ជាតិ
ប្រាសាទបាយក្អែក ទទួលបានការជួសជុល និងលើកតម្លៃឡើងវិញ
07, Aug 2021 , 2:08 pm        
រូបភាព
រូបភាព អាជ្ញាធរជាតិអប្សរា
រូបភាព អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ប្រាសាទបាយក្អែក ដែលស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត កំពុងទទួលបានការជួសជុល និងលើកតម្លៃឡើងវិញ។ កន្លងមក ប្រាសាទនេះមិនទទួលបានការចាប់អារម្មណ៍ និងសឹងគ្មានអ្នកស្គាល់ទេ បើទោះបីជាវាស្ថិតនៅមុខប្រាសាទអង្គរវត្ត ដែលមនុស្សម្នាចូលទៅកម្សាន្តជារៀងរាល់ថ្ងៃក៏ពិតមែន។

 
 
អស់រយៈកាលប្រមាណ៥ខែមកហើយ ដែលអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមគម្រោងជួសជុល និងលើកតម្លៃប្រាសាទបាយក្អែកឡើងវិញ។ មកដល់ពេលនេះ ការជួសជុលសម្រេចបានប្រមាណ៧០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងខែ កញ្ញាខាងមុខនេះ។
 
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក ស្រ៊ុន តិច បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទបាយក្អែក ត្រូវបានលើកឡើង ស្របពេលដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំ និងលើកតម្លៃបរិស្ថានមុខប្រាសាទអង្គរវត្តឡើងវិញ។ 


  រូបភាព អាជ្ញាធរជាតិអប្សរា

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រៀបរាប់ថា ការជួសជុលប្រាសាទបាយក្អែកនេះ ហាក់មានការលំបាកបន្ដិច ពិសេសការឱ្យប្រាកដលើការគោរពតាមរចនាសម្ព័ន្ធទម្រង់នៃប្រាសាទនេះ ដ្បិតថា មានភស្ដុតាងតិចតួចបំផុតចំពោះព័ត៌មាននៃប្រាសាទមួយនេះ។ លោក ស្រ៊ុន តិច មានប្រសាសន៍ថា៖« ការជួសជុលមិនអាចធ្វើឱ្យដូចទម្រង់រចនាសម្ព័ន្ធដើមវិញទេ ដោយសារយើងគ្មានភស្ដុតាងច្បាស់លាស់ អ្វីដែលកំពុងជួសជុលនេះ គឺតាមឯកសាររបស់បារាំង ដែលគាត់បានកត់ត្រា ការធ្វើកំណាយ គូសប្លង់អី នៅឆ្នាំ ១៩៤៥ របស់លោក ហង់រីម៉ាហ្សាល ពេលគាត់មកដល់ គាត់ឃើញតែខ្លោងទ្វារ ហើយអ្វីៗធ្លាក់អស់»។


 រូបភាព អាជ្ញាធរជាតិអប្សរា

យ៉ាងណាក្ដី លោក ស្រ៊ុន តិច បញ្ជាក់ថា ដ្បិតយោងលើឯកសារមួយសន្លឹករបស់បារាំងក៏ពិតមែន តែក្រុមការងាររបស់លោក នឹងគោរពតាមបច្ចេកទេសជួសជុល តាមអនុសាសន៍របស់អ្នកជំនាញការ អាយស៊ីស៊ី-អង្គរ ដោយព្យាយាមប្រើប្រាស់ថ្មចាស់ៗឱ្យអស់លទ្ធភាព និងជំនួសថ្មីថ្មឱ្យបានតិចបំផុត គឺត្រឹម១០ ទៅ១៥ភាគរយប៉ុណ្ណោះ។
 
អ្នកស្រាវជ្រាវ បានយោងលើក្បាច់លើសសរពេជ្រដែលនៅជាប់ខ្លោងទ្វារប្រាសាទនេះ ដោយបញ្ជាក់ថា វាអាចសាងសង់ដំណាលគ្នាទៅនឹងប្រាសាទអង្គរវត្តដែរ គឺអំឡុងសតវត្សទី១២។ លោក ស្រ៊ុន តិច ពន្យល់ថា៖« សសរពេជ្រទាំង២ ក៏ខុសគ្នាទៀត មួយធំមួយតូច បើមើលបច្ចេកទេស ការឆ្លាក់អត់ទាន់ហើយទៀត មិនទាន់រំលេចជាក្បាច់ តែអាចមើលទម្រង់សសរពេជ្រ មាន១៦ជ្រុង បើធៀបនឹងប្រាសាទដទៃ ធៀបនឹងរចនាប័ទ្មអង្គរ វាស្ថិតនៅរចនាប័ទ្មដូចគ្នាន គឺសតវត្សទី១២»។
 
ក្នុងនាមជាអ្នកកាន់ការងារជួសជុលឡើងវិញ លោក ស្រ៊ុន តិច រំពឹងថា ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ចូលទស្សនាប្រាសាទបាយក្អែកឡើងវិញ ក្រោយការជួសជុលរួច៕
 
 

Tag:
 ប្រាសាទបាយក្អែក
  បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com