ជាតិ
សេដ្ឋកិច្ច
៧ខែ កម្ពុជាទទួលចំណូលជិត៣ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង៥លានតោន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ កម្ពុជា បាននាំចេញកសិផលសំខាន់ៗជាង ៥លានតោន ទៅកាន់ទិសដៅអន្តរជាតិចំនួន ៦៤ប្រទេស នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ។ ធៀបនឹងឆ្នាំ២០២០បរិមាណនេះ កើនឡើងជាង៨៧ភាគរយ។ សរុបទឹកប្រាក់ដែលកម្ពុជា ទទួលបានពីការនាំចេញផលិតផលកសិកម្មសំខាន់ៗនេះ មានចំនួនជាង៣ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលសំខាន់ៗសរុប ៥.០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស។ បរិមាណនាំចេញនេះ កើនឡើងជាង២លានតោន ឬស្មើនឹង៨៧.១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយនៅហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
បើតាមរបាយការណ៍ដដែល ក្នុងកសិផលសំខាន់ៗ ដែលនាំចេញមានដូចជា ស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ពោត សណ្តែក ក្រូចថ្លុង ម្រេច ថ្នាំជក់ ម្ទេស និងដូងប្រេងជាដើម។
កម្ពុជា បាននាំចេញអង្ករ ជិត៣១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិជាង៤០ប្រទេស និងបាននាំចេញស្រូវខ្ទង់ ២លានតោន ទៅកាន់ប្រទេសវៀតណាម។ ក្រៅពីស្រូវ អង្ករ កម្ពុជាបាននាំចេញចំណិតដំឡូងមីក្រៀមជាង១លានតោន , គ្រាប់ស្វាយចន្ទី ជាង៨៦ម៉ឺនតោន , គ្រាប់ពោត ជាង១៤ម៉ឺនតោន, ផ្លែចេកស្រស់ ចំនួន ២៧ម៉ឺនតោន, ផ្លែស្វាយស្រស់ ១៦ម៉ឺនតោន , ម្រេច ជាង ២ម៉ឺនតោន និងកសិផលដទៃមួយចំនួនទៀត។
ក្នុងចំណោមកសិកផលនីមួយៗដែលកម្ពុជា បាននាំចេញ គឺសុទ្ធតែកើនឡើងបរិមាណទាំងអស់ លើកលែងតែអង្ករមួយមុខគត់ ដែលការនាំចេញធ្លាក់ចុះប្រមាណ២៧ភាគរយ ដោយសារខ្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនឡើងថ្លៃ។
ចំពោះតម្លៃនាំចេញសរុបវិញ គឺមានជាំង ២.៩៦៤លានដុល្លារអាមេរិក ដែលក្នុងនោះចំណូលពីការនាំចេញអង្ករមានជាង ២៦១លានដុល្លារ , ចំណូលពីការនាំចូលចេញស្រូវមានជាង៣២៩លាន និងពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ជាង ២.៣៧៣លានដុល្លារ៕
Tag:
កសិកម្ម
នាំចេញ
ស្រូវ
អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com