ជាតិ
សង្គមជាតិ
លោក អាគីរ៉ា អំពាវ​នាវ​ឱ្យ​សាធារណជនជួយសង្រ្គោះ​សារ​មន្ទីរ​គ្រាប់មីន
13, Aug 2021 , 8:59 pm        
រូបភាព
សៀមរាប៖ វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យសារមន្ទីរគ្រាប់មីនកម្ពុជាដ៏ចំណាស់មួយ ក្នុងខេត្តសៀមរាប ជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្រោយបិទទ្វាររយៈពេលជិត២ឆ្នាំមកនេះ  សារមន្ទីរគ្រាប់មីនកម្ពុជា របស់លោក អាគីរ៉ា អស់ថវិកាទាំងស្រុងក្នុងការជួលបុគ្គលិក ដើម្បីគាំពារ និងថែរក្សាតទៅទៀត។ នៅចំពោះមុខស្ថានភាពបែបនេះ លោក អាគីរ៉ា បានអំពាវនាវដល់សាធារណជន ជួយសង្រ្គោះសារមន្ទីររបស់លោក។

 
«ស្ងាត់ជិតឈឹង ចប់ហើយខ្ញុំ អត់មានអីសង្ឃឹមសោះឥឡូវ»។ នេះជាពាក្យសំដីរបស់លោក អាគីរ៉ា ម្ចាស់សារមន្ទីរគ្រាប់មីនកម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី។ ធ្លាប់ជាកន្លែងអ៊ូអរ មានភ្ញៀវទេសចរច្រើនចូលទស្សនាប្រចាំថ្ងៃ តែដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យសារមន្ទីរមួយនេះបិទទ្វារ។ យ៉ាងណា បុគ្គលិកដែលជាជនពិការ និងអ្នករងគ្រោះដោយសារគ្រាប់មិនផ្ទុះ និងកូនសិស្សជិត៤០នាក់ បន្តស្នាក់នៅក្នុងសារមន្ទីរមួយនេះ រហូតដល់វេលានៃការប្រកាសរំសាយរបស់ប្រធានសារមន្ទីរនេះ។


 
ដ្បិតថា បានបិទទ្វារបណ្ដោះអាសន្នចាប់ពីផ្ទុះជំងឺកូវីដ ១៩ នៅដើមឆ្នាំ ២០២០មក តែទើបតែដើមសប្ដាហ៍នេះតែប៉ុណ្ណោះ ដែលសារមន្ទីរគ្រាប់មីនកម្ពុជា សម្រេចរំសាយបុគ្គលិក ក៏ដូចជាកូនសិស្សដែលធ្លាប់សិក្សា ស្ថិតក្រោមការផ្គត់ផ្គង់របស់សារមន្ទីរនេះ។ លោក អាគីរ៉ា មានបញ្ជាក់ថា៖« ឥឡូវអត់មានអីជួយទៀតទេ រកតែលុយបើកប្រាក់ខែឱ្យគេមិនបាន ។ រំសាយអស់ហើយ ទើបរំសាយ២  ៣ថ្ងៃមុន ព្រោះលុយក្នុងកុង សល់០ បង្ហើយលុយត្រឹមខែ៨»។ លោក បន្តថា៖«ខាងណាក៏ដោយ ឱ្យតែជួយ! ១រៀលក៏ដោយ ២រៀលក៏ដោយ»។
 
អ្វីដែលជាការអំពាវនាវរបស់ប្រធានសារមន្ទីរនៅពេលនេះ គឺចង់ឱ្យមានការគាំទ្រផ្នែកថវិកា ដើម្បីថែទាំសារមន្ទីរ ក៏ដូចជាផ្នែកសន្ដិសុខសុវត្ថិភាពជាដើម។ លោក អាគីរ៉ា ពន្យល់ថា៖« យើងចង់បានអ្នកយាម និងអ្នកសម្អាត ថ្លែទឹក ភ្លើងជាដើម អាចចំណាយខ្ទង់ ១.២០០ ដុល្លារ ក្នុងមួយខែ យើងអត់មានលុយ រាល់ថ្ងៃខ្ញុំមើលខ្លួនឯង គឺពិបាក បើគ្មានការសម្អាតទេ វាអាចខូចខាត ហើយអត់អ្នកយាម នឹងមានចោរចូលដែរ»។
 
សារមន្ទីរគ្រាប់មីនកម្ពុជា ត្រូវបានបង្កើតឡើងដំបូងគេបង្អស់នៅឆ្នាំ១៩៩៧ ដោយលោក អាគីរ៉ា ដែលត្រូវបានគេស្គាល់ថា ជាHERO CNN ដែលលោកបានចំណាយពេលច្រើនឆ្នាំ ក្នុងការជួយបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។ លោកបើកសារមន្ទីរនេះឡើង ក្នុងបំណងផ្សព្វផ្សាយពីមហន្តរាយនៃគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារកចំណូលទ្រទ្រង់ជនរងគ្រោះ ពីគ្រាប់មិនទាន់ផ្ទុះផងដែរ។ 


 
បុគ្គលិក និងក្មេងៗសរុបជិត៦០នាក់ ដែលកំពុងធ្វើការ និងរស់នៅ ក្នុងសារមន្ទីររបស់លោក អាគីរ៉ា ដែលស្ថិតនៅភូមិខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។ លោកប្រាប់ថា ការចំណាយរៀងរាល់ខែ សរុប ១ម៉ឺនដុល្លារ ហើយវាមិនមានបញ្ហាចោទទេ អំឡុងពេលនៅមានភ្ញៀវធម្មតា៕
 


 
 
 
 

Tag:
 សារមន្ទីរគ្រាប់មីន
  អាគីរ៉ា
 បន្ទាយស្រី
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com