COVID-19
ជាតិ
COVID-19៖ករណី​ថ្មី​ ៦៦៨ នាក់ ជាសះស្បើយ​៨១២នាក់ និង​ស្លាប់ ២៥នាក់​
30, Jul 2021 , 11:48 am        
រូបភាព
រូបថត៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
រូបថត៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
​មនុស្ស​ចំនួន ៦៦៨ ​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ដែលជាចំនួនឆ្លងតិចបំផុត ចាប់តាំងពីដើមខែកក្កដាមក។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន២៤០នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៨១២​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ២៥នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣០ ខែកក្កដា​នេះ​។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧៦.៥៨៥ នាក់ ក្នុងនោះ ១០.២៨៩​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៦៩.១៩៨ នាក់ និង​ស្លាប់​សរុប ១.៣៧៥​នាក់​។

ដ្បិតថា នៅថ្ងៃទី២៩ ខែកក្កដា ចំនួនឆ្លងប្រចាំថ្ងៃមានចំនួនតិចជាងគេ ក្នុងរយៈប្រមាណ១ខែចុងក្រោយនេះ ប៉ុន្តែវានៅតែចំនួនដ៏ខ្ពស់មួយ ខណៈអ្នកជំងឺនៅព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលនានានៅចំនួនច្រើនដែរ។ ឆ្លើយតបនឹងករណីនេះ នៅថ្ងៃទី២៩ ខែកក្កដា ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យខេត្តចំនួន២៣ អាច​ដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគញមានរោគសញ្ញា ព្យាបាលនៅតាមផ្ទះបាន។ ខេត្តទាំងនោះ មានខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និងខេត្តស្វាយរៀង។ ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានប្រកាសមុនគេចំពោះការដាក់ឱ្យអ្នកជំងឺកម្រិតស្រាលអាចព្យាយាមតាមផ្ទះ ខណៈនៅសល់តែខេត្តកណ្តាលមួយប៉ុណ្ណោះ ដែលមិនទាន់មានការអនុញ្ញាត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com