COVID-19
ជាតិ
ផ្សារចំនួន២៧កន្លែង ក្នុងខេត្តបាត់ដំបង ត្រូវបិទរយៈពេល២សប្ដាហ៍
31, Jul 2021 , 3:18 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ផ្សារចំនួន២៧ស្ថិតក្នុង​ភូមិសាស្រ្តខេត្ត​ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១សីហា ដល់ថ្ងៃទី១៤សីហា។
វិធានការបិទខ្ទប់ផ្សារនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង​សហគមន៍ ពិសេស​មេរោគបំប្លែងថ្មីប្រភេទដែលតា (Delta)​។ នេះបើតាម​សេចក្ដីសម្រេចស្ដីពី​ការអនុវត្ត​វិធានការរដ្ឋបាលចុះហត្ថលេខាដោយលោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅថ្ងៃទី​៣១ កក្កដានេះ។


 
ផ្សារចំនួន ២៧ទីតាំងដែល​ស្ថិតនៅ​ក្រុង​បាត់ដំបង, ស្រុកថ្មគោល, ស្រុកសង្កែ,ស្រុកមោងឫស្សី និងស្រុក​កំរៀង ត្រូវបាន​អាជ្ញាធរខេត្តបាត់ដំបង​បិទខ្ទប់បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១-១៤ សីហា។ បើតាម​រដ្ឋបាលខេត្តការកើនឡើងនូវចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុង​ភូមិសាស្រ្តខេត្តបាត់ដំបងតម្រូវឱ្យ​អាជ្ញាធរសម្រេចបិទទីតាំងផ្សារទាំងនេះ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ពិសេសមេរោគបំប្លែងថ្មី ប្រភេទ​Delta​។
 
ផ្សារទាំង២៧ ដែលត្រូវបិទខ្ទប់រួមមានផ្សារធំបាត់ដំបង, ផ្សារបឹងឈូក, ផ្សារអប្សរាផ្សារលើ, ផ្សារ ១៣ មករា, ផ្សាររោងល្ខោន, ផ្សារភូ ពុយ, ផ្សារវត្តលៀប, ផ្សារពោធិវង្ស, ផ្សារថ្មីថ្មគោល, ផ្សារជ្រៃ, ផ្សារបាសែត, ផ្សារតាប៉ុន,
ផ្សារនរា, ផ្សារខ្វែង, ផ្សារកំពង់ព្រៀង, ផ្សារអន្លង់វិល, ផ្សារមោងឫស្សីចាស់, ផ្សារមោងឫស្សីថ្មី, ផ្សារព្រៃស្វាយ, ផ្សារក្រឡោមភ្លុក, ផ្សារថ្នល់បត់, ផ្សារជ្រៃរុន, ផ្សារដើមចាន់, ផ្សារតាលាស់, ផ្សារកូនខ្លុង, ផ្សារ KRD និងផ្សារកំប្រង់។ 
 
ដើម្បី​សម្រួលដល់ការទិញទំនិញ​របស់ប្រជាពលរដ្ឋអាជ្ញាធរខេត្ត​បាត់ដំបង នឹង​រៀបចំ​ទីតាំងលក់ដូរ​បណ្ដោះអាសន្នសម្រាប់ការលក់ដូរគ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់និង​សម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់។ ជាមួយគ្នានេះ អ្នកលក់ដូរទាំងអស់ត្រូវ​មាន​គម្លាត​ទីតាំងលក់ដូរ​ពី២ម៉ែត្រ ទៅ​២ម៉ែត្រកន្លះ, ត្រូវ​ពាក់ម៉ាស់និងមានទឹកអាល់កុលទាំងអ្នកលក់ និងអ្នកទិញ។
 
សូម​បញ្ជាក់ថា គិតត្រឹមថ្ងៃទី​៣០កក្កដា ខេត្ត​បាត់ដំបង មាន​អ្នកឆ្លងកូវីដ-១៩ សរុប ៣,១៦៦នាក់ ជាសះស្បើយចំនួន ១,៩៣០នាក់ និង​ស្លាប់ មាន​ចំនួន ៤០នាក់៕ 

Tag:
 ផ្សារ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com