ជាតិ
សង្គមជាតិ
សាលារាជធានីផ្តើមសិក្សាគម្រោងចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃ
06, Aug 2021 , 6:59 pm        
រូបភាព
សាលារាជធានីភ្នំពេញ និងអ្នកជំនាញជប៉ុនមកពីក្រសួងដែនដី បានចាប់ផ្តើមសិក្សាអំពីការបង្កើតចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃនៅក្នុងរាជធានី។ គម្រោងនេះជាផ្នែកមួយនៃសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន។

 
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយភាគី ជប៉ុនដើម្បីចាប់ផ្តើមពិភាក្សាអំពីការបង្កើតចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃនៅក្នុងរាជធានី ភ្នំពេញ។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ ដោយភាគីកម្ពុជាចូលរួមដោយ តំណាងមន្ទីរសាធារណការរាជធានី រដ្ឋាករដឹកជញ្ជូន សាធារណៈ រថយន្តក្រុង ស្នងការ នគរបាលរាជធានីភ្នំពេញ តំណាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍។ ភាគីជប៉ុនមានវត្តមាន តំណាងក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ តំណាងស្ថានទូតជប៉ុន និងតំណាងដៃគូជប៉ុន។


 
លោក នួន ផារ័ត្ន បានមានប្រសាសន៍សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា គម្រោងចំណត រង់ចាំ រថយន្តក្រុងឆ្លាតវៃ គឺជាផ្នែកមួយនៃប្រព័ន្ធទីក្រុងឆ្លាតវៃរបស់រាជធានីភ្នំពេញ។ លោកបន្តថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្ដាញទីក្រុងឆ្លាតវៃរបស់អាស៊ាន សាលារាជធានីភ្នំពេញបានស្នើសុំឱ្យភាគីជប៉ុនសិក្សាអំពីការរៀបចំចំណតរង់ចាំរថយន្ក្រុងឆ្លាតវៃ។ បើតាមការបញ្ជាក់របស់លោកអភិបាលរងរាជធានីភ្នំពេញ គម្រោង បឋម នេះស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បង។
 
ចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃ អាចនឹងត្រូវបំពាក់ដោយប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មានព័ត៌មានអំពីដំណើររបស់រថយន្តក្រុង អ៊ីនធឺណិត អំពូលបំភ្លឺ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងទូរATM ជាដើម។


 
កាលពីឆ្នាំ ២០១៨ កម្ពុជាបានជ្រើសរើស រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ជាសមាសភាពនៃទីក្រុងឆ្លាតវៃនៅក្នុងក្របខណ្ឌនៃបណ្ដាញទីក្រុងឆ្លាតវៃរបស់អាស៊ាន ដែលមានទាំងអស់ចំនួន២៦។
 
ទីក្រុងឆ្លាតវៃទាំងនេះមានគោលដៅរួមក្នុងការអនុវត្តការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅឆ្នាំ២០២៥។ អាជ្ញាធរនៃទីក្រុងឆ្លាតវៃនឹងត្រូវផ្ដោតទៅលើការរៀបចំលើវិស័យជាច្រើនដូចជា ប្រព័ន្ធនៃការដឹកជញ្ជូន អប់រំ សុខភាពសាធារណៈ សុវត្ថិភាព អគ្គិសនី អនាម័យ និងទឹកស្អាតជាដើម៕
 


 

© រក្សាសិទ្ធិដោយ thmeythmey.com