ្មានពិន្ទុរាប់ក្រោយប្រកួត២លើក។ 
 
ដូច្នេះពូល A មានតែបារាំង និងម៉ិកស៊ិកប៉ុណ្ណោះដែលត្រូវប្រជែងគ្នាយក១ក្រុមឡើងវគ្គបន្ត។ ម៉ិកស៊ិកនៅចំណាត់ថ្នាក់ទី២ ឯបារាំងឈរលេខ៣មាន៣ពិន្ទុដូចគ្នា ខុសតែសំណល់គ្រាប់បាល់ប៉ុណ្ណោះ។
 
ពូល B ជាពូលដែលក្រុមទាំង៤មាន៣ពិន្ទុស្មើគ្នា ហើយត្រូវប្រជែងគ្នាយក២ក្រុមឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ កូរ៉េខាងត្បូងដែលឈរកំពូលតារាងដោយសារមានសំណល់គ្រាប់ស៊ុតល្អជាងគេត្រូវប៉ះហុងឌូរ៉ាស ឯរូម៉ានីជួបនូវែលសេឡង់។
 
ពូល C អាហ្សង់ទីនប៉ះអេស្ប៉ាញ ឯអូស្ត្រាលីជួបអេហ្ស៊ីប។ ក្រុមទាំង៤ សុទ្ធតែនៅមានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយដូចគ្នា ដោយខុសតែភាគរយតិចនិងច្រើនប៉ុណ្ណោះ។ អេស្ប៉ាញឈរកំពូលតារាងមាន៤ពិន្ទុ តាមពីក្រោយដោយអូស្រ្តាលី និងអាហ្សង់ទីនដែលមាន៣ពិន្ទុដូចគ្នា ខណៈអេហ្ស៊ីបនៅបាតតារាងមាន១ពិន្ទុ។
 
ពូល D ម្ចាស់មេដាយមាសប្រេស៊ីលជួបអារ៉ាប៊ីសាអូឌីត ស្របពេលអាល្លឺម៉ង់តទល់ជាមួយកូដឌីវ័រ។ ពូលមានតែ៣ក្រុមប៉ុណ្ណោះដែលសលឱកាសប្រជែងគ្នាយកពីរកៅអីទៅវគ្គបន្ត ខណៈអារ៉ាប៊ីសាអូឌីតសល់ប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។ ប្រេស៊ីលមាន៤ពិន្ទុ ស្មើកូដឌីវ័រតែឈរនៅកំពូលតារាងព្រោះមានសំណល់គ្រាប់បាល់ល្អជាង។ អាល្លឺម៉ង់មាន៣ពិន្ទុ ស្ថិតនៅលេខរៀងទី៣ ឯអារ៉ាប៊ីសាអូឌីតនៅបាតតារាងគ្មានពិន្ទុរាប់។
 
ការប្រកួតចុងក្រោយតាមពូលពី A ដល់ D នឹងធ្វើឡើង ចាប់ពីម៉ោង ៣:០០នាទីរសៀល [ម៉ោងនៅកម្ពជា] នៅថ្ងៃទី២៨ ខែកក្កដា នេះតទៅ៕
 

Tag:
 បាល់ទាត់អូឡាំពិក
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com