ជាតិ
មន្រី្តជាន់ខ្ពស់៖ ផលិតផលពិត និងក្លែងក្លាយ កាន់តែពិបាកបែងចែក ដោយសារបច្ចេកវិទ្យាជឿនលឿន
29, Jul 2021 , 9:59 pm        
រូបភាព
លោក តាន់ សុខ វិជ្ជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(កណ្ដាល)។ (រូបពី គ.ប.ផ.ក)
លោក តាន់ សុខ វិជ្ជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(កណ្ដាល)។ (រូបពី គ.ប.ផ.ក)
ភ្នំពេញ៖ មន្រី្តជាន់ខ្ពស់នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)ថា ការក្លែងបន្លំផលិតផលទំនិញ មានគ្រប់រូបភាព ពិសេសក្នុងពេលបច្ចេកវិទ្យាកាន់តែជឿនលឿន ដែលនាំឲ្យពិបាកទប់ស្កាត់។ សូម្បីសមត្ថកិច្ច ក៏ពិបាកនឹងបែងចែកថា ផលិតផលមួយណាពិត ឬមួយក្លែងក្លាយដែរ។

 
លោក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើឡើងថា ការក្លែងបន្លំផលិតផល ជាបញ្ហាជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ ថ្លែងក្នុងសិក្ខាសាលាមន្រ្តីអនុវត្តច្បាប់ស្ដីពីការកត់សម្គាល់អត្តសញ្ញាណផលិតផលពិតនិងក្លែងក្លាយ កាលពីថ្ងៃទី២៧ កក្កដា លោកបន្ថែមថា បញ្ហានេះ បានធ្វើឲ្យខាតបង់ប្រយោជន៍ជាច្រើន លើបណ្ដាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអ្នកប្រើប្រាស់។ 
 
«ទម្រង់នៃការក្លែងបន្លំផលិតផលទំនិញ មានគ្រប់សណ្ឋាននិងរូបភាព ដែលពេលខ្លះធ្វើឲ្យសមត្ថកិច្ចអនុវត្តច្បាប់ មានការពិបាកក្នុងការកត់សម្គាល់ រួមផ្សំជាមួយកត្តាបច្ចេកវិទ្យាជឿនលឿន ។ ការក្លែងបន្លំរវាងផលិតផលពិត និងផលិតក្លែងក្លាយកាន់តែពិបាក ក្នុងការធ្វើការកំណត់និងបែងចែក»។ នេះបើតាមគ.ប.ផ.ក ដែលបានស្រង់សម្តីលោក សុខវិជ្ជា។ 
 
ប្រធានលេខាធិការដ្ឋាននៃ គ.ប.ផ.ក ជំរុញឲ្យក្រុមជំនាញទាំងអស់ ត្រូវខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ ជាពិសេសបញ្ហាឱសថ និងផលិតផលវេជ្ជសាស្ត្រក្លែងក្លាយ រួមទាំងចំណីអាហារខូចគុណភាព ឬផ្ទុកសារធាតុគីមី ,ការលួចចំលងផលិតផល ,ការរំលោភកម្មសិទ្ធិបញ្ញា និងសម្ភារៈប្រើប្រាស់ក្លែងក្លាយ គឺសុទ្ធសឹងតែប៉ះពាល់ដល់សុខភាព អាយុជីវិតប្រជាជន។ កន្លងមក គ.ប.ផ.ក បានទប់ស្កាត់និងបង្រ្កាបជាហូរហែ ពាក់ព័ន្ធផលិតផលក្លែងក្លាយរួមមាន ផលិតផលប្រើប្រាស់ ផលិតផលចំណីអាហារ ផលិតផលបរិក្ខា និងថ្នាំពេទ្យជាដើម៕  
 

Tag:
 ផលិតផលក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com