អន្តរជាតិ
ប្រេសិតអាស៊ាន ចង់បានជួប «គ្រប់ភាគីទាំងអស់» ពេលទៅមីយ៉ាន់ម៉ា
08, Aug 2021 , 12:29 pm        
រូបភាព
លោក អេរីវ៉ាន់ យូសូហ្វ ប្រេសិតអាស៊ានសម្រាប់មីយ៉ាន់ម៉ា។ រូបថត BruDirect
លោក អេរីវ៉ាន់ យូសូហ្វ ប្រេសិតអាស៊ានសម្រាប់មីយ៉ាន់ម៉ា។ រូបថត BruDirect
ប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាទើបតែងតាំងថ្មី អេរីវ៉ាន់ យូសូហ្វ (Erywan Yusof) បាននិយាយនៅថ្ងៃទី៧ ខែសីហា ថា លោកចង់ជួបគ្រប់ភាគីទាំងអស់ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក យូសូហ្វ មិនទាន់ត្រូវបានកំណត់ឡើយ។ នៅមីយ៉ាន់ម៉ា រដ្ឋាភិបាលយោធាហាក់មិនទាន់ចាប់អារម្មណ៍ទទួលលោក យូសូហ្វ នៅពេលនេះឡើយ ខណៈក្រុមប្រឆាំងរបបយោធាវិញ ក៏ដូចជាមិនពេញចិត្តប្រេសិតរបស់អាស៊ានដែរ។

 
លោក អេរីវ៉ាន់ យូសូហ្វ ត្រូវបានជ្រើសរើសជាប្រេសិតពិសេសអាស៊ានសម្រាប់កិច្ចការមីយ៉ាន់ម៉ាអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅដើមសប្ដាហ៍នេះ។ លោកស្ថិតក្នុងចំណោមបេក្ខជនយ៉ាងតិច៤នាក់ដែលត្រូវជ្រើសរើសឱ្យកាន់តំណែងនេះជាលើកដំបូង ខណៈអាស៊ានព្យាយាមដោះស្រាយវិបត្តិនយោបាយមីយ៉ាន់ម៉ាដែលសមាជិកមួយរបស់ខ្លួន។
 
 
ដើម្បីបំពេញការងាររបស់ខ្លួន លោក យូសូហ្វ អះអាងថា លោកគួរតែអាចជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាពេលធ្វើទស្សនកិច្ចនៅទីនោះ។ ប៉ុន្តែក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែសីហា លោក យូសូហ្វ ដែលជារដ្ឋមន្រ្តីការបរទេសទី២ របស់ព្រុយណេ មិនបានផ្ដល់កាលបរិច្ឆេទពីដំណើរទៅកាន់មីយ៉ាន់ម៉ាឡើយ ទីដែលមេដឹកនាំរដ្ឋាភិបាលស៊ីវិល អ៊ុងសាន ស៊ូជី និងមន្រ្តីជាច្រើនទៀតកំពុងជាប់ឃុំខ្លួននោះ។
 
ជាបេសកជន អ្នកការទូតព្រុយណេរូបនេះ មានការងារច្រើនដូចជាសម្របសម្រួលវិបត្តិនយោបាយ បញ្ចប់អំពើហិង្សា បើកផ្លូវដល់កិច្ចសន្ទនារវាងយោធា និងក្រុមប្រឆាំងរបបយោធា ដែលការណ៍នេះតម្រូវឱ្យលោកត្រូវជួបគ្រប់ភាគីទាំងអស់។ លោក យូសូហ្វ ក៏មានភារៈមើលការខុសត្រូវការផ្ដល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាដែលកំពុងរងការប្រហារខ្លាំងដោយជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិមានទឹកជំនន់ជាដើម។
 
«គម្រោងទស្សនកិច្ចនៅមីយ៉ាន់ម៉ា ស្ថិតក្រោមការរៀបចំ។ អ្វីដែលយើងត្រូវធ្វើ គឺធានាថា យើងត្រៀមខ្លួនជាស្រេចពេលទៅដល់មីយ៉ាន់ម៉ា»។ លោក យូសូហ្វ បញ្ជាក់បែបនេះ។ 
 
យ៉ាងណាមិញ ការចង់ជួបគ្រប់ភាគីទាំងអស់នោះ ទំនងជាពិបាកកើតឡើង ព្រោះរបបយោធាទំនងជាមិនអនុញ្ញាតឱ្យប្រេសិតអាស៊ានក្រុមប្រឆាំងឡើយ កុំថាឡើយជួបលោកស្រី ស៊ូជី នោះ។ ចំណែកក្រុមប្រឆាំងរដ្ឋាភិបាលយោធា ក៏ជំទាស់ការតែងតាំងលោក យូសូហ្វ ដែរ ព្រោះអាស៊ានមិនបានជជែកជាមួយសមាសភាពប្រឆាំងយោធា និងភាគីពាក់ព័ន្ធឯទៀត៕
 
 
 
 
 
  
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com