ជាតិ
អ្នកជំនាញ៖ ការជួសជុលដំបូលសាលាឆាន់វត្តរាជបូរណ៌ ជាការរួមចំណែកអភិរក្សស្ថាបត្យកម្មឈើរបស់ដូនតា
07, Aug 2021 , 8:59 pm        
រូបភាព
សៀមរាប៖ អភិរក្សសំណង់អគារបុរាណ គឺជាផ្នែកមួយនៃការរក្សាតម្លៃស្ថាបត្យកម្មខ្មែរបុរាណដ៏ល្អឯក កុំឱ្យបាត់បង់ ព្រោះអគារទាំងនោះមានតម្លៃណាស់ ហើយក៏អាចចាត់ទុកជា មេរៀន ជាគ្រូ សម្រាប់ក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់ដែរ។ នេះជាការលើកឡើងរបស់លោក ស៊ឹម ប៊ុនធឿន បន្ទាប់ពីក្រុមអ្នកជំនាញ បានបញ្ចប់ការជួសជុល និងកែលម្អដំបូលាលាឆាន់បុរាណដែលមានអាយុប្រមាណ១០០ឆ្នាំ ក្នុងវត្តរាជបូរណ៌។ សម្រាប់លោក ស៊ឹម ប៊ុនធឿន សាលាឆាន់ដែលបានជួសជុលនៅវត្តរាជបូណ៌ ជាស្ថាបត្យកម្មមួយដ៏ល្អ មានភាពទន់ភ្លន់ មិនឆើតឆាយ ពិសេសបច្ចេកទេសសាងសង់ គឺពិសេសសម្រាប់ស្ថាបត្យកម្មឈើ របស់ខ្មែរ។

 
 
លោក ស៊ឹម ប៊ុនធឿន បន្តទៀតថា   ការជួសជុលនូវសំណង់អគារបុរាណឡើងវិញ ពិតជាមានតម្លៃណាស់ គឺទាំងគុណតម្លៃប្រវត្តិសាស្រ្ដ វប្បធម៌ និងស្ថាបត្យកម្មខ្មែរ។ លោក រៀបរាប់ថា៖ «មានតម្លៃសម្រាប់បេតិកភណ្ឌ ព្រោះវាមានអាយុកាលយូរឆ្នាំហើយ មានតម្លៃផ្នែកប្រវត្តិសាស្រ្ដ បញ្ជាក់ថាយើងមានវប្បធម៌រុងរឿងតាំងពីយូរមកហើយ ជាសាក្សីភាពមួយបញ្ជាក់ពីបច្ចេកទេស ភាពប៉ិនប្រសព្វក្នុងការតុបតែងក្នុងវិស័យសំណង់តាំងពីដើមមក ជាជាតិសាសន៍មួយមានវប្បធម៌ អារ្យធម៌ខ្ពង់ខ្ពស់»។
 
បើតាម អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា មុនការជួសជុល សំណង់សាលាឆាន់នេះមានភាពទ្រុឌទ្រោមខ្លាំង ដោយឈើដំបូល ធ្នឹម ជាដើម ពុកផុយ បាក់ ដែលធ្វើឱ្យដំបូលស្រុតនៅផ្នែកខាងលិច។ អ្នកជំនាញរូបនេះអះអាងថា ការជួសជុលគឺមានភាពលំបាកខ្លាំង និងទាមទារបច្ចេកទេសខ្ពស់ ទម្រាំអាចជួសជុលរួចរាល់ជាស្ថាពរ។ លោកពន្យល់ថា៖ «គ្រឿងបង្គំខ្លះ ពុកផុយ ត្រូវការកាត់ យកឈើថ្មីមកត ត្រូវរើម្ដងមួយៗ មិនអាចរើទាំងអស់ទេ»។ 
 
សូមអញ្ជើញទស្សនាដំបូលសាលាឆាន់បុរាណ ក្នុងវត្តរាជបូរណ៌ បន្ទាប់ពីជួលជុល និងកែលម្អរួច៖ 
 
 
សូមរំឭកថា ក្រុមអ្នកជំនាញជួសជុលអគារសំណង់បុរាណ បានចំណាយពេលជាង៣ខែ ក្នុងការជួសជុល និងកែលម្អ ដំបូលសាលាឆាន់បុរាណនេះ។ សំណង់សាលាឆាន់បុរាណនេះ មានបណ្ដោយជាង២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់ ១០.៩២ម៉ែត្រ៕
 
 

Tag:
 សាលាឆាន់បុរាណ
  វត្តរាជបូណ៌
© រក្សាសិទ្ធិដោយ thmeythmey.com