COVID-19
ជាតិ
ក្នុងខែកក្កដា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជិត៨០០នាក់
01, Aug 2021 , 4:10 pm        
រូបភាព
 រូបភាពពីមន្ទីរសុខាភិបាលខេត្តសៀមរាប
រូបភាពពីមន្ទីរសុខាភិបាលខេត្តសៀមរាប
ដោយ:
ពេញមួយខែកក្កដាកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុប៧៩២នាក់ ដែល​ជាចំនួនដ៏កច្រើនបំផុតមួយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈមក។ ចំពោះករណីស្លាប់នាខែកក្កដាកន្លងទៅ គឺកើនទ្វេដងធៀបនឹងខែ​មិថុនា ដែលកម្ពុជាមានករណីស្លាប់សរុបតែ៣៩៨នាក់ប៉ុណ្ណោះខណៈកាលពីខែឧសភា អ្នកស្លាប់សរុបនៅកម្ពុជា មានចំនួន១២៤នាក់។ បច្ចុប្បន្ន ករណីស្លាប់សរុបនៅកម្ពុជាដោយ​សារជំងឺកូវីដ-១៩ មានចំនួន១,៤២០នាក់។

 
កម្ពុជា មានអ្នកស្លាប់​ដោយសារជំងឺកូវីដ-១៩ ចំនួន ៧៩២នាក់ នៅក្នុងខែកក្កដាកន្លងទៅ ខណៈ ករណីឆ្លងក្នុងខែដដែល មានចំនួន ២៦.៥២៨នាក់ និងមានករណីជាសះស្បើយសរុប ២៥.៨៩៦នាក់វិញដែរ។
ករណីស្លាប់សរុបនៅក្នុងខែកក្កដា គឺជាចំនួនក៏ខ្ពស់បើធៀបនឹងខែកន្លងទៅ ស្របពេលដែលកម្ពុជាបានរកឃើញមេរោគបំប្លែងថ្មីជាបន្តបន្ទាប់សរុប ១៤២ករណី គិតចាប់ពិថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី ២៥ ខែកក្កដា។
 
ករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើតឡើងជារៀងរាល់ថ្ងៃក្នុងខែកក្កដា ដែលយ៉ាងហោចណាស់ករណីទាបបំផុតមានមនុស្ស ១១នាក់ បានស្លាប់កាលពីថ្ងៃទី២៨។ ចំណែក ករណីខ្ពស់បំផុតមានមនុស្ស ៣៩នាក់បានស្លាប់នៅថ្ងៃទី១៤។ ចំនួនអ្នកស្លាប់ជាបន្តបន្ទាប់បានធ្វើឱ្យ រយៈពេល៣១ថ្ងៃខែកក្កដា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុប ៧៩២នាក់។ 
 
ក្រៅពីអ្នកស្លាប់ ករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងខែកក្កដា មានការកើនឡើងគួរឱ្យសម្គាល់ដែរ។ ករណីដែលទាបបំផុតមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៥៨នាក់នៅថ្ងៃទី៣០ និងជាទូទៅមានករណីវិជ្ជមានចន្លោះពីជិត៧០០ ដល់ក្បែរ១,០០០នាក់ ។ ករណីនេះបានធ្វើឱ្យខែកក្កដាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៨,៣៩៦នាក់ឆ្លងក្នុងសហគមន៍ ខណៈករណីនាំចូលមាន ៨,១៣២នាក់។ 
 
ជាមួយគ្នានេះករណីសះស្បើយក៏មានចំនួនច្រើនផងដែរ គឺមានដល់២៥, ៨៩៦នាក់។ កាលពីថ្ងៃទី១២អ្នកសះស្បើយមាន១,០០២នាក់ ថ្ងៃទី១៨ មាន១,០៨៧នាក់។
និយាយរួមករណីសះស្បើយប្រចាំថ្ងៃមានយ៉ាងហោចណាស់ក៏ខ្ទង់៦០០នាក់ផងដែរ។ ក្នុងរយៈពេល៣១ថ្ងៃកន្លងមកមានចំនួន៦ថ្ងៃ ដែលករណីសះស្បើយច្រើនជាង១,០០០នាក់។ 

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩សរុប  ៧៧,៩១៤ នាក់ ក្នុងនោះ១០,៨០២ នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន៧០,៧៥៤ នាក់ និង​ស្លាប់​សរុប ១,៤២០នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com