កីឡាអន្តរជាតិ
អន្តរជាតិ
រំជួលចិត្ត! បងប្អូនបង្កើតស៊ីរីពីរនាក់លេងតំណាងក្រុមផ្សេងគ្នានៅអូឡាំពិក
28, Jul 2021 , 8:29 pm        
រូបភាព
បងប្អូនបង្កើតជនជាតិស៊ីរី Mohamad Maso និង Alaa Maso ជាអត្តពលិកតំណាងឱ្យក្រុមអូឡាំពិកពីរផ្សេងគ្នានៅតូក្យូឆ្នាំ២០២០។ Mohamad តំណាងឱ្យប្រទេសស៊ីរី ខណៈ Alaa ជាអត្តពលិកតំណាងក្រុមជនភៀសខ្លួន។ ប្រធានផ្នែកទំនាក់ទំនងរបស់សហព័ន្ធកីឡាស៊ីរី សង្វេគចិត្តពេលឃើញបងប្អូនទាំងពីរត្រូវប្រជែងឱ្យក្រុមខុសគ្នា។



Mohamad អាយុ២៨ឆ្នាំ បងប្រុសបង្កើតរបស់ Alaa ជាអត្តពលិកកីឡាទ្រីយ៉ាត្លុង ឯ Alaa អាយុ២១ឆ្នាំជាកីឡាករហែលទឹកវិញ្ញាសាសេរី៥០ម៉ែត្រ តំណាងឱ្យក្រុមអូឡាំពិកជនភៀសខ្លួន។ នៅឯពិធីបើកព្រឹត្តិការណ៍កីឡារដូវក្តៅក្នុងក្រុងតូក្យូ បងប្អូនទាំងពីរបានឱបគ្នា ដោយបង្ហាញក្តីស្រឡាញ់រៀងៗខ្លួន ទោះត្រូវលេងតំណាងក្រុមពីរផ្សេងគ្នា។
 
បងប្អូនទាំងពីបានធំធាត់ឡើងនៅប្រទេសស៊ីរី និងទទួលបានបង្វឹកលើប្រភេទកីឡារៀងខ្លួនដោយឪពុករបស់ពួកគេតាំងពីក្មេងៗ។ ប៉ុន្តែដោយសារសង្គ្រាមរ៉ាំរ៉ៃនៅស៊ីរីទើបធ្វើឱ្យពួកគេត្រូវចាកចេញពីប្រទេស និងនៅបែកគ្នាពីឪពុកម្តាយ។


Alaa Maso តំណាងក្រុមជន់ភាសខ្លួន 
បញ្ហាសង្គ្រាមបានធ្វើឱ្យ Mohamad និង Alaa ចាកចេញពីទីក្រុង Aleppo ប្រទេសស៊ីរីក្នុងឆ្នាំ ២០១៥ ដើម្បីធ្វើដំណើរទៅអឺរ៉ុប និងត្រូវឃ្លាតពីឪពុកម្តាយរបស់ពួកគេតាំងពីពេលនោះមក។ មកទល់ពេលគ្រួសាររបស់ពួកគេនៅតែរស់នៅក្នុងប្រទេសស៊ីរីដដែល។
 
អ្នកទាំងពីរ បានធ្វើដំណើរឆ្លងកាត់ប្រទេសទួកគី ក្រិក ម៉ាសេដ្វាន ស៊ែប៊ី និងអូទ្រីស មុនពេលទៅរស់នៅហូឡង់មួយរយៈ បន្ទាប់មកបានផ្លាស់ទៅអាល្លឺម៉ង់។ យ៉ាងណាក៏ដោយ Mohamad នៅតែជ្រើសរើសប្រទេសកំណើតក្នុងការប្រកួតប្រជែងមេដាយនៅតូក្យូ រីឯ Alaa ជ្រើសយកក្រុមជនភៀសខ្លួន។
 
ដោយមើលឃើញពីសកម្មភាពឱបគ្នារវាងបងប្អូនទាំងពីរនៅឯពិធីបើកការប្រកួតអូឡាំពិកផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា លោក Safwan al-Hindi ប្រធានផ្នែកទំនាក់ទំនងរបស់សហព័ន្ធកីឡាស៊ីរី អះអាងថារូបភាពនោះបានធ្វើឱ្យលោកក្តុកក្តួល។
 
«Mohamad និង Alaa រស់នៅជាមួយគ្នានៅប្រទេសអាល្លឺម៉ង់។ ពួកគេបានទៅដល់ក្រុងតូក្យូជាមួយគ្នា ប៉ុន្តែពួកគេត្រូវលេងឱ្យក្រុមពីរផ្សេងគ្នាទៅវិញ។ នេះមិនមែនជារឿងសាមញ្ញនោះទេសម្រាប់បងប្អូនគេទាំងពីរដែលជាជាតិសាសន៍តែមួយ តែត្រូវប្រជែងឱ្យប្រទេសពីរផ្សេងគ្នា»។ នេះជាការបញ្ជាក់របស់លោក Al-Hindi៕


Mohamad Maso អត្តពលិកតំណាងក្រុមស៊ីរី 

Tag:
 Olympic
© រក្សាសិទ្ធិដោយ thmeythmey.com