ជាតិ
២ឆ្នាំចុងក្រោយនេះ អ្នកភូមិ​ទួលតាហោ និយមដាំជីររណារ ព្រោះទីផ្សារល្អ
01, Aug 2021 , 7:59 pm        
រូបភាព
កសិករក្នុងភូមិទួលតាហោខេត្តត្បូងឃ្មុំ និយមដាំជីររណារ ព្រោះវាងាយស្រួលដាំដុះ មិនចំណាយទុនច្រើននិងអាចប្រមូលផលបានរយៈពេលវែង។ បើតាមលោក ហេង ពិសិដ្ឋ ប្រ​ធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរយៈពេល២ឆ្នាំចុងក្រោយនេះ ជីររណា​រមានទីផ្សារល្អ កសិករអាចលក់ចេញរាល់ថ្ងៃដ្បិតតម្លៃមិនខ្ពស់ថេរក៏ដោយ។



ជីររណារជាដំណាំស្លឹកសម្រាប់ប្រើជារបោយម្ហូបអាហារដ៏ពេញនិយមហើយក៏មានប្រយោជន៍ច្រើនសម្រាប់សុខភាព ដោយជួយព្យាបាលជំងឺក្រពះ ពោះវៀន ផ្ដាសាយហៀរសំបោរ ជួយរំលាយអាហារ និងបំបាត់ក្លិនមាត់ជាដើម។
 
លោក ហេង​ ពិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានលើកឡើងថាបច្ចុប្បន្នពលរដ្ឋក្នុងភូមិទួលតាហោ ឃុំគង់ជ័យ ស្រុកអូររាំងឪ ជាង២០គ្រួសារបាននាំគ្នាដាំជីររណារ​ ព្រោះ​មិនពិបាករកទីផ្សារដូចបន្លែ ឬដំណាំដទៃនោះ​។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
 
អ្នកភូមិទួលតាហោ បានចាត់ទុកការដាំជីររណារ ជារបរកសិកម្មចម្បងសម្រាប់ពួកគេព្រោះវាមានទីផ្សារល្អជាងដំណាំស្ពៃ តាសក់ និងត្រប់ ដែលពួកគេធ្លាប់ដាំកន្លងមក។
«មុនពេលដាំជីររណារ ពួកគាត់ធ្វើស្រែដាំស្ពៃ តាសក់ និងត្រប់ជាដើម។ តែវាអត់ទីផ្សារ ហើយលក់បានតម្លៃទាប ២០០-៣០០រៀល ក្នុង១គីឡូក្រាមថ្លៃបំផុតហើយបានជាង១ពាន់រៀលហ្នឹង។ ក្រោយមកពួកគាត់ ងាកមកដាំជីររណារនេះវិញវាគ្រាន់បើជាង»។ នេះជាការលើកឡើងរបស់លោក ហេង​ ពិសិដ្ឋដោយបន្តថា ជីររណារនេះ ទោះលក់មិនបានតម្លៃថ្លៃខ្លាំងប៉ុន្តែក៏មិនដែលធ្លាក់មកក្រោម១ពាន់រៀល ក្នុង១គីឡូក្រាម។ យ៉ាងហោចណាស់បាន១៣០០រៀល ទៅ១៥០០រៀលក្នុង១គីឡូក្រាម។
 
កសិករដាំជីររណារក្នុងភូមិទួលតាហោអាចប្រមូលផលជីរលក់ចេញឱ្យឈ្មួញរាល់ថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោក ហេង​ ពិសិដ្ឋដោយបន្ថែមថា ឈ្មួញទាំងនោះនាំជីររណារទៅលក់តាមបណ្ដាខេត្តនានា និងរាជធានីភ្នំពេញ។
 
បច្ចុប្បន្ន ជីររណារ​មិនទាន់មានការនាំចេញទៅក្រៅប្រទេសឡើយដ្បិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមិនទាន់គ្រប់គ្រាន់។
លោក គង់ សុធី កសិករដាំដុះជីររណារក្នុងភូមិទួលតាហោ បានលើកឡើងថា ជីររណារមានទី​ផ្សារល្អប៉ុន្តែតម្លៃបានធ្លាក់ចុះបន្តិច រយៈពេលចុងក្រោយនេះ ដោយសារកូវីដ-១៩រាលដាលខ្លាំង។ «តែជីររណារនេះទោះធ្លាក់ថ្លៃយ៉ាងណាក៏មិនដូចដំណាំផ្សេងៗ បាន២០០-៣០០រៀល ហើយពេលខ្លះ គ្មានអ្នកសោះតែម្ដង»។ នេះបើតាមការបញ្ជាក់របស់លោក គង់ សុធី។


លោក គង់ សុធី កំពុងអង្គុយលាងជីររណា ជាមួយកូនស្រី
 
កសិករវ័យ៦១ឆ្នាំរូបនេះអាចលក់ចេញជីររណារ បានប្រមាណ៥០គីឡូក្រាមក្នុងមួយថ្ងៃ។ បច្ចុប្បន្នជីររណារ​​​របស់លោកលក់បានតម្លៃចន្លោះពី១៥០០រៀល ទៅ១៨០០រៀល ក្នុងមួយគីឡូក្រាម ដោយអាចរកចំណូលបានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ មានបទពិសោធន៍ដាំជីររណារបាន២ឆ្នាំ លោក សុធីយល់ថាជីររណារជាប្រភេទដំណាំមានទីផ្សារ មិនពិបាកថែទាំខ្លាំងដូចដំណាំដទៃមួយចំនួនពិសេសអាចប្រមូលផលបានរយៈពេលយូរ។
កន្លងមកមុនពេលមានជំងឺកូវីដ-១៩ពុំទាន់មានកសិករនាំគ្នាដើមច្រើន ជីររណាររបស់អ្នកភូមិទួលតាហោមានតម្លៃខ្ពស់ដល់ទៅ៧ពាន់រៀលក្នុងមួយគីឡូក្រាម ឬជាង៣ពាន់រៀលក្នុងមួយគីឡូក្រាម។
 
នេះបើតាម លោក គង់ សុធី ដោយបន្តថា បច្ចុប្បន្នមានកសិករដាំដុះច្រើនឡើងដល់ជាង២០គ្រួសារ ខណៈភោជនីយដ្ឋានក៏បិទច្រើន ដោយសារកូវីដ-១៩។
 
លោក គង់ សុធីបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា នៅពេលយើងចាប់ផ្ដើមដាំជីររណារដំបូងត្រូវយកចិត្តទុកដាក់បន្តិចលើការដាក់ជី​ ស្រោចទឹកព្រឹកល្ងាច និងចាប់សត្វល្អិតជាដើម។
ប៉ុន្តែបន្ទាប់ពីវាលូតលាស់បានរយៈពេល៣ខែ កសិករអាចប្រមូលផលបានហើយ។ លោក បន្តថាដល់រដូវភ្លៀងកាន់តែផ្ដល់ភាពងាយស្រួលដល់កសិករ ព្រោះមិនចាំបាច់ត្រូវស្រោចទឹក។​បន្ទាប់ពីលូតលាស់បាន៣ខែ កសិករនឹងអាចប្រមូលផលបន្តបន្ទាប់បានរយៈពេល១ឆ្នាំពេញ៕
 
 

Tag:
 ជីររណា
© រក្សាសិទ្ធិដោយ thmeythmey.com