COVID-19
សង្គមអន្តរជាតិ
វៀតណាម បន្តបិទខ្ទប់តំបន់ភាគខាងត្បូងថែម២សប្ដាហ៍ទៀត ហើយបង្កើនល្បឿនចាក់វ៉ាក់សាំង
× នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ នៅថ្ងៃទី៣១ ខែកក្កដា សម្រេចបន្តវិធានការបិទខ្ទប់តំបន់ភាគត្បូងចំនួន២សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ។ លោក ផាម ក៏ណែនាំឱ្យអាជ្ញាធរក្នុងតំបន់បិទខ្ទប់រឹតបន្តឹងវិធានការឱ្យបានម៉ឺងម៉ាត់ ហើយបង្កើនល្បឿនចាក់វ៉ាក់សាំងឱ្យប្រជាជននៅតំបន់មានហានិភ័យផងដែរ។
ទីក្រុងហូជីមិញ និងខេត្តក្រុង១៦ទៀតនៅភាគខាងត្បូងដែលមានប្រជាជនសរុបជាង៣៥លាននាក់ នឹងស្ថិតក្រោមវិធានការបិទខ្ទប់២សប្ដាហ៍ទៀតពីថ្ងៃទី១ ខែសីហាតទៅ ដោយសាររលកឆ្លងទី៤ ជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ។ វៀតណាម ផ្ដើមអនុវត្តការបទខ្ទប់តាំងពីថ្ងៃទី១៩ ខែកក្កដាមក ដោយហាមឃាត់ប្រជាជនមិនឱ្យចេញពីផ្ទះបើគ្មានការចាំបាច់ និងផ្អាកការដឹកជញ្ជូនសាធារណៈផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ ចង់ឱ្យអាជ្ញាធរនៅភាគខាងត្បូងអនុវត្តវិធានការបិទខ្ទប់ឱ្យគត់មត់ ហើយត្រៀមដាក់វិធានការតឹងរ៉ឹងថែមទៀត នៅពេលចាំបាច់។ ការបន្តវិធានការនេះ ទំនងក៏មានគោលដៅទប់ស្កាត់ការធ្វើដំណើររបស់ប្រជាជន ពិសេសកម្មករដែលគ្មានការងារធ្វើទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ខណៈដែលស្ថានការណ៍នៅតំបន់ភាគខាងត្បូង និងក្រុងហូជីមិញនៅមិនទាន់ធូរស្រាលនៅឡើយ។
បើតាមសារព័ត៌មានវៀតណាម Vietnam News អាជ្ញាធរភាគខាងត្បូង ក៏ចេញបម្រាមមិនឱ្យប្រជាជនធ្វើដំណើរឆ្លងកាត់ខេត្តឡើយ លុះត្រាមានការអនុញ្ញាត។ ក្នុងសេចក្ដីសម្រេចបន្តវិធានការបិទខ្ទប់ លោក ផាម បានព្រមានអាជ្ញាធរខេត្តទាំងអស់ថា ពួកគេត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី បើមានករណីប្រជាជនធ្វើដំណើរទៅខេត្តផ្សេងដោយខ្លួនឯង។
ជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាម ក៏នឹងបង្កើនល្បឿនចាក់វ៉ាក់សាំងនៅទីក្រុងហូជីមិញដែលជាតំបន់ផ្ទុះខ្លាំង។ ក្រសួងសុខាភិបាលវៀតណាម ប្រកាសនៅថ្ងៃទី៣១ ខែកក្កដា ថា វ៉ាក់សាំងរបស់ Sinopharm ចំនួន១លានដូស ទៅដល់ទីក្រុងធំជាងគេនេះរួចហើយ ហើយគ្រោងទៅដល់៤លានដូសទៀត។
បច្ចុប្បន្ន វៀតណាម មានករណីឆ្លងជាង១៥ម៉ឺននាក់ និងស្លាប់ជាង១ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com