ព្រៃវែង៖ មានមនុស្សចំនួន៧៨នាក់ទៀត ត្រូវបានរដ្ឋបាលខេត្តព្រៃវែង បញ្ជាក់ថាមានតេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកសះស្បើយមាន ៨១នាក់បន្ថែម។ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៣នាក់ទៀត។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងនោះ មានពលរដ្ឋក្រុងព្រៃវែង, ស្រុកកំពង់ត្របែក, ស្វាយអន្ទរ, ពាមរក៍, ស៊ីធរកណ្ដាល, បាភ្នំ, ពាមជរ, ពារាំង, កញ្ជ្រៀច, មេសាង និងស្រុកពោធិ៍រៀង។
ចំណែកអ្នកស្លាប់គឺមានបុរសវ័យ ៥៤ឆ្នាំ រស់នៅភូមិព្រៃដើមថ្នឹង១ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល។ បុរសវ័យ ៨០ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល និងស្ត្រីវ័យ ៦០ឆ្នាំ រនៅភូមិអន្លុង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គិតត្រឹមថ្ងៃទីថ្ងៃទី៣១ កក្កដា ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤.២២៨នាក់ ក្នុងនោះ៣.១៤៨នាក់បានជាសះស្បើយ, ៧៤នាក់ស្លាប់ និង១.០០៦នាក់ កំពុងសម្រាកព្យាបាល។
កំពង់ធំ៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់បន្ថែមទៀត ខណៈអ្នកជំងឺ២នាក់ទៀតបានស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានពលរដ្ឋរស់នៅក្រុង, ស្រុកសណ្តាន់,ស្រុកប្រាសាទបាល្ល័ង្គ, ស្រុកបារាយណ៍, ស្រុកសន្ទុក,ស្រុកតាំងគោក និងស្រុកស្ទោង។ បច្ចុប្បន្ន ខេត្តកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ១.៩៦០នាក់ ក្នុងនោះ១.១៨៤នាក់បានជាសះស្បើយ , ៤៧នាក់ស្លាប់ និងកំពុងសម្រាកព្យាបាលចំនួន ៧២៧នាក់។
ឧត្តរមានជ័យ៖ រកឃើញថ្មី ៥៨នាក់ភាគច្រើននាំចូលពីថៃរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៥៨នាក់ នៅថ្ងៃទី៣២ ខែកក្កដា ភាគច្រើននាំចូលពីប្រទេសថៃ ខណៈមនុស្សចំនួន ៤៣នាក់ បានជាសះស្បើយ។ រហូតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងសរុប៤.៨០៥នាក់។ ក្នុងនោះ ៨៩៦នាក់ បានជាសះស្បើយ និងមនុស្ស ៣.៩០១នាក់ កំពុងសម្រាកព្យាបាលខណៈមនុស្ស ៨នាក់បានស្លាប់។
សរុបទូទាំងប្រទេស៖ ឆ្លងថ្មី៦៧១នាក់ ជា៧៥៨នាក់ និងស្លាប់២៣នាក់។ ក្នុងចំណោមករណីឆ្លងថ្មីទាំង៦៧១នាក់នោះ មាន២៦៥នាក់ ជាករណីនាំចូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែសីហានេះ។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៧៩១៤ នាក់ ក្នុងនោះ១០៨០២ នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៧០៧៥៤ នាក់ និងស្លាប់សរុប ១៤២០នាក់៕