COVID-19
អន្តរជាតិ
តើកុមារនឹងរងឥទ្ធិពលអាក្រក់បែបណាខ្លះពីជំងឺកូវីដ-១៩? រូបថត Xinhua
× ការរីករាលដាលជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់មនុស្សយ៉ាងខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ មិនត្រឹមតែមនុស្សពេញវ័យប៉ុណ្ណោះទេដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ វាក៏ បានបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្តចំពោះកុមារផងដែរ។ តើកុមារនឹងរងឥទ្ធិពលអាក្រក់បែបណា ខ្លះពីជំងឺកូវីដ-១៩?
ក្នុងបរិបទជំងឺឆ្លងសកល មនុស្សពេញវ័យជាច្រើន បានជួបប្រទះបញ្ហាផ្លូវចិត្ត ដូចជាកើតជំងឺស្ត្រេស បញ្ហាបាក់ទឹកចិត្ត និងឈានដល់ការធ្វើអត្តឃាតជាដើម។ ចំណែកកុមារ ក៏អាចទទួលរងផលវិបាក ផ្នែកផ្លូវចិត្តដូចមនុស្សពេញវ័យដែរ។ ពួកគេ ត្រូវពាក់ម៉ាស់, មិនអាចចេញក្រៅរត់លេង, មិនបានធ្វើពិធីជប់លៀងខួបកំណើត, មិនបានហាត់កីឡានៅខាងក្រៅ និងមិនអាចសូម្បីតែទៅសាលារៀនអស់រយៈពេលជាច្រើនខែ។
ទោះយ៉ាងនេះក្តី វាមិនមានន័យថាកុមារសុទ្ធតែមិនសប្បាយចិត្តនឹងជីវិតរស់នៅតែក្នុងផ្ទះ និងជួបបញ្ហាផ្លូវចិត្តដូចគ្នាទាំងអស់ទេ។ កុមារខ្លះចូលចិត្តរៀននៅផ្ទះ ហើយចំណាយពេលច្រើនជាមួយគ្រួសារ។ ចំណែកកុមារផ្សេងទៀត ក៏ជួបផលលំបាកដោយសារការសិក្សានៅផ្ទះមិនមានលក្ខណៈរស់រវើកដូចនៅសាលារៀន និងខ្វះខាតការយកចិត្តដាក់គាំទ្រផ្លូវចិត្តពីគ្រួសារជាដើម។ លោកស្រី Paige Lembeck អ្នកចិត្តវិទ្យានៃមជ្ឈមណ្ឌលសិក្សាពីកុមារ Yale បានលើកឡើងបែបនេះ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅចន្លោះខែមីនា និងខែតុលាឆ្នាំ ២០២០ ការពិនិត្យសុខភាពផ្លូវចិត្តកុមារអាយុពី៥ឆ្នាំទៅ១១ឆ្នាំ បានកើនឡើង២៤ភាគរយ ខណៈកុមារអាយុពី ១២ឆ្នាំទៅ១៧ឆ្នាំ តួលេខបានបានកើនឡើង៣១ភាគរយឯណោះ បើប្រៀបធៀបទៅនឹងអំឡុងខែដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើតាមទិន្នន័យដកស្រងពីទំព័រសុខភាពរបស់មន្ទីរពេទ្យ Yale។
ជាការពិត កុមារជាច្រើន ក៏ជួបបញ្ហាថប់អារម្មណ៍ បាក់ទឹកចិត្ត ឬបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត ក្នុងអំឡុងពេលដ៏លំបាកនេះ។ កុមារខ្លះត្រូវបានបាត់បង់ឪពុកម្តាយ ឬក្រុមគ្រួសារដោយសារជំងឺកូវីដ-១៩ និងដោយសារមូលហេតុជាច្រើនទៀត។
លើសពីនេះ កុមារដែលមិនចូលចិត្តសាលារៀន អាចនឹងលែងចង់ត្រឡប់ទៅចូលសាលាវិញ បើទោះជាការរាតត្បាតជំងឺកូវីដ-១៩ ត្រូវបញ្ចប់។ កុមារខ្លះក៏ពិបាកនឹងសម្របខ្លួនទៅតាមការផ្លាស់ប្តូររបៀបរស់នៅឆាប់រហ័ស ពីការរៀននៅសាលា និងរៀននៅផ្ទះ ហើយមិនបានប៉ុន្មានក៏ត្រូវប្តូរទៅរៀននៅសាលាវិញជាដើម។ បើទោះជាស្ថានភាពសង្គមត្រឡប់ទៅរកភាពប្រក្រតីវិញ កុមារប្រហែលជាមិនមានការគិតដូចការពីមុនទៀតឡើយ។
ផ្ទុយទៅវិញ វាក៏អាចមានរឿងល្អជាងមុនដែលទទួលបានពីបទពិសោធរស់នៅក្នុងស្ថានភាពជំងឺរាតត្បាតនេះដែរ ដោយកុមារនឹងដឹងពីតម្លៃនៃពេលវេលា តម្លៃនៃសុខភាពរាងកាយ និងផ្លូវចិត្តជាដើម។ ដូចនេះ កុមារត្រូវបានលើកទឹកចិត្តឱ្យទទួលការចាក់វ៉ាក់សាំងបង្ការដើម្បីសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩។ មានតែការចូលរួមចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចជួយឱ្យពិភពលោកឆាប់បិទបញ្ចប់ជំងឺរាតត្បាតនេះបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com