ជាតិ
សង្គមជាតិ
មនុស្ស៧នាក់ស្លាប់ ដោយសារពុលស្រា នៅស្រុកឈូក ខេត្តកំពត
30, Jul 2021 , 2:30 pm        
រូបភាព
រូបភាពពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ
រូបភាពពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ
មនុស្សចំនួន៧នាក់បានស្លាប់ ដោយសារករណីពុលស្រានៅស្រុកឈូក ខេត្តកំពត ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ខណៈមនុស្ស២៤នាក់ទៀតបានរួចជីវិត។ ក្រោយករណីនេះ អាជ្ញាធរ បានបញ្ជូនមនុស្ស២នាក់ ដែលជាបិតស្រា និងអ្នកលក់បន្តទៅតុលាការ។ សូមបញ្ជាក់ថា ចន្លោះខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២១នេះ មានករណីពុលស្រា៣លើក កើឡើងក្នុងខេត្តកំពត ដែលបានបណ្តាលឱ្យមនុស្សស្លាប់សរុប២៦នាក់។

 
មនុស្សចំនួន៧នាក់បានស្លាប់ ដោយសារករណីពុលស្រានៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមលោក ហេង ចន្ថា ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។ 
 
លោក ហេង ចន្ថា បានបញ្ជាក់ទៀតថា អ្នកស្លាប់ភាគច្រើនជាបុរស ហើយពួកគេស្ថិតក្នុងចំណោមអ្នកពាក់ព័ន្ធសរុប៣១នាក់ ដែលបានជួបជុំផឹកស្រា ក្នុងពិធីបុណ្យសពមួយ ដែលប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកក្កដា។ បើតាមលោក ហេង ចន្ថា ជនរងគ្រោះ ទាំង៣១នាក់ សុទ្ធជាអ្នករស់នៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ហើយមានមនុស្ស២៤នាក់ទៀត បានធូរស្រាល និងចាកចេញពីមន្ទីរពេទ្យហើយ។
 
ទាក់ទងនឹងករណីពុលស្រានៅស្រុកឈូកនេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា អាជ្ញាធររកឃើញ និងបញ្ជូនអ្នកបិតស្រា និងអ្នកផលិតថា ចំនួន២នាក់ទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ហើយ។
 
«ខ្ញុំបញ្ជូនទៅតុលាការហើយ គឺចំនួន២នាក់ ដែលជាអ្នកបិតស្រាម្នាក់ និងអ្នកដែលទិញយកទៅលក់បន្តម្នាក់ ដោយគាត់ទិញយកមកលាយ(សារធាតុមេតាណុល)ដោយខ្លួនឯងបន្ថែមទៀតដែលធ្វើឲ្យពុល។ ប្រសិនអ្នកដែលទិញយកមកលក់បន្ត គាត់អត់មានលាយថ្នាំ លាយអីបន្ថែមទៀតទេ គឺអត់មានពាក់ព័ន្ធទេ។ គឺពាក់ព័ន្ធតែអ្នកផលិតទេ»។ នេះបើតាមលោកស្នងការនគរបាលខេត្តកំពត ដោយបញ្ជាក់ថា អាជ្ញាធរ ក៏កំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធម្នាក់ទៀតដែលបានរត់គេចពីហេតុការណ៍នេះ។ 


 រូបភាពពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  

បើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ កន្លងមកអភិបាលខេត្ត បានចេញសេចក្តីណែនាំ ហាមឃាត់ និងចាត់វិធានការលើការផលិតស្រា និងលក់ស្រា ដែលផលិតមិនត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពដែរ ប៉ុន្តែនៅតែមានម្ចាស់អាជីវកម្មបិតស្រា និងផលិតស្រាមួយចំនួនបំពានបម្រាមនេះទៀត។ 
 
សូមបញ្ជាក់ថា នៅចន្លោះខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២១នេះ មានករណីពុលស្រាចំនួន៣លើក ក្នុងខេត្តកំពត។ លើកទី១ និងទី២ គឺកើតឡើងនៅស្រុកកំពង់ត្រាច ដែលបណ្តាលឲ្យមនុស្សចំនួន១៩នាក់ស្លាប់ ហើយលើកទី៣នៅស្រុកឈូកនេះ ធ្វើឱ្យមនុស្ស៧នាក់ទៀតស្លាប់។
 
មិនមែនមានតែពលរដ្ឋនៅក្នុងខេត្តកំពតនោះទេ ដែលបានស្លាប់ និងត្រូវចូលពេទ្យដោយសារតែការពុលស្រានេះ។ កាលនៅខែឧសភា ឆ្នាំ២០២១ ករណីពុលស្រា ក៏កើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល ដោយកាលណោះមានមនុស្ស១៣នាក់បានស្លាប់។ កាលពីដើមខែមិថុនា ករណីពុលស្រានេះ ក៏កើតឡើងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបណ្តាលឱ្យ១០នាក់ស្លាប់បាត់បង់ជីវិតដែរ៕
 
 
អត្ថបទទាក់ទង
 
 
 
 

Tag:
 ពុលស្រា
  ហេង ចន្ថា
  ម៉ៅ ច័ន្ទមធុរិទ្ធ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com