អន្តរជាតិ
ប្រធានាធិបតីអាមេរិក ប្រកាសផ្ដល់សិទ្ធិស្នាក់នៅបណ្ដោះអាសន្នសម្រាប់ប្រជាជនហុងកុង
06, Aug 2021 , 11:23 am        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី៥ ខែសីហា បានប្រកាសផ្តល់ការស្នាក់នៅដោយសុវត្ថិភាពនៅក្នុងទឹកដីអាមេរិកជាបណ្ដោះអាសន្នដល់ប្រជាជនហុងកុង ដោយលោកសំអាងពីការធ្លាក់ចុះសិទ្ធិមនុស្ស និងការអនុវត្តច្បាប់សន្តិសុខជាតិនៅក្នុងក្រុងហុងកុង។ ការប្រកាសរបស់មេដឹកនាំអាមេរិកបែបនេះ នឹងអនុញ្ញាតឱ្យប្រជាជនហុងកុងអាចពន្យារស្នាក់នៅអាមេរិក បានរហូតដល់ ១៨ខែ។

 
នៅក្នុងអនុស្សរណៈដែលចេញដោយសេតវិមានអាមេរិក ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាឱ្យក្រសួងសន្តិសុខមាតុភូមិអាមេរិក កុំបញ្ជូនប្រជាជនហុងកុងដែលកំពុងរស់នៅអាមេរិកត្រលប់ទៅវិញ រហូតដល់១៨ខែ។ ការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកបែបនេះ នឹងធ្វើឱ្យប្រជាជនហុងកុងមួយចំនួន អាចបន្តស្នាក់នៅអាមេរិកតទៅទៀត។ 
 
ការប្រកាសផ្តល់កន្លែងសុវត្ថិភាពសម្រាប់ប្រជាជនហុងកុងបែបនេះ ធ្វើឡើងក្រោមហេតុផលថា ចិនបានបំផ្លាញសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។ 
 
«នៅឆ្នាំមុន ចិនបានបន្តយាយីស្វ័យភាពហុងកុង បំផ្លាញដំណើរលទ្ធិប្រជាធិបតេយ្យ ដាក់កំហិតលើសេរីភាពនៃការអប់រំ និងបង្រ្កាបសេរីភាពប្រព័ន្ធផ្សព្វផ្សាយ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាមេរិក នឹងមិនលុបចោលការគាំទ្រខ្លួនលើប្រជាជនហុងកុងឡើយ។ យ៉ាងណាមិញ ក្នុងអនុស្សរណៈនោះ ក៏បានករណីលើកលែងផងដែរ ដូចជា ប្រជាជនហុងកុងដែលស្ម័គ្រចិត្តត្រលប់ទៅវិញ និងអ្នកមិនបន្តស្នាក់នៅអាមេរិកជាដើម។ 
 
ជាមួយគ្នានេះ លោកបៃឌិន បានបញ្ជាក់យ៉ាងច្បាស់ៗថា តាមរយៈការអនុវត្តច្បាប់សន្តិសុខជាតិ ចិនបានបំពានសេរីភាព និងសិទ្ធិនៃការសប្បាយរីកសាយរបស់ប្រជាជនហុងកុង។ មិនតែប៉ុណ្ណោះ អាជ្ញាធរហុងកុង បានចាប់ខ្លួនអ្នកនយោបាយប្រឆាំង សកម្មជន បាតុករច្រើនជាង ១០០នាក់ ក្រោមច្បាប់សន្តិសុខជាតិ។ 
 
សូមបញ្ជាក់ថា ចិន តែងចោទអាមេរិកជាញឹកញាប់ថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន ជុំវិញបញ្ហាហុងកុង តៃវ៉ាន់ និងតំបន់ស៊ីនជាំងដើម ខណៈពេល អាមេរិក តែងអះអាងថាចិន បានបំពានសិទ្ធិមនុស្ស ហើយថែមទាំងប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិវីហ្គ័រនៅក្នុងតំបន់ស៊ីនជាំងថែមទៀត៕ 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com