ជាតិ
សេដ្ឋកិច្ច
លោក អុន សីហា អាចផ្គត់ផ្គង់បន្លែ «ប្រភេទបណ្តុះ» ជិត១០មុខ ឱ្យផ្សារទំនើប រាល់ថ្ងៃ
29, Jul 2021 , 9:29 pm        
រូបភាព
លោក អុន សីហា ម្ចាស់អាជីកម្មទីក្រុងបណ្តុះ
លោក អុន សីហា ម្ចាស់អាជីកម្មទីក្រុងបណ្តុះ
ភ្នំពេញ៖ ជាង៧ឆ្នាំមកហើយ ដែលលោក អុន សីហា បានផ្គត់ផ្គង់បន្លែប្រភេទបណ្តុះ ពីចំនួន ៧ទៅ៨មុខ ឱ្យទីផ្សារទំនើបនានា នៅរាជធានីភ្នំពេញ។ ជាមធ្យមក្នុងមួយថ្ងៃៗ លោក  សីហា អាចផ្គត់ផ្គង់បន្លែប្រភេទបណ្តុះ ឱ្យទីផ្សារទំនើបបានពី៣០០ទៅ៣៥០ប្រអប់ ជាមួយនឹងតម្លៃ ចាប់ពី៥,៨០០រៀលឡើង។

 
ដើម្បីជ្រាបច្បាស់សូមស្តាប់បទសម្ភាសរវាងកញ្ញា អ៊ូ សុខមាននៃសារព័ត៌មានថ្មីៗ ជាមួយលោក អុន សីហា ម្ចាស់អាជីវកម្មទីក្រុងបណ្តុះ ខាងក្រោមតទៅ៖  





 
ប្រភេទបន្លែបណ្តុះ ដែលលោក អុន សីហា កំពុងផ្គត់ផ្គង់ឱ្យគ្រប់ទីផ្សារទំនើបនៅភ្នំពេញសព្វថ្ងៃនេះ មានពពួកត្រកួនបណ្តុះ, ពពួកស្ពៃបណ្តុះ, ល្ងខ្មៅបណ្តុះ, ពពួកឆៃថាវបណ្តុះ, គ្រាប់ផ្កាឈូករ័ត្នបណ្តុះ, ពពួកសាសាដបណ្តុះ និងមានពពួកគ្រាប់សណ្តែកបណ្តុះ...ជាដើម។
 
ក្តីស្រលាញ់ និងការមើលឃើញពីឱកាសនៃតម្រូវការទីផ្សារ រួមទាំងការយល់ដឹងពីអត្ថប្រយោជន៍នៃប្រភេទបន្លែបណ្តុះចំពោះសុខភាពមនុស្ស ក៏បានជំរុញឱ្យលោក  សីហា សម្រេចបង្កើតអាជីវកម្មលក់ប្រភេទបន្លែបណ្តុះនេះ ដែលមានឈ្មោះថា«ទីក្រុងបណ្តុះ»តាំងពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន។ 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey លោក អុន សីហា បាននិយាយដូច្នេះ៖« ប្រភេទបន្លែបណ្តុះនេះ គឺមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព បើប្រៀបធៀបជាមួយផ្លែឈើនិងបន្លែទូទៅ»។ 


 
ម្ចាស់អាជីវកម្មទីក្រុងបណ្តុះដែលបានបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្រ្តកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្មរូបនេះ បានបន្តបញ្ជាក់ថា ៖«បន្លែប្រភេទបណ្តុះនេះ មានវីតាមីន ឬសារធាតុចិញ្ចឹមរាងកាយរបស់មនុស្សយើងហ្នឹងច្រើនជាង ប្រភេទបន្លែទូទៅ ពី៧ ទៅ៨ដង ឯណ្ណោះ»។ 
 
បច្ចុប្បន្ន អាជីវកម្មទីក្រុងបន្លែរបស់លោក អុន សីហា អាចផ្គត់ផ្គង់ប្រភេទបណ្តុះឱ្យអតិថិជន បានពី៣០០ទៅ៣៥០ប្រអប់ ជារៀងរាល់ថ្ងៃ។ ប្រភេទបន្លែបណ្តុះរបស់លោក សីហា មានតម្លៃពី ៥,៨០០រៀល ដល់១០,០០០រៀល ក្នុងមួយប្រអប់ ដោយអាស្រ័យទៅលើទម្ងន់ និងប្រភេទបន្លែបណ្តុះនីមួយៗ។ នេះបើតាមលោក អុន សីហា៕ 


 ប្រភេទបន្លែបណ្តុះ របស់លោក សីហា កំពុងដាក់លើនៅទីផ្សារទំនើបមួយក្នុងកន្លែង នៅរាជធានីភ្នំពេញ។ 
 
 
 
 
 
 
 
 
 

Tag:
 កសិកម្ម
  អាជីវកម្ម
  ទីក្រុងបណ្តុះ
  លោក អុន សីហា
© រក្សាសិទ្ធិដោយ thmeythmey.com