COVID-19
ជាតិ
វ៉ាក់សាំង ១លានដូសទៀតបានដឹកមកដល់ មុនកម្ពុជាចាប់ផ្តើមការចាក់វ៉ាក់សាំងលើកុមារ វ៉ាក់សាំង, ចិន, ស៊ីណូវ៉ាក់, COVID-19
× ភ្នំពេញ៖ វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) បង្ការជំងឺកូវីដ-១៩ចំនួន១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនជាជំនួយរបស់ចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣១កក្កដានេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឱ្យរដ្ឋាភិបាលជាអ្នកទទួលយកវ៉ាក់សាំងនេះ។
វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) ចំនួន១លានដូសដែលមកដល់កម្ពុជានៅថ្ងៃទី៣១ កក្កដានេះ ជាការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រោយការបញ្ជាទិញវ៉ាក់សាំងជាបន្តបន្ទាប់រដ្ឋាភិបាលចិន ក៏បានផ្ដល់ជំនួយឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនផងដែរដល់កម្ពុជា។
គិតត្រឹមថ្ងៃទី៣១ កក្កដានេះកម្ពុជារកបានវ៉ាក់សាំងប្រមាណ ១៨លានដូសហើយ ដោយមួយចំនួនជាការផ្តល់ជំនួយនិងការបញ្ជាទិញ។ ក្នុងចំណោមវ៉ាក់សាំង១៨លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាមនិងស៊ីណូវ៉ាក់របស់ប្រទេសចិន។
នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថាកម្ពុជាមិនខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាពលរដ្ឋឡើយ។
រដ្ឋលេខាធិការរូបនេះ បញ្ជាក់ថា វ៉ាក់សាំងបញ្ជាទិញ និងជាជំនួយដែលមកជាបន្តបន្ទាប់រហូតដល់ពាក់កណ្ដាលខែសីហា មានចំនួន ២៦លានដូស។
បើតាមលោកស្រី យក់ សម្បត្តិវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសប្រភេទ AstraZeneca ចំនួន ៤១.៥ម៉ឺនដូសតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី អាចមកដល់កម្ពុជាចន្លោះថ្ងៃទី៣-៤ សីហានេះ។
ជាមួយគ្នានេះ នៅថ្ងៃទី១ សីហានេះកម្ពុជា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកុមារនិងយុវជន អាយុ១២-១៧ឆ្នាំ នៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល,ព្រះសីហនុ និងខេត្តកោះកុង។
សូមបញ្ជាក់ថាកម្ពុជាទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្តដូចជា ចិនជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ រហូតមកដល់ពេលនេះ មានពលរដ្ឋជាង ៧លាននាក់ហើយដែលបានចាក់វ៉ាក់សាំងរួចរាល់៕
Tag:
វ៉ាក់សាំង
ចិន
ស៊ីណូវ៉ាក់
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com