ជាតិ
សង្គមជាតិ
មនុស្សចាស់វ័យលើស១០០ឆ្នាំ ចំនួន៣២នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩
29, Jul 2021 , 7:59 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់អំណោយ និងទឹកប្រាក់ចំនួន៣លានរៀលជូនទៅលោកយាយម្នាក់ដែលមានអាយុលើស១០០ឆ្នាំដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្ត។ រូបភាពពីក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់អំណោយ និងទឹកប្រាក់ចំនួន៣លានរៀលជូនទៅលោកយាយម្នាក់ដែលមានអាយុលើស១០០ឆ្នាំដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្ត។ រូបភាពពីក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញមនុស្សចាស់អាយុលើស១០០ឆ្នាំ ចំនួន៣២នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ 

 
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនំាពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងប្រតិបត្តិការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរយៈពេល៥ខែមកនេះ គឺមានមនុស្សចាស់អាយុចាប់ពី១០០ឆ្នាំ ទៅ១១៣ឆ្នាំ ចំនួន៣២នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។ 
 
ដើម្បីលើកទឹកចិត្តដល់មនុស្សចាស់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងសុខាភិបាលបានពាំនាំថវិកា៣លានរៀល និងអំណោយមួយចំនួនរបស់រដ្ឋាភិបាល ជូនទៅមនុស្សចាស់២៣នាក់ហើយ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានបន្ថែមថា មនុស្សចាស់វ័យពី១០០ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំង នឹងទទួលបានអំណោយពីរដ្ឋាភិបាល។
 
របាយការណ៍ជំរឿនឆ្នាំ២០១៩បានបង្ហាញថា នៅកម្ពុជាមានមនុស្សអាយុចាប់ពី៦០ឆ្នាំឡើងទៅចំនួនជាង១,៣លាននាក់ ឬស្មើនឹង៨,៩ភាគរយ ក្នុងនោះស្រីចំនួនជាង៨សែននាក់។ បើតាមរបាយការណ៍ដដែល ក្នុងចំណោមមនុស្សចាស់អាយុ៦០ឆ្នាំឡើងទៅចំនួន១,៣លាននាក់ គឺ មនុស្សចាស់នៅទីប្រជុំជនមាន៨,២ភាគរយ ចំណែកមនុស្សចាស់នៅទីជនបទមានចំនួន៩,៣ភាគរយ។ 
 
គិតត្រឹមថ្ងៃទី២៩ ខែកក្កដា កម្ពុជាមានពលរដ្ឋចំនួនជាង៧លាននាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នៅម្ជុលទី១ ឬស្មើនឹង៧០,៤៤ភាគរយ។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ជាង៧លាននាក់នោះ គឺមានជាង៤,៦លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ទាំង២ដូស។ 
 
បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង១៧លានដូសហើយសម្រាប់ចាក់ជូនពលរដ្ឋ។ ចំណែកវ៉ាក់សំាងកូវីដ-១៩ប្រភេទJohnson &Johnson ចំនួនជាង១លានដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នឹងមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា។ ថ្មីៗនេះរដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន៤១,៥ម៉ឺនដូសមកកម្ពុជាផងដែរ៕ 
 
 

Tag:
 មនុស្សចាស់
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com