ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកជំនិតលោក កឹម សុខា ចាត់ទុកព័ត៌មានដែលកញ្ញា កឹម មនោវិទ្យា ចង់បង្កើតបក្ស ជា «ការប្រឌិត»
30, Jul 2021 , 8:59 pm        
រូបភាព
លោក កឹម សុខា កាលនៅជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់លោក ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និង អ្នកគាំទ្រ នាំគ្នាធ្វើបាតុកម្មក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៣  ដើម្បីទាមទារឲ្យកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលកាលបោះឆ្នោតថ្នាក់ជាតិនៅពេលនោះ ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣។ រូបពី AFP
លោក កឹម សុខា កាលនៅជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់លោក ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និង អ្នកគាំទ្រ នាំគ្នាធ្វើបាតុកម្មក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលកាលបោះឆ្នោតថ្នាក់ជាតិនៅពេលនោះ ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣។ រូបពី AFP
មេធាវី ធ្លាប់ការពារក្តីឲ្យលោក កឹម សុខា បង្ហើបជាសាធារណៈថា កូនស្រីរបស់លោក កឹម សុខា ចង់បង្កើតគណបក្សថ្មី។ តែមនុស្សជំនិតរបស់លោក កឹម សុខា ហៅថាជាការប្រឌិត។



អ្នកកាសែត និងសាធារណជន កំពុងតាមដាន និងចង់ដឹងថា តើកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា នឹងបង្កើតគណបក្សថ្មីពិតមែន ឬក៏អត់? លោក ផាន់ ច័ន្ទសាក់ មេធាវីម្នាក់ ដែលធ្លាប់ការពារក្តីឲ្យលោក កឹម សុខា ជាមនុស្សមុនគេ ដែលបង្ហើបព័ត៌មាន ដល់សារព័ត៌មានក្នុងស្រុកថា កញ្ញា កឹម មនោវិទ្យា ចង់វិលចូលកម្ពុជា ដើម្បីសុំសិទ្ធិនយោបាយវិញ និងចង់បង្កើតគណបក្សថ្មី។  
 
លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា មិនចង់បកស្រាយអ្វីច្រើន ជុំវិញព័ត៌មានដែលកញ្ញា កឹម មនោវិទ្យា ចង់បង្កើតគណបក្សថ្មី ឬមិនបង្កើតឡើយ ដោយលោក លើកហេតុផលថា លោក មិនដែលបានដឹងឮពីរឿងនេះទេ។ មិនថាកញ្ញា កឹម មនោវិទ្យា បង្កើតគណបក្សថ្មីពិតមែន ឬមិនបង្កើតនោះទេ លោក ចាត់ទុកថាជាសិទ្ធិរបស់បុគ្គល។
 
ប៉ុន្តែ សម្រាប់លោក ព័ត៌មាន ដែលថា កញ្ញា កឹម មនោវិទ្យា ចង់បង្កើតគណបក្សថ្មី គឺមិនពិតច្រើនជាងពិត។ មនុស្សជំនិតរបស់លោក កឹម សុខា រូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ថា៖«បើលោក ជឿលើលោកមេធាវី ផាន់ ច័ន្ទសាក់ ក៏ជឿទៅ។ តែខ្ញុំ ជឿថា ជាព័ត៌មានប្រឌិត និងលាបពណ៌ច្រើនជាង។ លោក ទៅមើលហ្វេសប៊ុកគាត់ទៅដឹងហើយថា ប៉ុន្មានខែនេះ គាត់ វាយប្រហារខាងណា»។ 
 
លោកមេធាវី ផាន់ ច័ន្ទសាក់ បានឈប់ការពារក្តីឲ្យលោក កឹម សុខាហើយ ហើយលោក គឺជាមន្រ្តីនៃគណបក្សកែទម្រង់កម្ពុជា។ លោក គឺស្ថាបនិកម្នាក់ ដែលចូលរួមពិភាក្សាជាមួយលោក អ៊ូ ច័ន្ទរ័ត្ន និងអតីតមន្រ្តីជាន់ខ្ពស់ផ្សេងទៀតនៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណបក្សកែទម្រង់កម្ពុជាឡើង។ 
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោកមេធាវី ផាន់ ច័ន្ទសាក់ ទម្លាយថា ប្រមាណជាមួយខែមុន (ទំនងជាក្នុងអំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២១) កញ្ញា កឹម មនោវិទ្យា បានជួបជុំអ្នកគាំទ្រនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយជាថវិកា។ លោក អះអាងថា កញ្ញា ស្វែងរកជំនួយជាថវិកា គឺដើម្បីអាចវិលចូលកម្ពុជាសុំសិទ្ធិនយោបាយឡើងវិញ និងបង្កើតគណបក្សថ្មី នៅចុងឆ្នាំ២០២១ ឬនៅដើមឆ្នាំ២០២២។ 
 
លោកមេធាវី បន្តថា ដោយសារតែទទួលបានថវិកាតិច ទើបគម្រោងនៃការបង្កើតគណបក្សថ្មីរបស់កញ្ញា កឹម មនោវិទ្យា ត្រូវផ្អាកសិន។ ព័ត៌មានអំពីការជួបជុំរវាងកញ្ញា កឹម មនោវិទ្យា និងអ្នកគាំទ្រនៅទីក្រុងឡុងប៊ិច គឺលោក ប្រាប់ថា លោក ទទួលបានពីសកម្មជន។ លោក បញ្ជាក់ថា៖«យើង មានសកម្មជនរបស់យើង បានចូលរួមនៅទីនោះ»។ 
 
ចំពោះគណបក្សថ្មី ក្រោមស្នាដៃរបស់កញ្ញា កឹម មនោវិទ្យា អាចកើតឡើងពិតប្រាកដឬក៏អត់នោះ លោកមេធាវី មិនអាចសន្និដ្ឋានឲ្យច្បាស់មួយរយភាគរយឡើយ ដោយលោក គ្រាន់តែលើកឡើងថា អ្វីៗ គឺអាស្រ័យលើស្ថានភាពជាក់ស្តែង។ យ៉ាងណា លោក យល់ថា អតីតគណបក្សសង្រ្គោះជាតិ មិនអាចរស់ឡើងវិញទេ ដូច្នេះអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនអាចបន្តរង់ចាំគណបក្សនេះទៀតឡើយ ដោយត្រូវតែស្វែងរកមធ្យោបាយថ្មី ពោលគឺ ការបង្កើតគណបក្សថ្មី។ លោក បង្ហាញគំនិតផ្ទាល់ខ្លួនថា៖«ជម្រើស មានតែមួយ គឺកញ្ញា កឹម មនោវិទ្យា សុំសិទ្ធិនយោបាយ ហើយបង្កើតគណបក្សថ្មី»។  
 
ដោយមិនលាក់លៀម លោកមេធាវីរូបនេះ ថែមទាំងបង្ហើបទៀតថា តាមពិតទៅ លោក កឹម សុខា និង កញ្ញា កឹម មនោវិទ្យា ធ្លាប់មានបំណងបង្កើតគណបក្សថ្មី តាំងឆ្នាំ២០១៨មកម្ល៉េះ ដោយពេលនោះ លោក កឹម សុខា នៅជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងជិតព្រំដែនកម្ពុជា-វៀតណាមនៅឡើយ តែមិនបានសម្រេច។ លោក អធិប្បាយថា ខ្លួនលោក ក៏ជាមនុស្សម្នាក់ ដែលស្ថិតក្នុងការពិភាក្សាពីការបង្កើតគណបក្សថ្មី កាលពីឆ្នាំ២០១៨ដែរ។ លោក ថ្លែងថា៖«មានទាំងឈ្មោះគណបក្សទៀត តែខ្ញុំ មិនបង្ហើបទេ»។ 
 
សារព័ត៌មានថ្មីៗ បានផ្ញើសំណួរទៅកាន់កញ្ញា កឹម មនោវិទ្យា ដែលកំពុងរស់នៅឯក្រៅប្រទេស តាមអ៊ីមែល (Gmail) តែកញ្ញា មិនទាន់ឆ្លើយតប។ សារព័ត៌មានថ្មីៗ ក៏បានព្យាយាមហៅទូរស័ព្ទទៅកញ្ញាផ្ទាល់ដែរ តែគ្មានការទទួល។ ម្យ៉ាងទៀត គេ មិនទាន់ឃើញកញ្ញា ចេញបកស្រាយពីរឿងបង្កើតគណបក្សថ្មីនេះ ជាមួយសារព័ត៌មានណាមួយ ឬតាមបណ្តាញសង្គមរបស់កញ្ញាឡើយ។ 
 
កាលពីអតីតគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានរំលាយ កញ្ញា កឹម មនោវិទ្យា មានឋានៈជាអគ្គនាយករងនៃកិច្ចការទំនាក់ទំនងសាធារណៈ។ ចាប់តាំងពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានតុលាការកំពូល រំលាយចោល កាលពីចុងឆ្នាំ២០១៧ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២១នេះ អតីតថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងនេះ បានចេញទៅបង្កើតគណបក្សថ្មីរៀងៗខ្លួនយ៉ាងហោចចំនួនប្រាំហើយ។ 
 
គណបក្សថ្មីទាំងនោះ រួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ គណបក្សខ្មែរអភិរក្ស និង គណបក្សខ្មែរស្រឡាញ់ជាតិ។ ដោយឡែក លោក គង់ គាំ ដែលជាមនុស្សស្និទ្ធរបស់លោក សម រង្ស៊ី បានទៅជ្រោមជ្រែងលោក គង់ មុនីកា ជាកូនប្រុសពៅរបស់លោក បង្កើតបានគណបក្សមួយដែរ គឺគណបក្សឆន្ទៈខ្មែរ។  
 
គណបក្សថ្មី ដែលគេ កំពុងតាមមើលច្រើននោះ គឺគណបក្សកែទម្រង់កម្ពុជា និង គណបក្សកម្ពុជានិយម ដ្បិតថា គណបក្សកែទម្រង់កម្ពុជា ដឹកនាំដោយលោក ប៉ុល ហំម និងគណបក្សកម្ពុជានិយម ដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ ដែលលោកទាំងពីរ គឺជាមនុស្សជំនិត ឬអាចចាត់ទុកជាដៃស្តាំងដៃឆ្វេងរបស់លោក កឹម សុខា។ គណបក្សទាំងពីរនេះ ត្រូវបានបង្កើតឡើង ដើម្បីត្រៀមទុកឲ្យលោក កឹម សុខា ដែលជាមេកើយ ទៅដឹកនាំ ឬត្រូវបានង្កើតឡើង ព្រោះតែពួកលោក ប្រេះឆានឹងគ្នា? នេះ ជាចម្ងល់ ដែលមនុស្សមួយចំនួន កំពុងចោទសួរ។
 
លោក សម រង្ស៊ី ប្រធានដំបូងនៃអតីតគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា ប្រធានទីពីរ ប្រហែលជាមានភាគរយតិចណាស់ ដែលអាចមានវត្តមានក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានឆ្នាំ២០២២ និង ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ លោក សម រង្ស៊ី ជាប់បណ្តឹងនៅកម្ពុជាច្រើនស្អេកស្កះ ដែលជាហេតុមិនអាចឲ្យលោក អាចវិលចូលកម្ពុជាបាន។ ឯលោក កឹម សុខា ដ្បិតនៅក្នុងប្រទេសពិតមែន តែលោក កំពុងជាប់បទចោទសន្ទិដ្ឋិភាព និងត្រូវតុលាការហាមមិនឲ្យធ្វើសកម្មភាពនយោបាយ។ បទសន្ទិដ្ឋិភាព សំដៅលើការសមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 

Tag:
 CNRP
  មុត ចន្ថា
  ផាន់ ច័ន្ទសាក់
  កឹម សុខា
  កឹម មនោវិទ្យា
  បង្កើតបក្សថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com