អន្តរជាតិ
កាណាដា នឹងតម្រូវបុគ្គលិករដ្ឋទាំងអស់ចាក់វ៉ាក់សាំងកូវីដ-១៩
14, Aug 2021 , 4:19 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋាភិបាលកាណាដា នៅថ្ងៃទី១៣ ខែសីហា ប្រកាសថា ខ្លួននឹងតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ រួមទាំងអស់អ្នកដំណើរតាមផ្លូវគោក ផ្លូវដែក និងតាមកប៉ាល់ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ការតម្រូវនេះ ធ្វើឡើងស្របពេលករណីឆ្លងក្នុងប្រទេសហក់ឡើងដោយសារវត្តមានវីរុសបំប្លែងខ្លួនដែលតា។

 
«យើងដឹងថាវ៉ាក់សាំងជាផ្លូវល្អបំផុតដើម្បីបញ្ចប់វិបត្តិនេះ»។ លោក Dominic LeBlanc រដ្ឋមន្រ្តីទទួលបន្ទុកការិយាធិបតេយ្យកាណាដានិយាយបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៣ ខែសីហា ពេលលោកប្រកាសផែនការរបស់រដ្ឋាភិបាលដែលតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ទទួលវ៉ាក់សាំង។ លោកក៏រំពឹងថា បុគ្គលិករដ្ឋទាំងអស់ នឹងអនុវត្តតាមលក្ខណ្ឌនេះ។
 
មន្រ្តីសាធារណៈនៅកាណាដាមានប្រហែល៣០ម៉ឺននាក់ ហើយឱសាវាទនៃការចាក់វ៉ាក់សាំង នឹងប្រកាសនៅប៉ុន្មានសប្ដាហ៍ទៀត។ លោក LeBlanc និយាយថា ការកំណត់ឱ្យចាក់វ៉ាក់សាំង មានគោលដៅជំរុញចំនួនអ្នកទទួលបានវ៉ាក់សាំងឱ្យដល់កម្រិតអប្បរមាដើម្បីបើកសេដ្ឋកិច្ចឡើងវិញ និងការពារពួកគេផងដែរ។ 
 
ក្នុងសន្និសីទដដែល រដ្ឋមន្ត្រីកាណាដារូបនេះក៏លើកឡើងពីផែនការកំណត់ឱ្យអ្នកដំណើរតាមមធ្យោបាយសាធារណៈទាំងអស់ត្រូវចាក់វ៉ាក់សាំងផងដែរ ដោយការអនុវត្តអាចចាប់ផ្ដើមនៅយ៉ាងហោចណាស់ខែតុលាខាងមុខ។ បើតាមរដ្ឋមន្រ្តីដឹកជញ្ជូនកាណាដា Omar Alghabra ការកំណត់រួមបញ្ចូលអ្នកធ្វើដំណើរតាមផ្លូវអាកាស និងអ្នកដំណើរតាមរថភ្លើងពីខេត្តមួយទៅខេត្តមួយទៀត ព្រមទាំងការធ្វើដំណើរតាមផ្លូវទឹកផងដែរ។
 
គិតត្រឹមថ្ងៃទី១៣ ខែសីហា ប្រជាជនកាណាដា៧១ភាគរយនៃចំនួនសរុប៣៨លាននាក់ ទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយ៦២ភាគរយ ទទួលបានវ៉ាក់សាំងពេញលេញ។ កាណាដា ក៏ត្រៀមបើកប្រទេសទទួលអ្នកដំណើរដែលចាក់វ៉ាក់សាំងពេញលេញនៅដើមខែកញ្ញាខាងមុខផងដែរ៕
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com