ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋរងគ្រោះពីការអភិវឌ្ឍស្ទឹងសៀមរាប ត្អូញត្អែរពីបញ្ហាជីវភាពរស់នៅលើទីតាំងថ្មី
04, Aug 2021 , 10:19 am        
រូបភាព
អ្នកស្រី រឿន សុខ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅសំយ៉ាបផ្ទះអ្នកស្រីនៅទីតាំងថ្មី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
អ្នកស្រី រឿន សុខ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅសំយ៉ាបផ្ទះអ្នកស្រីនៅទីតាំងថ្មី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
សៀមរាប៖ អស់រយៈពេល៧ខែមកហើយ ដែលពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ត្រូវបានអាជ្ញាធរបង្ខំឱ្យរុះរើផ្ទះសម្បែងចេញ ខណៈដែលអាជ្ញាធររៀបចំស្ដារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ទឹងឡើងវិញ។ ប្រជាពលរដ្ឋដែលរងគ្រោះពីការបណ្ដេញចេញទាំងនោះ កំពុងជួបបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃនៅលើទីតាំងថ្មី ដែលផ្តល់ដោយអាជ្ញាធរខេត្ត ដែលស្ថិតនៅស្រុកបន្ទាយស្រី ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងសៀមរាប។

 
ដ្បិតថា ទៅកាន់តំបន់ថ្មីមានដីធំជាងកន្លែងចាស់ក៏ពិតមែន តែពលរដ្ឋភាគច្រើនបាត់បង់មុខរបរចិញ្ចឹមជីវិត ។ ពលរដ្ឋខ្លះថា អាជ្ញាធរហាក់យកពួកគេទៅបំបោះបង់ចោល ដោយសារទីនោះពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ 
 
អាជ្ញាធរខេត្ត បានចោទប្រកាន់ប្រជាពលរដ្ឋថា ពួកគេរស់នៅមាត់ស្ទឹងខុសច្បាប់ និងអនាធិបតេយ្យ ដោយឱ្យដំណោះស្រាយគោលនយោបាយដី នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ពលរដ្ឋក្នុងមួយគ្រួសារ ទទួលបានសំណងដី ដែលមានទទឹង២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ។
 
គ្រួសារធំមួយដែលមានសមាជិកសរុប ១០នាក់ រួមទាំងកូន និងចៅ គឺគ្រួសារ អ្នកស្រី រឿន សុខ បានចាកចេញភ្លាមៗ ទៅកាន់ទីតាំងថ្មីនៅដើមខែមករា ឆ្នាំ២០២១  បន្ទាប់ពីអាជ្ញាធរសន្យាថា នឹងផ្តល់ការគាំពារគ្រប់យ៉ាង ដើម្បីឱ្យពួកគេកសាងជីវិតថ្មី។ កំពុងអង្គុយក្រោមខ្ទម ដែលសង់ពីគ្រឿងសេសសល់ ពីការរុះរើផ្ទះចាស់នៅតំបន់ភូមិទ្រាំង សង្កាត់ស្លក្រាម អ្នកស្រី រឿន សុខ បានរៀរាប់ថា ពួកគាត់ជួបការលំបាកខ្លាំងចាប់តាំងពីប្តូរមករស់នៅទីតាំងថ្មី។ ពួកគាត់មិនមានរបរអ្វីធ្វើនោះទេ ដោយអ្នកខ្លះត្រូវចាកចេញពីភូមិ ទៅរកការងារកន្លែងផ្សេងធ្វើ។ 
 
អ្នកស្រី រឿន សុខ រៀបរាប់ថា៖‍ «រកអីអត់កើតទេ មានតែឡើងទៅរកនៅខេត្ត មានកូនប្រុសមួយឡើងទៅធ្វើសំណង់ ល្ងាចបានមកវិញ សម័យកូវីដនេះ មិនហ៊ានដេក (នៅខេត្ត) ទេ»។
 
ជាស្រ្តីមេម៉ាយ អ្នកស្រី រឿន សុខ អាយុ៥៨ឆ្នាំ និងមានជំងឺលើសឈាមផង។  គាត់ជាអ្នកសៀមរាបមួយរូប ដែលពីមុនរស់នៅតំបន់ផ្សារដើមក្រឡាញ់ និងបានប្ដូរទីលំនៅទៅរស់នៅតំបន់មាត់ស្ទឹងសៀមរាប ពីឆ្នាំ២០០៨ មក។ កាលរស់នៅផ្ទះចាស់ និងពេលមានសុខភាពល្អ  អ្នកស្រី រឿន សុខ អាចឆ្លៀតជួយលាងចាននៅតាមហាងអាហារក្បែរៗផ្ទះ ដែលក្នុងមួយខែរកចំណូលបាន៨០ដុល្លារ។ តែពេលនេះ អ្នកស្រីត្រូវពឹងទាំងស្រុង លើប្រាក់សមធម៌ ដែលផ្តល់ដោយរដ្ឋ។
 
មានតែកូនប្រុសបង្កើតម្នាក់របស់អ្នកស្រីប៉ុណ្ណោះ ដែលឡើងចុះធ្វើសំណង់នៅខេត្តសៀមរាប។ ក្រៅពីនោះ កូនប្រសារប្រុស២នាក់របស់អ្នកស្រី រឿន សុខ ចេញទៅស៊ីឈ្នួលគេនៅខេត្តកំពត និងខេត្តកណ្ដាល ដោយបន្សល់ម្ដាយចាស់ ប្រពន្ធ និងកូនតូចៗ រស់នៅជុំគ្នាក្នុងផ្ទះខ្ទមចង្អៀត។ 
 
កំពុងអង្គុយធ្វើម្ហូប ត្រៀមអាហារពេលថ្ងៃ អ្នកស្រី ផន សាយ អាយុ២៧ឆ្នាំ ត្រូវជាកូនស្រីទី៣ របស់អ្នកស្រី រឿន សុខ ប្រាប់ថា ក្រោយពីបាត់បង់ការងារជាចុងភៅតាមភោជនីយដ្ឋានក្នុងក្រុងសៀមរាប ប្ដីនាងបានចេញទៅធ្វើការនៅខេត្តកំពត ដោយស៊ីឈ្នួលបើកឡានតាក់ស៊ីឱ្យគេ។ ចាប់តាំងពីកំណើតកូនទី២មក រយៈពេលជាង៦ខែហើយ ដែលប្ដីនាងមិនបាននៅជុំគ្រួសារ ព្រោះខំធ្វើការសន្សំលុយមកផ្ទះ ពិសេសសងបំណុលធនាគារ ខណៈខ្លួននាងក៏មិនមានរបរអ្វីធ្វើ។
 
អ្នស្រី ផន សាយ និយាយថា៖ «រាល់ថ្ងៃអត់ការងារអីទេ ដេកចាំតែលុយពីប្ដី ចង់ថាលក់អីវ៉ាន់ ក៏ស្ងាត់ទៀត»។  
អ្នកស្រី ផន សាយ បានរំលឹកពេលមានផ្ទះក្នុងក្រុង គឺអាចឆ្លៀតចេញទៅធ្វើការបន្ដិចបន្ដួចបាន ដូចជាជួយលាងចាន ធ្វើការក្នុងហាង រត់តុ ដែលអាចបានកម្រៃខ្លះៗ ផ្គត់ផ្គង់គ្រួសារ។ 


ទិដ្ឋភាពក្នុងភូមិនៅទីតាំងថ្មី ដែលផ្តល់ដោយអាជ្ញាធរខេត្តសៀមរាប ស្ថិតក្នុងស្រុកបន្ទាយស្រី ចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីប្រជុំជន។ រូបភាពថត នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២១។  
 
អាជ្ញាធរខេត្តបានប្រាប់ពលរដ្ឋថា នឹងអភិវឌ្ឍន៍ភូមិថ្មី ទៅជាភូមិទេសចរណ៍មួយនាពេលអនាគត។ យ៉ាងណា ផែនការនេះ មិនទាន់លេចចេញជារូបរាងនោះទេ ខណៈដែលបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានរៀបចំរួច និងខ្លះទៀត ដូចជាផ្សារសាលារៀនជាដើម មិនទាន់មាននៅឡើយ។ កូនចៅអ្នកភូមិត្រូវទៅរៀននៅសាលា ដែលនៅក្បែរនោះ។ ចំណែកសេវាសុខាភិបាល ត្រូវឡើងទៅភូមិចាស់ ស្ថិតនៅទីប្រជុំជន។ 
 
កំពុងអង្គុយនៅមុខតូបលក់អាហារមុខផ្ទះ ក្នុងសភាពស្ងាត់បន្ដិច អ្នកស្រី ចាន់ សេងហៀង អាយុ៦២ឆ្នាំ ជាពលរដ្ឋមួយ ដែលមករស់នៅតំបន់ថ្មីនេះក្នុងដំណាក់កាលដំបូងនៅដើមឆ្នាំ២០២១មក។ មកដំបូង ស្រ្ដីមេម៉ាយរូបនេះ ត្រូវសម្អាតដីព្រៃរបស់ខ្លួន និងចូលកាប់ដើមឈើខ្លះនៅក្បែរនោះ ដើម្បីធ្វើសសរសង់ជាផ្ទះតៀមល្មមរស់នៅជាមួយម្ដាយជរា។ 
 
អ្នកស្រី សេងហៀង បានកាត់ដី២០ម៉ែត្រគុណ៣០ម៉ែត្រ ដែលអាជ្ញាធរដោះដូរឱ្យ ជា៤ចំណែក ដើម្បីចែកឱ្យកូន៤គ្រួសារទៀត។ កូនម្នាក់ បានសង់ផ្ទះជាប់អ្នកស្រី។ អ្នកស្រីសម្ដែងអារម្មណ៍រីករាយចំពោះទីតាំងថ្មីនេះ ដ្បិតថាវាទូលាយ និងមិនស្ថិតក្នុងតំបន់ហាមឃាត់ដូចពីមុន (តំបន់អប្សរា)។
 
អ្នកស្រីរៀបរាប់ថា៖ «មកនេះស្រួលជាងណោះ បានដីទូលាយ ហើយនៅស្រួលស្រឡះមុខស្រឡះមាត់ ហើយនៅតំបន់អប្សរាទៀត (ផ្ទះចាស់) ធ្វើអីក៏មិនបាន»។
 
យ៉ាងណាក្ដី ស្រ្ដីរូបនេះ បានត្អូញត្អែរពីការបាត់បង់មុខរបររកស៊ីប្រចាំថ្ងៃ ដែលធ្លាប់រកបានស្រួល។ នៅតំបន់ចាស់ អ្នកស្រី សេងហៀង អាចទិញបន្លែមកលក់បន្ត និងលក់សាច់គោក្នុងផ្សារ។ ក្រៅពីនេះ កូនៗអាចចេញរត់ម៉ូតូឌុបបានខ្លះ ដើម្បីទប់ចំណាយប្រចាំថ្ងៃ។ 
 
អ្នកស្រីលើកឡើងថា៖‍ «នៅក្រុង យើងអាចទិញបន្លែអីមកលក់ ដល់ឥឡូវឆ្ងាយចឹងបានអីលក់ សុទ្ធតែទិញពីគេទាំងអស់ យើងពិបាកដែរ បានស្រួលម្យ៉ាង ស្រឡះមុខស្រឡះមាត់ បានដីខ្លួនឯង (កម្មសិទ្ធិ)»។ 
 
គ្រួសារមួយចំនួន នៃពលរដ្ឋជាង៤០០គ្រួសារ ដែលចាកចេញទៅតាំងលំនៅ នៅតំបន់ថ្មី បានសង់ផ្ទះទុកចោល និងឆ្លៀតពេលចុងសប្ដាហ៍ ឡើងទៅមើលដី។ ម៉ោងជិត១០ទៅហើយ អ្នកស្រី សឿន យុំ និងប្ដី ទើបជិះម៉ូតូពីក្នុងក្រុងសៀមរាប ទៅដល់ខ្ទមចាំដី ដែលមិនមានដំបូលត្រឹមត្រូវ។ វ័យ៤៤ឆ្នាំ អ្នកស្រី សឿន យុំ ប្រាប់ថា រាល់ថ្ងៃប្ដីប្រពន្ធខ្លួន បានសុំដីគេស្នាក់នៅក្នុងក្រុងសៀមរាប និងឆ្លៀតសម្អាតស្មៅក្នុងដីនោះ ដើម្បីដោះដូរថវិកា និងម្ហូបអាហារបន្ដិចបន្តួច ក្រោយការងារសំណង់បានផ្អាកដោយសារជំងឺកូវីដ១៩។
 
ក្នុងទឹកមុខរួសរាយរាក់ទាក់ អ្នកស្រី រៀបរាប់ថា៖‍« ប្រសិនថ្ងៃក្រោយ មានមុខរបរ ក៏រកការងារនៅនេះ (ភូមិថ្មី) វាស្រួលជិតផ្ទះ មិនឈ្នះឡើងចុះទេ នៅដីគេមិនស្រួលដូចដីយើងទេ ថ្ងៃណាគាត់ចិត្តល្អ ក៏ល្អទៅ ថ្ងៃណាក៏ចិត្តអាក្រក់»។ 
 
នៅចុងឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានជូនដំណឹងដល់ពលរដ្ឋចំនួន ៤៣១គ្រួសារ ឱ្យចាកចេញពីមាត់ស្ទឹងចាប់ពីចំណុចស្ពាននាគ រហូតដល់ស្ពានអង្គរ ខណៈដែលអាជ្ញាធររៀបចំស្ដារសោភ័ណភាពស្ទឹងឡើងវិញ។ នៅដើមឆ្នាំ២០២១ គ្រួសារជាង៩០ភាគរយបានព្រមទទួលយកគោលនយោបាយដោះដូរ និងមាន១១គ្រួសារប៉ុណ្ណោះដែលបន្តទាមទាររហូតដល់ចុងខែ កុម្ភៈ។ ចុងក្រោយ ពួកគេត្រូវអាជ្ញាធរបង្ខំ តាមរយៈប្រើគ្រឿងចក្រឈូសឆាយ។
 
ការអភិវឌ្ឍស្ទឹងសៀមរាបនេះ គឺស្ថិតក្នុងគម្រោងសាងសង់អភិវឌ្ឍន៍ផ្លូវ ៣៨ខ្សែ ដែលរាជរដ្ឋាភិបាលនៅចុងឆ្នាំ២០២០ បានសម្រេចទម្លាក់កញ្ចប់ថវិកាជិត ១៥០លានដុល្លារ ហើយតាមផែនការ គម្រោងទាំងមូលនឹងបញ្ចប់នៅត្រឹមខែ ធ្នូ ចុងឆ្នាំនេះ។ 


អ្នកស្រី ភួង វីរៈ ក្នុងបទសម្ភាសនៅពាក់កណ្ដាលខែកុម្ភៈ មុនអាជ្ញាធរបណ្ដេញចេញពីលំនៅឋាននៅមាត់ស្ទឹងសៀមរាប។  
 
អ្នកស្រី ភួង វីរៈ ដែលបានតវ៉ាយ៉ាងស្វិតស្វាញលើករណីបណ្តេញចេញដោយបង្ខំនេះ បានរៀបរាប់ថា មកដល់ពេលនេះ អ្នកស្រីនៅតែមិនអាចទទួលយកបាននូវទង្វើរបស់អាជ្ញាធរ ដែលបានបង្ខំ និងដោះស្រាយមិនយុត្តិធម៌ជូនគ្រួសារខ្លួន។ គ្រួសារមួយនេះ អស់ផ្ទះឈើធំមួយខ្នង និងផ្ទះតូចៗ៣ទៀត ក្នុងរបងតែមួយ។ យ៉ាងណា អាជ្ញាធរដោះដូរឱ្យត្រឹមដីមួយប្លង់ដូចពលរដ្ឋទូទៅដែរ។ ការណ៍នេះហើយ ធ្វើឱ្យគ្រួសារអ្នកស្រី ភួង វីរៈ មិនអស់ចិត្ត ថាការដោះស្រាយគោលនយោបាយនេះ ហាក់មិនយុត្តិធម៌។
 
អ្នកស្រីបញ្ជាក់ថា៖ «បងអត់ប្រឆាំងទេ ព្រោះការបាត់បង់យើង សឹងតែមួយជីវិតដែលរក។ បងអត់ប្រឆាំងទេ គ្រាន់តែគោលនយោបាយដោះស្រាយឱ្យសមស្រប។ បើគាត់និយាយថា វាយុត្តិធម៌ស្មើៗគ្នា  វាអត់យុត្តិធម៌ គេតូចនៅលើមាត់ស្ទឹងក៏បានប៉ុណ្ណឹង ហើយដីបងប៉ុណ្ណាប៉ុណ្ណី ផ្ទះទំហំដី វាអត់ដឹងថាហៅថា យុត្តិធម៌ម៉េច សមធម៌ម៉េច»។
 
សព្វថ្ងៃនេះ អ្នកស្រី វីរៈ កំពុងស្នាក់នៅផ្ទះបងប្អូនក្នុងក្រុងសៀមរាបនៅឡើយ និងកំពុងស្នើសុំដីមួយឡូតិ៍ទៀតពីអាជ្ញាធរ ខណៈដែលកន្លងមកគេឱ្យដីមួយឡូតិ៍ប៉ុណ្ណោះ។ យ៉ាងណា ស្រ្ដីវ័យជាង៤០ឆ្នាំរូបនេះ អះអាងថា ប្រសិនបានដីមួយឡូតិ៍ទៀតតាមការស្នើសុំរបស់ខ្លួន  អ្នកស្រីនឹងលក់ដីនោះវិញ ដើម្បីយកថវិកាធ្វើដើមរកស៊ីខ្លះ និងចំណាយទៅលើករសិក្សារបស់កូនខ្លះ។ 
 
 អ្នកស្រីថា៖ «មិនសំខាន់រឿងរកស៊ីទេអូន សំខាន់កូនខ្ញុំត្រូវរៀន ដល់ពេលអ៊ីចឹង យើងទៅរៀននៅឯណោះមានសេវាណារៀនអូន តែនៅក្នុងក្រុងផងសេវាខ្លះដាច់សេវាអិនធឺណិត វានៅតែពិបាកនឹងអូន»។
 
ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្យ បានមានប្រសាសន៍ អាជ្ញាធរបានរៀបចំប្រព័ន្ធភ្លើង និងទឹក សម្រាប់ការរស់នៅដំបូងនៅទីតាំងថ្មី ស្ថិតនៅភូមិធម្មជាតិរុនតាឯក។ លោកថា ភូមិនោះនឹងមានសេដ្ឋកិច្ចល្អប្រសើរ ក្រោយអភិវឌ្ឍន៍ជាភូមិទេសចរណ៍ធម្មជាតិតាមផែនការដែលបានគ្រោងទុក។ 
 
យ៉ាងណាក៏ដោយ មន្រ្តីសាលាខេត្តរូបនេះទទួលស្គាល់ថា ការរស់នៅសព្វថ្ងៃពិតជាមានការលំបាកបន្ដិចមែន ព្រោះប្រជាពលរដ្ឋទាំងនោះធ្លាប់រស់នៅទីប្រជុំជន ហើយដូរបរិបទជីវិតនៅតំបន់ជនបទដូច្នេះ។ លោកថា ការផ្លាស់ប្ដូរនេះ មិនស្រួលប៉ុន្មានទេ តែថាការប៉ះពាល់បន្ដិចបន្ដួចប៉ុណ្ណោះ និងសុំឱ្យប្រជាពលរដ្ឋអត់ធ្មត់ ដើម្បីអនាគតច្បាស់លាស់មួយ។ 
 
លោក លី សំរិទ្ធ ពន្យល់ថា៖ «គាត់ចាប់ផ្តើមមានក្ដីសង្ឃឹម មានលំនឹងជាក់លាក់ មានកម្មសិទ្ធិស្របច្បាប់ ហើយគ្រួសារគាត់នឹងកសាងជីវភាពមួយល្អប្រសើរជាងមុន ប្រាកដប្រជាជាងមុន។ កាលមុននេះ ការរស់នៅគ្មានអ្នកណាទទួលស្គាល់ទេ ហើយខ្ញុំបានជម្រាបថា ទោះបី១០០ឆ្នាំទៀត ក៏វាអត់អាចជាកម្មសិទ្ធិបានដែរ»។
 
អាជ្ញាធរខេត្តសៀមរាប បានស្នើសុំឃ្វៀលដីចំនួន ៣៥០ហិកតា នៅតំបន់ភូមិធម្មជាតិរុនតាឯក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ តំបន់នេះនឹងត្រូវរៀបចំសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះពីការអភិវឌ្ឍនានាក្នុងក្រុង។ តាមការបញ្ជាក់ពីលោក លី សំរិទ្ធ មកដល់ពេលនេះមានពលរដ្ឋប្រមាណ ៧០០គ្រួសារហើយដែលបានទៅរស់នៅតំបន់ថ្មីនេះ។
 
អ្នកសម្របសម្រួលអង្គការ លីកាដូ ប្រចាំខេត្តសៀមរាប លោក ស វណ្ណារ៉ា មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលព្រមទទួលយកគោលនយោបាយទៅកាន់តែតំបន់ថ្មី គឺគ្មានជម្រើសអ្វីផ្សេងនោះទេ បើទោះបីដឹងថា ទីនោះនឹងប្រឈមបញ្ហាផ្នែកសេដ្ឋកិច្ចក្ដី។ មន្រ្តីសង្គមស៊ីវិលរូបនេះ ស្នើឱ្យអាជ្ញាធរផ្តល់ការគាំពារ និងសំណងឱ្យបានសមរម្យជាងនេះសម្រាប់ពលរដ្ឋរងគ្រោះពីការបណ្ដេញចេញក្នុងគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាប។ 
 
លោកមានប្រសាសន៍ថា៖ «ឱ្យជាដីមិនទាន់សមរម្យទេ ដោយសារប៉ះពាល់ជីវភាពពួកគាត់ នៅឆ្ងាយ បើអាចគួរមានវិធានការសមរម្យ អាចមានសំណង់ផ្ទះជូនគាត់អី»។
 
ជាអ្នករងគ្រោះពីការបណ្ដេញចេញ និងអះអាងថា ខ្លួនទទួលសំណងមិនយុត្តិធម៌ អ្នកស្រី ភួង វីរៈ ចង់ឃើញអាជ្ញាធរដោះស្រាយករណីអភិវឌ្ឍន៍នានាឱ្យសមរម្យ និងទទួលយកបានពីគ្រប់ភាគី។
 
អ្នកស្រី វីរៈ បន្ថែមថា៖ «ប្រសិនមានបញ្ហាដូច្នេះនៅទីតាំងណាទៀត កុំយកគំរូបែបនេះដោះស្រាយជាមួយពលរដ្ឋ គួរធ្វើប្រជាមាតិពីពលរដ្ឋសិនទៅ ថាគាត់ជួបការលំបាកបែបណា ធ្វើយ៉ាងម៉េចឱ្យទាំងសងខាងល្មមចិត្តគ្នា កុំធ្វើឱ្យម្នាក់ៗម្ខាងៗថាមានសំពាធ ចឹងវាអត់ល្អ»៕
 

Tag:
 សេវាសាធារណៈ
  ដីធ្លី
  ស្ទឹងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com