ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ប្រធានសហគមន៍ និងប្រជាពលរដ្ឋដែលអាស្រ័យផលពីផ្សិតព្រៃ នៅក្នុងសហគមន៍ព្រៃឈើចាន់សជើងនិងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ក្នុងខេត្តសៀមរាប អះអាងថាទិន្នផលផ្សិតព្រៃឆ្នាំនេះ មានតិចជាងរាល់ឆ្នាំ។ ដ្បិតតែដូច្នេះ ប៉ុន្តែប្រជាសហគន៍ទាំងនោះនៅតែបន្ដថែរក្សាការពារធម្មជាតិ និងចូលព្រៃអាចអាស្រ័យផលដូចធម្មតា។
នៅក្នុងប្រទេសកម្ពុជាមានសហគមន៍ព្រៃឈើច្រើនកន្លែងនិងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាស្រ័យផលពីព្រៃធម្មជាតិទាំងនោះ។ អនុផលព្រៃឈើដែលពលរដ្ឋទទួលបានគឺតាមរយៈបេះផ្លែឈើ បោចវល្លិ រកឧស បន្លែស្លឹក និងដកផ្សិតព្រៃជាដើម។អនុផលព្រៃឈើទាំងនេះ អាចមានផ្លែតិច ឬច្រើនតាមអាកាសធាតុ និងធម្មជាតិ។
អ្នកស្រី រុន ស្រីព្រះជាអ្នកអាស្រ័យផលពីផ្សិតក្នុងសហគមន៍ព្រៃឈើចាន់សជើង សម្រាប់បរិភោគនិងយកលក់សម្រប់ជួយផ្គត់ផ្គង់គ្រួសារ។ ផ្សិតដែលគ្រួសារស្រ្តីរូបនេះ ដកតាមព្រៃរួមមានផ្សិតក្ងោក ផ្សិតក្ងោលអន្សោង ផ្សិតដី ផ្សិតដំបូក ផ្សិតធ្យូង ផ្សិតកញ្ជូរ ផ្សិតបាយនិងផ្សិតឈើ-ល-។ អ្នកស្រី រួមទាំងគ្រួសារមានសមាជិក ២នាក់ផ្សេងទៀតអាចរកផ្សិតបានចន្លោះពី១ ទៅ២គីឡូកា្រម នៅពេលចូលព្រៃម្ដងៗ។
រស់នៅភូមិចាន់សជើង ឃុំចាន់សស្រុកសូត្រនិគម ខេត្តសៀមរាប អ្នកស្រី រុន ស្រីព្រះ លើកឡើងថា៖«ចូលទៅព្រៃដកផ្សិតខ្ញុំទៅជាមួយប្តី និងកូនស្រី។ ពួកយើងដើរដកតែពេលព្រឹកទេ ថ្ងៃត្រឡប់មកវិញហើយ។ ឥឡូវមួយថ្ងៃដកបានតិចៗទេគ្រាន់បានយកទៅស្ល និងលក់បានលុយតិចតួច សម្រាប់ជួយដោះទាល់ និងឱ្យកូន»។
នៅឆ្នាំមុនៗ ផ្សិតតាមព្រៃមានដុះច្រើនទាំងអ្នកស្រី និងអ្នកភូមិដទៃ ចូលដកបានមិនក្រោម ៣គីឡូក្រាមទេ។ ចំណែកឯតម្លៃផ្សិតរាល់ឆ្នាំអាចលក់បាន ចន្លោះពី៨ពាន់ ទៅ១ម៉ឺនរៀល ប៉ុន្តែឆ្នាំនេះដោយសារផ្សិតដកបានតិច ពួកគាត់លក់អាចបានតម្លៃ ១ម៉ឺន២ពាន់រៀលក្នុងមួយគីឡូក្រាម។
លោក លីន សំណាងជាពលរដ្ឋដែលអាស្រ័យផលពីអនុផលព្រៃម្នាក់ បញ្ជាក់ថា ផ្សិតឆ្នាំនេះ ដកបានតិចពេលខ្លះដកបានត្រឹមយកមកបរិភោគតែប៉ុណ្ណោះ។ បុរសវ័យ៤៣ឆ្នាំរូបនេះ បន្តថាការចូលព្រៃរកបន្លែ និងផ្សិតធម្មជាតិ អាចជួយសម្រួលជីវភាពគ្រួសាររបស់លោកបន្ទាប់ពីការងារស្រែចម្ការ ពិសេសក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ក្រៅពីផ្សិតនិងបន្លែ លោក លីន សំណាង និងកូនប្រុស តែងតែអាស្រ័យផលផ្លែឈើព្រៃដទៃទៀត ដូចជាផ្លែគុយសិរមាន់ និងផ្លែរំដួលដូចពលរដ្ឋក្នុងភូមិផ្សេងទៀតដែរ។«ខែណាមានអី យើងរកហ្នឹង។
ឆ្នាំនេះផ្លែឈើមានផ្លែច្រើន តែទីផ្សារចង្អៀត។ ចំណែកឯផ្សិតវិញមានតិចតែសម្បូរទីផ្សារ។ ខ្ញុំអាចសល់បានបួនដប់ម៉ឺនហ្នឹង ពីការដល់ផ្សិតក្នុងមួយរដូវ។
តែបើយើងមិនរកមានអីចូល ទោះមិនបានលក់ ក៏បានគ្រាន់ហូបដែរ។ កូវីដកើតយ៉ាងហ្នឹង តឹងរកបន្តិចហើយទាំងខ្ញុំទាំងគេ»។ នេះជាការលើកឡើងរបស់លោក សំណាង។
ប្រធានសហគមន៍ព្រៃឈើចាន់សជើង លោក ភាន់ភី បានថ្លែងប្រាប់សារព័ត៌មានThmeythmey25ថា នៅក្នុងព្រៃសហគមន៍ប្រជាពលរដ្ឋប្រមាណជា៦០គ្រួសារក្នុងនោះមានជាង៩០ភាគរយ បានអាស្រ័យផលពីធនធានពីធម្មជាតិក្នុងព្រៃ។
ការចូលព្រៃអាស្រ័យផលតាមរដូវទោះមិនបានសល់ច្រើនក្តី ក៏ពលរដ្ឋនៅក្នុងសហគមន៍របស់លោក ភាន់ ភី រីករាយចំពោះការរកចំណូលបន្ថែម ដែលកើតពីការអភិរក្សធនធានធម្មជាតិ។ ម៉្យាងទៀតក៏ជាប្រយោជន៍ដែលកើតចេញពីការរួមសាមគ្គីគ្នា ក្នុងការការពារ នឹងថែរក្សារបស់អ្នកភូមិនិងសហគមន៍ផងដែរ។
លោក ភាន់ ភី លើកឡើងថា៖«ពលរដ្ឋចូលព្រៃរកផ្សិតផ្លែឈើព្រៃតាមរដូវ។ តែក្រៅពីនេះពួកគេអាចចូលទៅរកឧស បេះបន្លែបោចវល្លិលក់បានគ្រប់ពេល។ បើនិយាយទៅ ចំណូលលមិនច្រើនទេតែគ្រាន់ជួយក្នុងជីវភាពគ្រួសាររបស់ពួកគាត់ដែរ ព្រោះក្រៅពីការងារស្រែចម្ការទៅមុខរបរចូលព្រៃនេះ ជាការងារបន្ទាប់បន្សំ របស់ពលរដ្ឋនៅក្នុងភូមិចាន់សជើង»។
ចំណែកឯ លោក ឌឿន ឌន់ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ក្នុងខេត្តសៀមរាបវិញ ក៏បានឱ្យសារព័ត៌មាន Thmeythmey25 ដឹងដែរថាពលរដ្ឋក្នុងសហគមន៍ អាស្រ័យផលពីព្រៃតាមរដូវដូចៗគ្នា។
ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តថា ចំណូលដែលពលរដ្ឋរកបានពីព្រៃជាផលតបត្រឡប់ពីធម្មជាតិ ដែលកើតចេញពីការយកចិត្តទុកដាក់ ក្នុងការការពារធានធម្មជាតិទាំងនោះកន្លងមក។
«ឆ្នាំនេះផ្សិតដុះមិនច្រើនទេតែអ្នកភូមិខ្ញុំ ពួកគាត់សប្បាយនឹងការចូលព្រៃអាស្រ័យផល ។ ទោះបានតិចតួច ក៏ពួកគេនៅតែបន្ដព្រោះនេះជាចំណូលបន្ថែម រកបានដោយសុចរិតសម្រាប់ផ្គត់ផ្គងគ្រួសារបន្ទាប់ពីការងារការពារ និងថែរក្សាធនធានធម្មជាតិ នៅក្នុងសហគមន៍របស់ពួកគាត់»៕