អន្តរជាតិ
មេទ័ពចិន និងឥណ្ឌាជួបគ្នាដើម្បីបន្ធូរជម្លោះព្រំដែន
01, Aug 2021 , 10:03 am        
រូបភាព
បឹង Pangong Pso នៅផ្នែកខាងទឹកដីចិន។ រូបថត Xinhua
បឹង Pangong Pso នៅផ្នែកខាងទឹកដីចិន។ រូបថត Xinhua
មេបញ្ជាការយោធាជាន់ខ្ពស់ចិន និងឥណ្ឌា បានជួបគ្នានៅថ្ងៃទី៣១ ខែកក្កដានៅឯព្រំដែនរវាងមហាយក្សទាំងពីរ ដើម្បីដោះស្រាយជម្លោះព្រំដែនកន្លងមក។ ព្រំដែនចិន និងឥណ្ឌារាប់ពាន់គីឡូម៉ែត្រ មិនទាន់ត្រូវបានកំណត់ជាក់លាក់ឡើយ ដែលជាមូលហេតុនាំឱ្យមានការប៉ះទង្គិចគ្នាជារឿយៗ។

 
អ្នកនាំពាក្យកងទ័ពឥណ្ឌាបញ្ជាក់ថា មេទ័ពចិន និងឥណ្ឌាជួបគ្នាក្នុងទឹកដីចិននៅតំបន់ Ladakh នៅថ្ងៃទី៣១ ខែកក្កដា ហើយបន្តជួបគ្នានៅថ្ងៃទី១ ខែសីហានេះទៀត។ ការបន្ធូរបន្ថយកម្ដៅតាមព្រំដែនជារបៀបវារៈសំខាន់ក្នុងជំនួបកម្រិតមេបញ្ជាការលើកទី១២ ដែលធ្វើឡើងរាល់៣ខែម្ដង។
 
ជំនួបមេបញ្ជាការនេះ ធ្វើឡើងក្រោយជំនួបប្រមុខការទូតឥណ្ឌា និងចិននៅតាហ្ស៊ីគីស្ថានកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។ អំឡុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា S Jaishankar ប្រាប់សមភាគីចិន វ៉ាង យី ថា ការអូសបន្លាយជម្លោះនៅតាមព្រំដែន មិនមែនជារឿងល្អសម្រាប់ប្រទេសទាំង២ឡើយ តែក៏ឆ្លៀតព្រមានថា ការប៉ុនប៉ងផ្លាស់ប្ដូរដោយឯកតោភាគីពីសំណាក់ចិន ជារឿងមិនអាចទទួលបានបានដាច់ខាត។
 
កាលពីខែកុម្ភៈ ចិន និងឥណ្ឌាបានដកកងទ័ពរៀងៗខ្លួន និងយុទ្ធោបករណ៍នានាចេញពីតំបន់ជម្លោះនៅបឹង Pangong Tso ។ ក្នុងការចរចាលើកនេះ ភាគីទាំងពីរ នឹងផ្ដោតលើការបន្ធូរបន្ថយភាពតានតឹងនៅផ្នែកផ្សេងតាមព្រំដែនក្នុងតំបន់ Ladakh ដូចជាចំណុច Hot Springs, Gogra និង Depsang ជាដើម។    
 
ទាំងចិន ទាំងឥណ្ឌា ពង្រាយកងទ័ពរាប់ម៉ឺននាក់ជាមួយនឹងរថក្រោះ និងយន្តហោះចម្បាំងរាប់សិបគ្រឿងនៅតាមព្រំដែនដែលមិនទាន់កំណត់ជាក់លាក់ ហើយស្ថិតក្រោមការគ្រប់គ្រងជាក់ស្ដែងរបស់ភាគីទាំងពីរប៉ុណ្ណោះ។ ខ្សែព្រំដែនជាក់ស្ដែង ដែលខណ្ឌចែកចិន និងឥណ្ឌា មានប្រវែងប្រមាណ៣ពាន់គីឡូម៉ែត្រឯណោះ។ 
 
កាលពីឆ្នាំ២០២០ ការប៉ះទង្គិចគ្នាមួយប្រាវ បានសម្លាប់ទាហានឥណ្ឌា២០នាក់ និងចិន៤នាក់នៅព្រំដែនក្នុងតំបន់ Ladakh នេះ ដែលជាការប៉ះទង្គិចដ៏បង្ហូរឈាមមួយរវាងមហាអំណាចទាំងពីរ៕

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com