អន្តរជាតិ
ថៃមានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃដល់ជាង២ម៉ឺននាក់ជាលើកដំបូង
04, Aug 2021 , 10:59 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ក្រសួងសុខាភិបាលថៃ រាយការណ៍នៅថ្ងៃទី៤ ខែសីហា ថា មានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសចំនួន២០២០០នាក់ ដែលជាកំណត់ត្រាឆ្លងប្រចាំថ្ងៃថ្មី។ អ្នកស្លាប់មាន១៨៨នាក់ ដែលបំបែកកំណត់ត្រាចាស់ផងដែរ។

 
ក្នុងចំណោមករណីឆ្លងថ្មី២០២០០នាក់ អ្នកឆ្លងក្នុងចំណោមប្រជាជនទូទៅមាន២០០១៣នាក់ និងនៅពន្ធនាគារមាន១៨៧នាក់។ នៅថ្ងៃទី៣ ខែសីហា ថៃ ក៏មានអ្នកសះស្បើយ១៧៩៧៥នាក់ផងដែរ។ ករណីឆ្លងសរុបឡើងដល់៦៧២៣៨៥នាក់ និងស្លាប់៥៥០៣នាក់។ ភាគច្រើននៃករណីឆ្លង និងស្លាប់ កើតក្នុងរលកឆ្លងខែមេសាមកដល់បច្ចុប្បន្ន។
 
ដើម្បីទប់ស្កាត់ការរាលដាល រដ្ឋាភិបាលថៃ បានចេញវិធានការបិទខ្ទប់នៅរាជធានីបាងកក និងខេត្តជុំវិញដែលជាតំបន់ផ្ទុះខ្លាំង។ វិធានការរឹតត្បិតជាច្រើនទៀត ក៏ត្រូវដាក់ចេញនៅខេត្តដែលមានហានិភ័យខ្ពស់ចាប់ពីខែកក្កដាមក ប៉ុន្តែហាក់មិនមានលទ្ធផលគាប់ប្រសើរឡើយ។
 
ជាមួយគ្នានេះ ថៃក៏សម្រុកផ្ដល់វ៉ាក់សាំងដល់ប្រជាជនផងដែរ ដោយប្រើប្រាស់វ៉ាក់សាំង Sinovac, Pfizer និង Moderna ដែលជាថៃទិញផ្ទាល់ និងជាជំនួយប្រទេសនានា។ នៅថ្ងៃទី៣ ខែសីហា ថៃទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ចំនួន៣លានដូសដែលជាការរិច្ចាគរបស់អាមេរិកផងដែរ។
 
ស្ថានភាពនៅថៃ ក៏បង្កការគំរាមដល់ប្រទេសក្បែរខាងមានឡាវ និងកម្ពុជា ដែលត្រូវទទួលពលកររៀងៗខ្លួនរាប់រយនាក់៕
 

Tag:
 ថៃ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com