ជាតិ
កត្តាសំខាន់ៗ ៣ ដែលជំរុញឱ្យមានការចរាចរសាច់សត្វព្រៃលើទីផ្សារ
01, Aug 2021 , 7:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ សត្វព្រៃនិងសាច់របស់វា មិនអនុញ្ញាតឱ្យមានការសម្លាប់ ឬជួញដូរឡើយនៅក្នុងប្រទេសកម្ពុជា។កត្តាធំៗដូចជា ការបរបាញ់ដោយខុសច្បាប់ ការគាំទ្រ និងជំនឿ ជាមូលហេតុសំខាន់ ដែលធ្វើឱ្យបទល្មើសឬការចរាចរសត្វព្រៃ ឆ្អឹង និងសាច់របស់វានៅតែមាន។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។


 
បច្ចុប្បន្នសកម្មភាពការបរបាញ់និងចរាចរណ៍សត្វព្រៃ នៅក្នុងប្រទេសកម្ពុជានៅតែមាន។ លោក នេត្រ ភក្រ្តាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់សារព័ត៌មានថ្មីៗ២៥ថា បញ្ហាទាំងនោះអាចបណ្ដាលមកពីសកម្មភាពនៃការលួចចូលព្រៃបរបាញ់ដោយខុសច្បាប់ របស់ពលរដ្ឋមួយចំនួនក្នុងព្រៃសហគមន៍និងតាមតំបន់ព្រៃអភិរក្ស តាមរយៈការដាក់អន្ទ្រាក់ និងប្រើកាំភ្លើងច្នៃ ដើម្បីដាក់ និងសម្លាប់សត្វយកមកធ្វើអាជីវកម្មលើទីផ្សារ។
 
លោក នេត្រ ភក្រ្តាលើកឡើងយ៉ាងដូច្នេះ៖ «ឧបករណ៍ទាំងនោះ វាគ្រោះថ្នាក់ណាស់សម្រាប់សត្វគ្រប់ប្រភេទនៅក្នុងព្រៃហើយមិនថាសត្វតូច ឬធំ ឧបករណ៍នេះ អាចគំរាមកំហែងទាំងអស់។ សព្វថ្ងៃនេះ ឧទ្យានុរក្សនិងអាជ្ញាធរបានចូលរួមជួយការពារ បង្ក្រាប និងដោះអន្ទាក់នៅតាមព្រៃដើម្បីកាត់បន្ថយអត្រ្តានៃការស្លាប់របស់ពួកវា»។
 
អ្នកនាំពាក្យរូបនេះបន្តថា កត្តាដែលធ្វើឱ្យមានការសម្លាប់សត្វព្រៃក៏អាចបណ្ដាលពីបញ្ហាជីវភាពខ្វះខាត់របស់ពលរដ្ឋក្រៅ ឬក្នុងសហគមន៍ដែលជំរុញឱ្យចូលព្រៃបរបាញ់ ឬដាក់អន្ទាក់ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ចំណែកឯកត្តាចុងក្រោយ អាចបណ្ដាលមកពីជំនឿ ដែលពលរដ្ឋមួយចំនួនមានជំនឿថាការបរិភោគសាច់សត្វព្រៃ អាចធ្វើឱ្យពួកគេមានកម្លាំងខ្លាំង ឬជំនួយផ្នែកនេះផ្នែកនោះ។


រូបភាពដោយ អង្គការ អង្គការសម្ព័នភាពសត្វព្រៃ
 
ម៉្យាងវិញទៀត អ្នកដែលជឿទៅលើអបីជំនឿ គេថាឆ្អឹង ឬស្នែងសត្វព្រៃអាចជួយបណ្ដេញខ្មោចព្រាយ ដូច្នេះហើយបានជាសកម្មភាពនៃការបរបាញ់សត្វព្រៃនៅតែបន្ដកើតមានជាហូរហែទោះមានការបង្ក្រាប និងចាត់វិធានការតាមផ្លូវច្បាប់។
 
«បើកាត់បន្ថយជំនឿបញ្ចប់សកម្មភាពទិញដូរ និងគ្មានអ្នកបរិភោគក៏គ្មានអ្នកបរបាញ់ដែរ។
 
បើចង់បញ្ឈប់ សកម្មភាពទាំងនេះ ទាល់តែមានការចូលរួមទាំងអស់គ្នាក្នុងការការពារអភិរក្សសត្វព្រៃ និងនិយាយថាទេចំពោះការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទរួមទាំងការប្រើប្រាស់ឆ្អឹងរបស់ពួកវាផង»។
នេះជាការបញ្ជាក់របស់លោក នេត្រ ភក្រ្តា ដោយបន្ថែមថា ការចុះអប់រំ និងផ្សព្វផ្សាយដល់សាធារណជន និងពលរដ្ឋមូលដ្ឋាន ក៏ជាកត្តាចាំបាច់សម្រាប់ការចូលរួមជួយថែរក្សានិងអភិរក្សសត្វព្រៃផងដែរ។
 
អ្នកនាំពាក្យរូបនេះបន្ដថាកន្លងមកនៅពេលចាប់បានជនល្មើសដែលធ្វើសកម្មភាព ទាក់ទងនឹងការបរបាញ់មន្ត្រីក្រសួងបរិស្ថាន បានអនុវត្តតាមច្បាប់ក្នុងតំបន់ការពារតាមកម្រិតមានពី១ដល់៣។ទីមួយ បើបទល្មើសនោះស្រាល ក្រុមមន្ត្រីឧទ្យានុរក្ស នឹងណែនាំ និងអប់រំ។
 
ទីពីរ ប្រសិនបើករណីបទល្មើសធ្ងន់ធ្ងរដល់អាយុជីវិតសត្វ នឹងមានការពិន័យអន្តរកាលនិងទីបីប្រសិនបើរាងចាល នឹងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕


រូបភាពដោយ អង្គការ អង្គការសម្ព័នភាពសត្វព្រៃ

 

Tag:
 បរិស្ថាន
  សត្វព្រៃ
  ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com