ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ខួប​៣​ឆ្នាំ​នៃ​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត លោក ហ៊ុន ម៉ា​នី អរគុណ​អ្នកបោះឆ្នោត​
28, Jul 2021 , 9:27 pm        
រូបភាព
ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ដោយ​ទទួលបាន​អាសនៈ​រដ្ឋសភា​ទាំង​១២៥​។ ឆ្នាំ​ទី​៣​នៃ​នីតិកាល​ទី​៦​នេះ លោក ហ៊ុន ម៉ា​នី ដែលជា​កម្មាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​អរគុណ​ដល់​អ្នកគាំទ្រ​ផង និង​បង្ហាញ​ពី​ការទទួលខុសត្រូវ របស់​គណបក្ស​លោក​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។​

 
​ជា​សមាជិក​នៃ​គណៈកម្មការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​អរគុណ​អ្នកបោះឆ្នោត​៧៦​ភាគរយ ដែល​បាន​គាំទ្រ​គណបក្ស​គណបក្ស​លោក នៅក្នុង​សម័យ​បោះឆ្នោត​នីតិកាល​ទី​៦ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ អ្នកនយោបាយ​បន្តវេន​បានចាត់ទុក​ការផ្តល់​សេចក្តីទុកចិត្ត​ពី​អ្នកបោះឆ្នោត​ទាំងនោះ ថា​ជាការ​ផ្តល់​យុត្តិធម៌ និង​ការលើកទឹកចិត្ត​ដល់​មេដឹកនាំ​របស់ខ្លួន ដែល​លះបង់ និង​ស្វែងរក​សន្តិភាព​ពេញលេញ​ដល់​ប្រទេស​កម្ពុជា​។ លោក ម៉ា​នី បាន​សរសេរ​សារ​ទាំងនោះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដើម្បី​រម្លឹក​ខួប​៣​ឆ្នាំ នៃ​ជ័យជម្នះ​របស់​គណបក្ស​លោក​ក្នុង​នីតិកាល​ទី​៦​នេះ​។​
 
​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បានលើកឡើង​ផងដែរ​ថា​គណបក្ស​រប​ស់លោក ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល កំពុងតែបន្ត​បម្រើប្រជាជន ពិសេស​ក្នុង​ដំណាក់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​គ្រោះថ្នាក់​នេះ​។ 
 
​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​តាំងពី​ពេល​ចាប់ផ្តើម​ដំបូង​នៃ​ការផ្ទុះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​ការដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់​ជាប់​ជាប្រចាំ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បានចាត់ទុក​សុខុមាលភាព សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព​ខ្ពស់បំផុត​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ដែលមាន​ការងារ​ទទួល​រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​នេះ ជាពិសេស កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​អ្នក​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​ដែល​ប៉ះពាល់​ធ្ងន់ បានទទួល​នូវ​ការឧបត្ថម្ភ​សាច់ប្រាក់ ជា​បន្ត​បន្ទាប់ពី​រាជរដ្ឋាភិបាល បើទោះបីជា​មិន​ស្មើនឹង​ចំណូល​ដែល​ពួកគាត់​រកបាន​មុនពេល​មាន​ជំងឺ​កូ​វីដ ១៩ ក្តី តែ​នេះ​ជាការ​រួមចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​ពួកគាត់​។​»​។​
 
​តំណាងរាស្ត្រ ម៉ា​នី បានបញ្ជាក់​ផងដែរ​ថា កម្ពុជា​ក៏បាន​បង្កើត​កំណត់ត្រា​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន ដែល​មកទល់ពេលនេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដែលមាន​ប្រភពពី​ប្រទេស​ផ្សេងៗ​លើ​សកលលោក សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​យ៉ាងតិច ១០ លាន​នាក់​។​
 
«​ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា​បាន និង​កំពុង​ទទួល​ជា​បន្តបន្ទាប់ និង​កំពុង​ត្រៀម​បញ្ជូនមក អាច​ធានាបាន​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន និង​ដោយ​គ្មាន​ការបារម្ភ​ពី​បញ្ហា​ខ្វះ​វ៉ាក់សាំង​ចាក់​នោះទេ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់ ដែល​អាច​អនុញ្ញាតឱ្យ​កម្ពុជា​មានលទ្ធភាព ផ្តល់​ខែល​ការពារ​ដល់​ប្រជាពលរដ្ឋ​ខ្លួន បញ្ចៀស​បាន​នូវ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​បរទេស​ដទៃទៀត​ដែល​បាន​សន្យា​នូវ​ការបរិច្ចាក​វ៉ាក់សាំង​បង្ការ​កូ​វីដ ១៩ ទោះ​តាម​យន្តការ​ទ្វេរ​ភាគី ឬ​ទាំង​យន្តការ Covax ក្តី ហើយ​យើង​សង្ឃឹមថា​យើង​នឹង​ទទួលបាន​វ៉ាក់សាំង​នេះ​ក្នុង​ដៃ​ដើម្បី​អាច​បន្ត​ការចាក់​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​។​»​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក ហ៊ុន ម៉ា​នី​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com