COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ សាលារៀនចាប់ពីអនុវិទ្យាល័យអាចបើកឡើងវិញក្នុងខែកញ្ញា ឬតុលា សម្ដេច ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ក្មេង និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម១៨ ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១។
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការបើកសាលាឡើងវិញនេះនឹងអាចរៀបចំឡើងនៅខែកញ្ញា ឬតុលានេះ។ ប្រមុខរដ្ឋាភិបាលគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ដល់១៨ឆ្នាំនេះ គឺជាគោលដៅ និងជាការគិតគូរដល់ការរៀបចំបើកសាលារៀននិងគ្រឹះស្ថានអប់រំនានាឡើងវិញ។
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្មេងនិងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១សីហានេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា កុមារនិងយុវជន គឺទំពាំងស្នងឫស្សី និងជាសសរទ្រូង ដែលត្រូវគិតគូរជាចម្បង។ ការលើឡើងបែបនេះ ដោយសារសម្ដេច សង្កេតឃើញរយៈពេលនៃការរាលដាលកូវីដ-១៩ គឺបានប៉ះពាល់ដល់គុណភាពអប់រំ។ សម្ដេចបន្ថែមថា ទោះបីបន្តរៀនតាមប្រព័ន្ធអនឡាញក៏ពិតមែន តែគុណភាពនៃការសិក្សារបស់សិស្សគឺមិនល្អដូចរៀនផ្ទាល់ឡើយ។ សម្ដេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ៖ «យើងអាចបើកដំណើរការឡើងវិញនូវសាលារៀន និងគ្រឹះស្ថានអប់រំនានា។ យ៉ាងហោចណាស់ យើងអាចចាប់ផ្ដើមបើកសាលា ចាប់ពីអនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១-២០២២ នៅខែកញ្ញា ឬខែតុលាខាងមុខ»។
សូមជម្រាបថា កម្ពុជាបានសម្រេចបិទគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រប់កម្រិត ចាប់តាំងពីថ្ងៃទី ២០ ខែមីនាមកម្ល៉េះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ សិស្សានុសិស្ស ត្រូវបន្តការសិក្សាតាមប្រព័ន្ធអនឡាញ។
ប្រមុខរដ្ឋាភិបាល បានទទួលស្គាល់ថា ការសិក្សាតាមប្រព័ន្ធអនឡាញរបស់សិស្សានុសិស្សគឺមិនបានជាប់លាប់ ដិតដល់ ហើយទទួលបានចំណេះដឹងដូចនឹងការសិក្សាផ្ទាល់ជាមួយគ្រូនៅក្នុងថ្នាក់រៀននោះទេ។ សម្រាប់ សម្ដេច ហ៊ុន សែន ផែនការបើកសាលាឡើងវិញនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់លើការអប់រំរបស់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា ពិសេសកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអប់រំកម្ពុជាទាំងមូល៕
© រក្សាសិទ្ធិដោយ thmeythmey.com