កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករចំបាប់គុយបា Lopez ឈ្នះមេដាយមាសលើកទី៤ នៅអូឡាំពិកក្រុងតូក្យូ
03, Aug 2021 , 4:07 pm        
រូបភាព
កីឡាករចំបាប់គុយបា Mijain Lopez បានបង្កើតប្រវត្តិសាស្ត្រពិភពលោក ក្រោយឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងជាមេដាយមាសអូឡាំពិកលើកទី៤ជាប់ៗគ្នា។ Lopez ប្តេជ្ញាបំបែកកំណត់ត្រាឈ្នះមាសលើក៥នៅប៉ារីសឆ្នាំ២០២៤ ទោះឈានដល់វ័យ៤១ឆ្នាំ។

 
Lopez បានផ្តួលកីឡាករ Iakobi Kajaia របស់ហ្សកហ្ស៊ីក្នុងលទ្ធផលពិន្ទុ ៥-០ នៅជំនួបវគ្គផ្តាច់ព្រ័ត្រកីឡាចំបាប់ វិញ្ញាសា Greco-Roman ប្រភេទទម្ងន់១៣០គីឡូក្រាម នៅថ្ងៃទី២ ខែសីហា។ នេះជាមេដាយទី៤ហើយដែល Lopez ទទួលបានពីកីឡាអូឡាំពិកក្នុងព្រឹត្តិការណ៍៤ផ្សេងគ្នា។ 
 
មេដាយមាស៣លើកដំបូងដែលអត្តពលិកគុយបា វ័យ៣៨ឆ្នាំរូបនេះដណ្តើមបាន ដូចជានៅអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨ ក្រុងឡុងដ៍ឆ្នាំ២០១២ និងក្រុងរីយ៉ូឆ្នាំ២០១៦។
Lopez បានក្លាយជាកីឡាករចំបាប់អូឡាំពិកផ្នែកបុរសដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ និងជាអត្តពលិកទី៥ លើលោកដែលអាចឈ្នះមេដាយមាស៤ក្នុងប្រភេទកីឡាឯកត្តជនតែមួយវិញ្ញាសា។


កីឡាករ Mijain Lopez លើកគ្រូបង្វឹកខ្លួនក្រវី ក្រោយឈ្នះមេដាយមាសលើកទី៤នៅតូក្យូ 
«ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមោទកភាពបំផុតដែលបានក្លាយជាអត្តពលិកឆ្នើមបំផុតនៅអូឡាំពិក និងបង្កើតប្រវត្តិសាស្ត្រពិភពលោក»។ នេះជាការរៀបរបស់ Lopez មុនបញ្ជាក់ថា រូបគេនឹងបំបែកកំណត់ត្រាឈ្នះមេដាយមាសលើក៥នៅអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤។
 
បើតាមការផ្សារយរបស់កាសែត BBC មុនការអះអាងខាងលើ Lopez ធ្លាប់បានប្រកាសថា ខ្លួននឹងចូលនិវត្តន៍ក្នុងការចូលរួមអូឡាំពិកទៀតហើយ ក្រោយបញ្ចប់កីឡារដូវក្តៅឆ្នាំ២០២០ នៅជប៉ុននេះ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរក្រោយ Lopez ឈ្នះមាសលើកទី៤ ដោយច្រានចោលការចូលនិវត្តន៍វិញ។
 
Lopez បន្តថា៖ «ខ្ញុំនៅមានគោដៅជីវិតបន្តទៀតក្រោយឈ្នះមេដាយមាសលើកទី៤។ អាជីពរបស់ខ្ញុំនៅវែងឆ្ងាយ ដូច្នេះចខ្ញុំត្រូវខិតខំដើម្បីសម្រេចគោលដៅបំបែកកំណត់ត្រាបំបែកកំណត់ត្រាពិភពលោកឱ្យបាន»។ អូឡាំពិក ២០២៤ នៅប៉ារីស Lopez នឹងឈានចូលដល់វ័យ៤១ឆ្នាំ។
 
ក្រៅពី Lopez អត្តពលិកដែលកាន់កំណត់ត្រាឈ្នះមេដាយមាស៤ នៅអូឡាំពិកក្នុង៤ព្រឹត្តិការណ៍ផ្សេងគ្នាសម្រាប់វិញ្ញាសាឯកត្តជន មានដូចជាកីឡាករដាណឺម៉ាក Paul Elvstrom វិញ្ញាសាជិះទូកហ្វីន (ឆ្នាំ ១៩៤៨ ដល់ ១៩៦០), Al Oerter កីឡាករអាមេរិក Al Oerter កីឡាចោលដុំដែក (ឆ្នាំ១៩៥៦ ដល់ ១៩៦៨) និង Michael Phelps កំពូលកីឡាករហែលទឹកអាមេរិកធ្វើបានក្នុងឆ្នាំ ២០០៤ ដល់ ២០១៦ លើវិញ្ញាសាហែលមេអំបៅចម្ងាយ២០០ម៉ែត្រ៕
 

Tag:
 Mijain Lopez
  Greco-Roman
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com