កីឡាជាតិ
ជាតិ
អូឡាំពិក៖ ប៉ែន សុគង់ ចាញ់កំណត់ត្រាផ្ទាល់ខ្លួនលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ
31, Jul 2021 , 9:44 am        
រូបភាព
កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ សម្រេចក្នុងថិរវេលា១១.០២វិនាទីក្នុងការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រនាព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដានេះ។


កំណត់ត្រាចាស់របស់ ប៉ែន សុគង់ គឺ ១០.៨៧វិនាទី នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន។ សម្រាប់វិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រក្នុងអូឡាំពិក កាលពីឆ្នាំ១៩៧២ នាព្រឹត្តិការណ៍នៅអាល្លឺម៉ង់ខាងលិច កីឡាករ ម៉ៅ សំផុន សម្រេចបានក្នុងថិរវេលា ១០.៩៥វិនាទី។ នៅឆ្នាំ២០០៤ នាក្រុងអាតែន ប្រទេសក្រិក  ភោគ សុភ័ក្ត្រ សម្រេចបានក្នុងថិរវេលា ១១.៥៦វិនាទី។

ក្នុងការប្រកួតអូឡាំពិកក្រុងតូក្យូនេះ សុគង់ បញ្ចប់ចំណាត់ថ្នាក់លេខ​៦ក្នុងចំណោមអត្តពលិក​៩នាក់។ កីឡាករស៊ីមបាវ៉េ Makusha Ngoni, កីឡាករតូហ្គោ Dabla Fabrice និងកីឡាករនីហ្គារ៉ាហ្គោ Romero Yeykell Eliuth ឈានទៅវគ្គបន្ត។

បច្ចុប្បន្ន​កីឡាករហ្សាម៉ៃអ៊ីក Ulsan Bolt គឺជាម្ចាស់កំណត់ត្រាលើ​វិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ គឺ ៩.៦៣វិនាទីក្នុងព្រឹត្តិការណ៍អូឡាំពិក និងជាម្ចាស់កំណត់ត្រាពិភពលោកក្នុងថិរវេលា​៩.៥៨វិនាទីផងដែរ៕
 

Tag:
 Tokyo Olympics
© រក្សាសិទ្ធិដោយ thmeythmey.com