រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញមនុស្ស ១២៥នាក់បន្ថែមវិជ្ជមានកូវីដ-១៩ និងស្លាប់៣នាក់ ខណៈខេត្តព្រៃវែង មាន១១០នាក់ និងស្លាប់៣នាក់ទៀតដែរ។ ចំណែកករណីថ្មីនៅខេត្តឧត្តរមានជ័យ និងកោះកុងសរុបជាង១០០នាក់ដែរ។
បាត់ដំបង៖ ឆ្លងថ្មី១២៥នាក់ ជា១១១នាក់ ស្លាប់៣នាក់
រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មីចំនួន ១២៥នាក់ នៅថ្ងៃទី៣០ ខែកក្កដា ដោយ ២២នាក់ ជាពលករទើបត្រឡប់ពីប្រទេសថៃ។ ទន្ទឹមនោះ មានមនុស្ស ១១១នាក់បន្ថែម បានជាសះស្បើយ ខណៈមានអ្នកស្លាប់៣នាក់។ ក្នុងចំណោម អ្នកឆ្លងថ្មីទាំងនោះ មានអ្នករស់នៅខេត្តបាត់ដំបង,ពោធិ៍សាត់,បន្ទាយមានជ័យ,កំពង់ស្ពឺ, ប៉ៃលិន និងត្បូងឃ្មុំ។ ខេត្តបាត់ដំបង មានអ្នកឆ្លងសរុប ៣. ១១៦នាក់ អ្នកជាសះស្បើយ សរុប ១.៩៣០នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ១.១៩៦នាក់ ខណៈអ្នកស្លាប់សរុប ៤០នាក់។
ខេត្តព្រៃវែង៖ រកឃើញ១១០នាក់ សះស្បើយ៤០នាក់ និងស្លាប់៣នាក់
នៅថ្ងៃទី៣០ ខែកក្កដា រដ្ឋបាលខេត្តព្រៃវែង បានរកឃើញមនុស្ស ១១០នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានោះ មានមនុស្សចំនួន ៤០នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់៣នាក់។ អ្នកវិជ្ជមានថ្មីទាំងនោះ ជាអ្នករស់នៅខេត្តព្រៃវែង,កណ្ដាល,កំពង់ចាម និងសៀមរាប។ ខេត្តព្រៃវែង មានអ្នកឆ្លង សរុប ៤ ១៥០នាក់ អ្នកជាសះស្បើយ សរុប ៣ ០៦៧នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ១ ០១២នាក់ ខណៈមនុស្ស ៧១នាក់ បានស្លាប់។
ឧត្តរមានជ័យ៖ មាន៥៧នាក់ ភាគច្រើននាំចូលពីថៃ
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងថ្មី ចំនួន ៥៧នាក់ នៅថ្ងៃទី៣០ ខែកក្កដា ភាគច្រើននាំចូលពីប្រទេសថៃ ខណៈមនុស្សចំនួន ៨០នាក់បន្ថែម បានជាសះស្បើយ។ គិតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងសរុប ៤ ៧៤៧នាក់។ ក្នុងនោះ ៧៥៣នាក់ បានជាសះស្បើយ និងមនុស្ស ៣ ៨៨៦នាក់ កំពុងសម្រាកព្យាបាល ខណៈមនុស្ស ៨នាក់បានស្លាប់។
កោះកុង៖ ឆ្លងថ្មី ៤៦នាក់ និងជាសះស្បើយ ៧៧នាក់
រដ្ឋបាលខេត្តកោះកុង រកឃើញមនុស្ស ៤៦នាក់បន្ថែម មានវិជ្ជមានកូវីដ-១៩ ខណៈមនុស្ស ៧៧នាក់បានជាសះស្បើយ។ អ្នកវិជ្ជមានទាំងនោះ មានអាសយដ្ឋាន នៅក្រុងខេមរភូមិន្ទ,ស្រុកមណ្ឌលសីមា,ស្រុកកោះកុង,ស្រុកបទុមសាគរ,ស្រុកគិរីសាគរ និងស្រុកស្រែអំបិល៕