ជាតិ
ស្ថាបត្យកម្មដ៏សម្បូរបែបធ្វើឱ្យបាត់ដំបង ក្លាយជាគោលដៅទេសចរណ៍​ និងការស្រាវជ្រាវ
31, Jul 2021 , 12:59 pm        
រូបភាព
ភ្នំពេញ៖ ខេត្តបាត់ដំបង ជាខេត្តមួយដ៏សម្បូរបែបផ្នែកស្ថាបត្យកម្ម និងជាគោលដៅសិក្សាស្រាវជ្រាវមួយ ដ៏ពេញនិយមសម្រាប់សិស្សនិសិ្សត។ ខេត្តនេះ មានសំណង់ប្រាសាទបុរាណ និងវត្តអារាមចាស់ៗ រួមទាំងអគារសម័យបារាំង ដែលមានរចនាបថផ្សេងគ្នាជាច្រើនកន្លែង។ ក្រៅពីនេះ ទីតាំងប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍ធម្មជាតិ ក៏ជាគោលដៅទាក់ទាញដ៏សំខាន់ សម្រាប់ខេត្តនេះផងដែរ។

 
ខេត្តបាត់ដំបង ​ជាខេត្តចំណាស់មួយនៃប្រទេសកម្ពុជា ដែលស្ថិតនៅទិសពាយព្យ នៃបឹងទន្លេសាប ហើយមានជួរភ្នំក្រវាញនៅប៉ែកខាងនិរតី។ នៅខាងកើតជើងភ្នំក្រវាញ ជាតំបន់កូនភ្នំ រំលេចដោយភ្នំរដាច់រដោចដូចជា ភ្នំសំពៅ ភ្នំក្រពើ និងភ្នំបាណន់។ ឈ្មោះខេត្តនេះ មានប្រភពមកពីរឿងព្រេងមួយ ដែលនិយាយអំពី ការចោលដំបងទិព្វរបស់សេ្តចដំបងគ្រញូង សំដៅលើចៅព្រហ្មកិល ហើយដំបងនោះ ធ្លាក់បាត់លើទឹកដីខេត្តមួយនេះ ទើបគេដាក់ឈ្មោះថា ខេត្តបាត់ដំបង។
 
សៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា​ ដែលមានចំណងជើងថា​«ជីវិតជុំវិញបឹងទន្លេសាប» បានរៀបរាប់ថា ក្រុងបាត់ដំបង និងតំបន់វិញនោះ មានទីតាំងបេតិកភណ្ឌជាច្រើន រួមមានវត្តអារាមចាស់ៗ អគារដែលបន្សល់ទុកពីសម័យបារាំង ស្ថានីយជំនាន់អង្គរ និងក្រោយអង្គរដូចជា ប្រាសាទឯកភ្នំ ប្រាសាទបាណន់ ប្រាសាទស្នឹង និងភ្នំសំពៅ។ ក្រៅពីនេះ ក៏មានសមិទ្ធផលធំមួយចំនួន ទើបសម្រេចបានក្នុងសម័យនេះ គឺទំនប់កំពីងពួយ ដែលអាចរក្សាទឹកសម្រាប់ស្រោចស្រពស្រែប្រាំង។
 
ទីតាំងប្រវត្តិសាស្រ្តទាំងនេះ បានក្លាយជាភាពទាក់ទាញមួយសម្រាប់ខេត្តបាត់ដំបង សម្រាប់សិស្សនិស្សិត ក្នុងការសិក្សាស្វែងយល់ ​ពីសំណង់ផ្ទះបុរាណខ្មែរជាច្រើនប្រភេទបានបន្សល់ទុកកាលពីសម័យមុន។ ជាមួយគ្នានេះ និស្សិតផ្នែកស្ថាបត្យកម្ម ដោយពួកគេអាចដឹងពីរចនាបថផ្ទះបុរាណ រួមទាំងការសាងសង់​អគារ របស់មនុស្សកាលពីសម័យមុនបានបន្ថែមទៀត។
 
ក្រៅពីភាពទាក់ទាញនៃប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ក៏ជាខេត្តមួយ ដែលមានសក្តានុពលផ្នែក​កសិកម្ម និងផ្នែកជលផល មិនចាញ់ខេត្តដទៃ​ដែរ។ ខេត្តនេះ ធ្លាប់ជាខេត្តលេខមួយ ខាងផលិតស្រូវនៅកម្ពុជា​។ ដីនៅក្នុងខេត្តនេះ មានជីវជាតិល្អ សម្រាប់ការដាំដុះ ជាពិសេសសម្រាប់ដំណាំស្រូវ ដោយមានអំណោយផលដីស្រែធំៗ ខុសប្លែកពីស្រែតូចៗនៅតំបន់ផ្សេងទៀត។ លើសពីនេះ ធនធានជាច្រើនទៀត ដែលមានបឹងទន្លេសាប អនុផលព្រៃឈើ ក្រូចពោធិ៍សាត់ សណ្តែកសៀង សណ្តែកដី ពោត និងដំឡូងផងដែរ៕
 

Tag:
 អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  ជីវិតជុំវិញបឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com