ជាតិ
លោក ខៀវ កាញារីទ្ធ៖ អ្នកកាសែត កុំក្បត់វិជ្ជាជីវៈ និងក្រមសីលធម៌ខ្លួន ដើម្បីក្រពះ
30, Jul 2021 , 7:59 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មានក្នុងកិច្ចភាក្សាអ្នកសារព័ត៌មានស្តីពី ក្រមសីលធម៌នៅពេលផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុកថ្ងៃទី២៩កក្កដា ឆ្នាំ២០២១។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មានក្នុងកិច្ចភាក្សាអ្នកសារព័ត៌មានស្តីពី ក្រមសីលធម៌នៅពេលផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុកថ្ងៃទី២៩កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន អំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ពិសេសគោរពក្រមសីលធម៌។ លោកសង្កត់ធ្ងន់ថា កុំដើម្បីរកចំណូល រំលោភវិជ្ជាជីវៈនិងក្រមសីលធម៌។


នៅក្នុងកិច្ចពិភាក្សាអ្នកសារព័ត៌មានស្តីពី «ក្រមសីលធម៌នៅពេលផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃទី២៩កក្កដានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មានជាអំណាចទីបួន ហើយអ្នកសារព័ត៌មានទាំងអស់ ត្រូវពង្រឹងនិងបង្កើនទំនួលខុសត្រូវ នៅលើព័ត៌មានដែលផ្សាយតាមវិជ្ជាជីវៈ។ រដ្ឋមន្រី្តបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីឲ្យវិស័យសារព័ត៌មានរីកចម្រើន និងមានការទទួលស្គាល់ពីសង្គមកាន់តែខ្ពស់។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្នើអ្នកសារព័ត៌មានមួយចំនួន កុំយកលេសខ្វះខាតថវិកា ឬដើម្បីក្រពះ បំពេញការងារខុសក្រមសីលធម៌។ 
 
«កុំយកមតិដើម្បីក្រពះ ខ្ញុំធ្វើយ៉ាងម៉េចឲ្យមានអ្នក Like និងមើលច្រើន វាខុស»។ នេះបើតាមការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ដែលបន្ថែមថា ក្រសួងព័ត៌មាន មិនមែនជាតុលាការ និងនគរបាលយុត្តិធម៌ឡើយ។ 
 
បើតាមលោក កាញារីទ្ធ អ្នកសារព័ត៌មានមិនអាចជាប់ពន្ធនាគារ ព្រោះតែការបញ្ចេញមតិ និងការបំពេញការងារតាមវិជ្ជាជីវៈឡើយ។ ប៉ុន្តែបើការនិយាយនោះ ប៉ះពាល់សិទ្ធិបុគ្គលណាម្នាក់ វា គឺខុសផ្នែកសីលធម៌ ហើយវាក៏មិនមែនជាការបញ្ចេញមតិទេ។
 
ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី ក៏ប្រាប់ឲ្យអ្នកសារព័ត៌មាន ត្រូវយល់ដឹងពីសិទ្ធិឯកជនអ្នកដទៃផង ព្រោះពលរដ្ឋក៏អាចមានសិទ្ធិប្ដឹងអ្នកសារព័ត៌មាន ដែលរំលោភសិទ្ធិឯកជនភាពពួកគេដែរ៕
 

Tag:
 ក្រមសីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com