ជាតិ
ទិវាឧទ្យានុរក្សពិភពលោក៖ ក្រសួងបរិស្ថានរំឭកគុណមន្ត្រីឧទ្យានុរក្ស ក្នុងកិច្ចការពារធន ធានធម្មជាតិ រូបភាពពីទំព័រហ្វសប៊ុកលោក នេត្រ ភក្ត្រា
× ថ្ងៃទី៣១កក្កដា ទិវាឧទ្យានុរក្សពិភពលោក។ កម្ពុជា បានចាប់ផ្តើមប្រារព្ធទិវានេះ តាំងពីឆ្នាំ២០១៥មក។ នៅក្នុងឱកាសនេះ ក្រសួងបរិស្ថាន បានរំឭកការលះបង់របស់មន្ត្រីឧទ្យានុរក្សទាំង១.២០០នាក់របស់កម្ពុជា ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥ ដែលមានទំហំប្រមាណ៧.៣លានហិកតា នៅទូទាំងប្រទេស។
សម្រាប់ក្រសួងបរិស្ថាន ទោះបីការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បញ្ជាក់ទៀតថា ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមតំបន់ធម្មជាតិនានា ដែលលោកអ្នកបានទស្សនាកម្សាន្ត ក៏កើតចេញពីការរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងអប់រំ ផ្សព្វផ្សាយចុះល្បាត អនុវត្តន៍ច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមិនខ្លាចនឿយហត់ ទាំងយប់ទាំងថ្ងៃ។ លើសពីនេះ មន្ត្រីឧទ្យានុរក្ស ក៏បានចូលរួមក្នុងការសិក្សា ចងក្រងទិន្នន័យ អំពីជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ ជាមួយមន្ត្រីជំនាញពីសត្វព្រៃផងដែរ។
រូបភាពពីលោក នេត្រ ភក្រ្តា
ក្រសួងបរិស្ថាន ក៏មានមោទកភាពលើមន្ត្រីឧទ្យានុរក្សទាំង១.២០០នាក់ ក្នុងនោះមាននារី៤២នាក់ ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ សម្រាប់មនុស្សរាប់ជំនាន់ទៀត។ «កម្ពុជា មានមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលខ្លះប្រឈមនឹងការលះបង់អាយុជីវិត ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ»។ នេះជាការបន្ថែមរបស់ក្រសួងបរិស្ថាន ដែលបន្តទៀតថា ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ មានមន្ត្រីឧទ្យានុរក្ស ២រូប បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ក្នុងអំឡុងបំពេញបេសកកម្ម។
ទោះជាយ៉ាងនេះក្តី ក្រសួងបរិស្ថានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស នៅតែបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជាសម្រាប់អ្នកជំនាន់ក្រោយ។
សូមរំឭកថា រយៈពេល៦ខែ ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៤,២៣៨ករណី ដោយរឹបអូសរណាយន្តបានចំនួន២,៤៦២គ្រឿង ដកហូតរថយន្តចំនួន១៨២គ្រឿង, គោយន្តចំនួន៣០៨គ្រឿង, ម៉ូតូចំនួន៣៣៦គ្រឿង ត្រាក់ទ័រចំនួន ២៤គ្រឿង និងឈើចំនួន១.២៦០ម៉ែត្រគូប។ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ក៏ដោះចេញនូវអន្ទាក់ដាក់សត្វចំនួន ២៥.៥៩៦អន្ទាក់ និងដកហូតកាំភ្លើងកែច្នៃ ៣៤៨ដើម ក៏ពីជនល្មើសដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com