COVID-19
ជាតិ
​​​អំឡុងពេលបិទខ្ទប់៖ លោក កុយ គួង ថាអាជ្ញាធរកម្ពុជានិង​ថៃ កំពុងស្វះស្វែងជួយពលករខ្មែរ​
31, Jul 2021 , 3:48 pm        
រូបភាព
ពលករខ្មែរដែលធ្វើការនៅថៃ បន្តប្រឈមនឹងការអត់ការងារធ្វើ។ (រូបពីទំព័រហ្វេសប៊ុករបស់សង់ត្រាល់)
ពលករខ្មែរដែលធ្វើការនៅថៃ បន្តប្រឈមនឹងការអត់ការងារធ្វើ។ (រូបពីទំព័រហ្វេសប៊ុករបស់សង់ត្រាល់)
ភ្នំពេញ៖ មន្រី្តកម្ពុជាអះអាងថា ក្រុម​ការងាររបស់ស្ថានទូតកម្ពុជាប្រចាំនៅថៃ និងអាជ្ញាធរថៃកំពុងសហការគ្នាជួយដល់ពលករខ្មែរ ខណៈប្រទេសឆ្លងកូវីដ-១៩ រាលដាលកាន់តែខ្លាំង ហើយកម្ពុជា ក៏ប្រកាសបិទខ្ទប់ខេត្ត ចំនួន៨ ដែលនៅជាប់ព្រំដែនថៃផងដែរ។ នៅដំណាក់កាលនេះ សង្គមស៊ីវិលថារដ្ឋាភិបាលកម្ពុជា គួរបន្ថែមយន្តការចុះធ្វើការឲ្យលម្អិតជាមួយអាជ្ញាធរថៃ រួមទាំងជំរុញរដ្ឋាភិបាលថៃ ឲ្យជួយដាក់ចញវិធានការបន្ថែម ដើម្បីជួយដល់ពលករកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ពលករខ្លែរនៅថៃសរុបជាង១លាននាក់។ អំឡុងពេលរាលដាលកូវីដ-១៩ខ្លាំងនេះ ក្រុមការងារស្ថានទូតប្រចាំនៅថៃ កំពុងជួយពលករ ពិសេសនៅតំបន់បិទខ្ទប់។  លោក កុយ គួង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ «ក្រុមការងារនៅថៃបាន ​ជួយមើលថែទាំដោយយកចិត្តទុកដាក់ ពលករណាដែលឆ្លងកូវីដ-១៩ ហើយបានទាក់ទងជាប្រចាំជាមួយរោងចក្រសហគ្រាស ឱ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ ដល់ពលករ ស្ថិតក្នុងតំបន់បិទខ្ទប់»។
លើសពីនេះ ស្ថានទូត តែងយកគ្រឿងឧបភោគបរិភោគមួយចំនួន ចែកដល់ពលករដែលជួបការលំបាកខ្លាំងផងដែរ។ 
 
ការបង្កើនការយកចិត្តទុកដាក់លើពលករនេះ ដោយសារប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយកម្ពុជា ក៏បានប្រកាសបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃចំនួន៨ផងដែរ។ ខេត្ត​ចំនួន៨ ដែល​បិទ​ខ្ទប់​បណ្ដោះអាសន្ន​នេះមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ និងខេត្តកោះកុង។ ការបិទខ្ទប់តំបន់មួយចំនួននៅថៃ និងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើឡើងក្នុងគោលបំណងតែមួយ គឺទប់ស្កាត់ការរាលដាលកូវីដ-១៩។ 
 
យ៉ាងណាក៏ដោយ លោក ឌី ថេហូយ៉ា មន្រី្តទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ អះអាងថា វិធានបិទខ្ទប់តែម្យ៉ាង មិនអាចជួយទប់ស្កាត់ការរាលដាលកូវីដ-១៩បានឡើយ។ រដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការឲ្យសកម្ម រួមទាំងជំរុញរដ្ឋាភិបាលថៃ ឲ្យចេញវិធានការបន្ថែម ក្នុងការជួយដល់ពលករ។ 
 
ថ្លែងក្នុងកម្មវិធីសំឡេងពលករ ស្ដីពីតម្រូវការមូលដ្ឋានចាំបាច់បំផុត ក្នុងស្ថានភាពនៃការបិទខ្ទប់នៅថៃ និង៨ខេត្ត តាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០កក្កដា​ លោក ថេហូយ៉ា ថា៖ «ស្ថានទូតខ្មែរ ឬរដ្ឋាភិបាល ត្រូវជំរុញឲ្យរដ្ឋាភិបាលថៃ ផ្ដល់ការចាក់ដល់ពលករ។ អាជ្ញាធរកម្ពុជានៅថៃ ត្រូវធ្វើយ៉ាងណាធានាឲ្យពលករមានស្បៀងអាហារគ្រប់គ្រាន់ ហើយមានកន្លែងសម្រាកព្យាបាល»។
 
​លោក ថេហូយ៉ា គូសបញ្ជាក់​​ថា ការចាត់វិធានការបន្ថែម ទើបអាចជួយគាំពារដល់ពលករខ្មែរបាន ពិសេសគឺចុះដល់តំបន់ ឬផ្ទះពលករស្នាក់នៅដើម្បីជួយដល់ពួកគេ និងការចុះ​ប្រមូលព័ត៌មានបន្ថែម ដើម្បីរកដំណោះស្រាយបន្ថែម។ តាមមន្ត្រីរូបនេះ មានពលករខ្មែរជាង១ម៉ឺននាក់ហើយ បានឆ្លងកូវីដ-១៩នៅថៃ។ ពលករខ្មែរនៅថៃជិត២លាន ភាគច្រើនធ្វើការក្នុងវិស័យឧស្សាហកម្ម សំណង់ និងការងារក្រៅប្រព័ន្ធមិនរៀបរយមួយចំនួនទៀត។ ​
 
ពាក់ព័ន្ធនឹងបិទខ្ទប់តំបន់មួយចំនួននៅថៃនេះ កាលពីថ្ងៃ២៩ ខែកក្កដា លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឲ្យពលករខ្មែរនៅថៃទាំងអស់ កុំចល័តចេញពីកន្លែងស្នាក់នៅ។ ការធ្វើបែបនេះ គឹជៀសវាងអាជ្ញាធរថៃ ចាត់វិធានការផ្លូវច្បាប់ ពីការល្មើសបម្រាមបិទខ្ទប់។ លោក ហេង សួរ សង្កត់ធ្ងន់ថា ទោះបីពលករចប់ការ​ងារ ឬមានធុរៈចាំបាច់យ៉ាងណាក៏ដោយ គឺត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ខែសី​ហា។ 
 
«ចំពោះមុខ ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺបងប្អូននឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ​។ ម្ចាស់រថយន្ត ឬមេខ្យល់ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ដូ​ច្នេះ​ត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ»។ នេះជាសំណេរនៅលើទំព័រហ្វេសប៊ុក របស់អ្នកនាំពាក្យក្រសួងការងារ។
 
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ក្នុងអំឡុងខែកក្កដានេះ ​មានពលករខ្មែរត្រឡប់ពីប្រទេសថៃជាង៧.៨០០នាក់។ បើគិតពីខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានពលករខ្មែរដែលបាន​ត្រឡប់​មកកម្ពុជាវិញ មានជាង៥ម៉ឺននាក់  ក្នុងនោះមានករណីឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃចាប់​ប្រគល់មកឲ្យកម្ពុជាវិញជាង៦ពាន់នាក់។ កន្លងមកសមត្ថកិច្ចកម្ពុជាក៏បានឃាត់ខ្លួនពលករខ្មែរ ឆ្លងដែនខុសច្បាប់ជាង២៦០នាក់ដែរ។ នេះបើតាមលោក កែវ វណ្ណថន៕
 

Tag:
 ពលករ
 កុយ គួង
  ឌី ថេហូយ៉ា
 កែវ វណ្ណថន
 ហេង សួរ
© រក្សាសិទ្ធិដោយ thmeythmey.com