អត្ថបទពាណិជ្ជកម្ម
ធនាគារ ហ្វីលីព បង្ហាញពីសមិទ្ធផលជោគជ័យ បន្ទាប់ពីបានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត
09, Aug 2021 , 3:32 pm        
រូបភាព
 បន្ទាប់ពីការរួមបញ្ចូលគ្នា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត អស់រយៈពេលជាង១ឆ្នាំ ធនាគារ ហ្វីលីព បានក្លាយជាធនាគារ ដែលមានបណ្តាញសាខាច្រើនជាងគេមួយនៅក្នុងកម្ពុជា សរុបប្រមាណជាង ៨០សាខា នៅទូទាំងប្រទេស។ កាន់តែពិសេសនោះ គឺធនាគារហ្វីលីព បានបន្តសកម្មភាព ក្នុងការផ្តល់ប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទនិង កាន់តែងាយស្រួលដល់អតិថិជន។


អគ្គនាយក ធនាគារ ហ្វិលីព លោក ចាន់ម៉ាច បានថ្លែងថា ចាប់តាំងពីការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីពបានផ្តោតលើសកម្មភាពសំខាន់ៗជាច្រើន ក្នុងនោះសំដៅជាចម្បងទៅលើការបង្ហាញពីអត្តសញ្ញាណស្លាកយីហោរបស់ធនាគារ ហ្វីលីព ទៅដល់អតិថិជនទាំងអស់របស់ក្រេឌីតគួបផ្សំនឹងការផ្សព្វផ្សាយទៅកាន់សាធារណជន ឲ្យបានស្គាល់ពីចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើងផងដែរ។ 

លោកបានបន្តទៀតថា សាខាជាច្រើន ត្រូវបានកែលម្អមុខមាត់ថ្មីជាបណ្តើរៗនិងបំប្លែងឲ្យទៅជាសាខាធនាគារ ដែលបម្រើសេវាកម្ម និងផលិតផលធនាគារពេញលេញ ជូនដល់អតិថិជនគ្រប់ស្រទាប់រាប់ចាប់ពីអតិថិជនកម្ចីខ្នាតតូច ឯកត្តជន សហគ្រាសធុនតូច និងមធ្យម រហូតដល់សហគ្រាសធំៗ។ការផ្តល់ជូនផលិតផលដ៏ទាន់សម័យ ជាមួយនឹងសេវាកម្មដែលកាន់ងាយស្រួល សម្រាប់ជួយសម្រួលដល់អតិថិជនរបស់យើងក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុរបស់ពួកគេ។ 
 
ធនាគារបានឆ្ពោះទៅមុខ ដោយឈរលើយុទ្ធសាស្រ្តស្នូលតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ហើយបន្តដាក់ជូនផលិតផលធនាគារបែបឌីជីថល ទៅកាន់ទីផ្សារក្នុងអំឡុងពេល១ឆ្នាំកន្លះនេះហើយដែរ។ តាមរយៈកម្មវិធីធនាគារចល័តអតិថិជនអាចប្រតិបត្តិការសេវាហិរញ្ញវត្ថុជាច្រើនប្រភេទ បានយ៉ាងងាយស្រួល តាមរយៈម្រាមដៃរបស់ពួកគេ។មាស្ទ័រកាតនិម្មិតរបស់ធនាគារយើង បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង សម្រាប់អតិថិជនក្នុងការទូទាត់ទាំងក្នុងនិងក្រៅប្រទេស។ 
 
លោកបានបញ្ជាក់ថា ៖“ ក្នុងឆ្នាំ២០២១យើងបានដាក់ដំណើរការសេវាកម្ម បើកគណនីដល់ទីកន្លែង ដែលផ្តល់នូវភាពងាយស្រួលទ្វេដងសម្រាប់អតិថិជនរបស់យើង ក្នុងការបើកគណនីជាមួយធនាគារ ហ្វីលីព។ យើងរំពឹងថា នឹងដាក់ចេញនូវសេវាកម្មជាច្រើនទៀតរួមមានសេវាបង់ទឹក ភ្លើង សេវាកម្មបើកគណនីតាមប្រព័ន្ធអនឡាញ សេវាធនាគារតាមអ៊ីនធឺណិតសេវាស្កេន និងទូទាត់ឆ្លងប្រទេស និងកាតទូទាត់ជាច្រើនប្រភេទទៀត។ ដោយសារតែភាពជោគជ័យនៃការរួមបញ្ចូលគ្នានេះ យើងនឹងនាំយកនូវផលិតផលហិរញ្ញវត្ថុជាច្រើននិងសេវាធនាគារឌីជីផលដ៏សម្បូរបែប សម្រាប់ដល់អតិថិជនរបស់យើង នៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេសផងដែរ” ។
 
លោកបានបញ្ជាក់ទៀតថាក្នុងនាមជាធនាគារពាណិជ្ជសិង្ហបុរីតែមួយគត់នៅកម្ពុជាយើងបានកំណត់នូវចក្ខុវិស័យរបស់យើងយ៉ាងច្បាស់ គឺផ្តល់ភាពពេញចិត្តដល់អតិថិជនបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍។
 
យើងបានបណ្តុះធនធានបុគ្គលិករបស់យើង ឲ្យមានបុគ្គលិកលក្ខណៈតាមស្តង់ដាសិង្ហបុរី ព្រមគ្នានឹងភាពទន់ភ្លន់នៃវប្បធម៌កម្ពុជាដើម្បីផ្តល់ជូនសេវាកម្មល្អឥតខ្ចោះ ជូនដល់អតិថិជន។ ជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងគឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វីលីព ឡាយហ្វ៍ និង ក្រុមហ៊ុន ធានារ៉ាប់រងទូទៅហ្វីលីព បានធ្វើឲ្យយើង អាចផ្តល់ជូនជាពិសេស នូវកញ្ចប់សេវាកម្មនិងផលិតផលហិរញ្ញវត្ថុ ដ៏ពេញលេញសម្រាប់អតិថិជន។
 
ធនាគារយើង បម្រើជូនដល់អតិថិជនទាំងបច្ចេកវិទ្យាខ្ពស់ ទាំងសេវាកម្មដែលល្អឥតខ្ចោះ។ នេះមានន័យថាយើងផ្តល់ជូនផលិតផលដែលមានគុណភាពខ្ពស់ ស្របជាមួយសេវាកម្មអតិថិជនដែលល្អប្រសើរបំផុត តាមរយៈបុគ្គលិកជាង១៨០០នាក់របស់យើង។
 
បុគ្គលិករបស់យើង សុទ្ធសឹងតែបានបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងផ្នែកសេវាធនាគាររបស់ពួកគេ។

ដើម្បីបំពេញឲ្យបាននូវចក្ខុវិស័យ ក្នុងការចូលរួមផ្តល់ប្រយោជន៍ដល់សហគមន៍យើងក៏បានផ្សាភ្ជាប់ ការសហការទៅលើកិច្ចការទំនួលខុសត្រូវសង្គមផងដែរដោយផ្តោតទៅលើសកម្មភាព ដែលជិតសិ្នទ្ធជាមួយសហគមន៍គោលដៅផ្ទាល់។

ធនាគារ ហ្វីលីព មានមោទកភាពណាស់ក្នុងនាមជាធនាគារពាណិជ្ជនៅកម្ពុជាតែមួយគត់ ដែលមានអង្គការមិនមែនរដ្ឋាភិបាលផ្ទាល់របស់ខ្លួនឈ្មោះថា  «អង្គការគាំពារភូមិយើង» ដែលបាន និងកំពុងធ្វើការ ជាដៃគូជាមួយយើង។ បេសកកម្មរបស់អង្គការគាំពារភូមិយើង គឺផ្តោតទៅលើការធ្វើឲ្យប្រសើរឡើង នូវសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅសហគមន៍កម្ពុជា ជាពិសេស អតិថិជនរបស់ធនាគារ ហ្វីលីព នៅតាមជនបទ ដោយផ្តល់វគ្គបណ្តុះបណ្តាលនិងប្រឹក្សាយោបល់ លើការគ្រប់គ្រងហិរញ្ញវត្ថុ ការអប់រំកុមារតូច និងការអភិវឌ្ឍន៍គ្រួសារ
 
និងសហគមន៍។ ទាំងនេះ បានធ្វើឲ្យធនាគារ ហ្វីលីព មានលក្ខណៈពិសេសខុសប្លែក ពីធនាគារពាណិជ្ជផ្សេងទៀត។លោកបន្តថា ជោគជ័យដែលទទួលបាន បន្ទាប់ពីការរួមបញ្ចូលគ្នាមកគឺបានសម្រេចរួចរាល់ក្នុងការកែប្រែរូបរាងថ្មី ពីក្រេឌីតទាំង៨៨សាខា មកជាធនាគារហ្វីលីព ហើយសាខាមួយចំនួន ក៏បានបំប្លែងទៅជាសាខាផ្តល់សេវាធនាគារពេញលេញផងដែរ។
 
អតិថិជនរបស់យើង នៅទីប្រជុំជន និងជនបទប្រមាណជាង ៣០ភាគរយបាននិងកំពុងប្រើប្រាស់សេវាធនាគារចល័ត 24/7 របស់យើង។ ហើយយើងរំពឹងថាចំនួននេះនឹងកើនឡើងជាលំដាប់បន្ទាប់ពីការដាក់ឲ្យមានសេវាទូទាត់ ឧបករណ៍ប្រើប្រាស់នៅលើកម្មវិធីធនាគារចល័តរបស់យើង។ 
 
បន្ទាប់ពីបានក្លាយជាសមាជិកប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិ និងគម្រោងទូទាត់ជាប្រាក់រៀល តាមការស្កេនកូដ (KHQR) យើងបានក្លាយជាធនាគារលំដាប់ទី៣នាំមុខគេដែលមានអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់បាគងច្រើនជាងគេ។ បច្ចុប្បន្ននេះ យើងបានផ្តល់ជូនសេវាទូទាត់ជាប្រាក់រៀលតាមការស្កេនកូដ(KHQR) ជាមួយដៃគូអាជីវកម្មជាង ៣០០០ហើយយើងនឹងបន្តពង្រីករហូតដល់ ៦០០០អាជីវករ នៅដំណាច់ឆ្នាំនេះ។ នេះជាដំណើរការដែលធនាគារជួយជ្រោមជ្រែងអតិថិជនរបស់យើង ឲ្យត្រៀមខ្លួនរួចជាស្រេច ទៅកាន់ការប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធទូទាត់ថ្នាក់ជាតិមួយនេះ។យើងនឹងពង្រីកសេវាឌីជីថលបន្ថែមទៀត តាមរយៈការដាក់ឲ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិត សម្រាប់អតិថិជនឯកត្តជន និងសហគ្រាស នាត្រីមាសទី៤ ឆ្នាំ២០២១។
 
យើងក៏មានគម្រោងដាក់ឲ្យប្រើប្រាស់ សេវាកម្មបើកគណនីតាមអនឡាញផងដែរដោយអតិថិជនអាចទាញយកកម្មវិធីធនាគារចល័តរបស់យើង ហើយបង្កើតគណនីដោយខ្លួនឯង គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ 
 
ធនាគារ ហ្វីលីពតែងតែធ្វើការជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍ប្រជាជាតិសិង្ហបុរី នៅកម្ពុជា។លើសពីនេះ យើងតែងតែគាំទ្រសកម្មភាពជាច្រើន របស់សហគមន៍ពួកគាត់ ដើម្បីណែនាំផលិតផល និងសេវាកម្មរបស់យើងទៅដល់អាជីវកម្មរបស់ពួកគាត់ផងដែរ។ យើងទទួលបានអាជីវកម្មរបស់ជនជាតិសិង្ហបុរីជាច្រើនដែលប្រើប្រាស់សេវាកម្មរបស់ធនាគារយើង។ ជាមួយគ្នានេះ យើងក៏បានសហការជាមួយដៃគូអាជីវកម្មសិង្ហបុរីជាច្រើនក្នុងការផ្តល់ការបញ្ចុះតម្លៃដល់អ្នកប្រើប្រាស់កាតធនាគារ ហ្វីលីព។ ភាគច្រើននៃអាជីវកម្មជនជាតិសិង្ហបុរីនៅកម្ពុជាគឺជាដៃគូសហការរបស់ធនាគារយើង សេវាទូទាត់ដោយស្កេនកូដQR ដែលនេះ បានផ្តល់នូវភាពស្រួលទ្វេឡើង សម្រាប់អតិថិជនជាតិសិង្ហបុរី។
 
លោករំលឹកថា ទិសដៅចក្ខុវិស័យរបស់ធនាគារក្នុងពេល៥ឆ្នាំខាងមុខ នឹងបន្តការរីកចម្រើនរបស់យើងបន្ថែមទៀត ទៅកាន់ឌីជីថលភាវូបនីយកម្ម។យើងមានគោលបំណងសម្រេចឲ្យបាន ក្នុងការក្លាយខ្លួនជាធនាគារឌីជីថល នាំមុខគេមួយនៅកម្ពុជា។
 
បច្ចុប្បន្ន យើងបានដាក់ការវិនិយោគ ទៅលើរចនាសម្ព័ន្ធនៃសេវាកម្មធនាគារឌីជីថលជាច្រើនប្រភេទហើយទាំងនេះ នឹងជះផលដល់អតិថិជនរបស់យើង ឲ្យទទួលបានទំនើបកម្ម និងភាពងាយស្រួលច្រើនឡើង នាអនាគត។ក្នុងពេល៥ឆ្នាំខាងមុខ យើងរំពឹងថា អតិថិជនកាន់តែច្រើន នឹងរីករាយ ប្រើប្រាស់ផលិតផលឌីជីផលនិងសេវាកម្មរបស់យើង ក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុ ក្នុងក្តីស្រមៃរបស់ពួកគាត់៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com