អន្តរជាតិ
លោកខាងលិចញាប់ដៃជម្លៀសបុគ្គលិកស្ថានទូត ខណៈតាលីបង់ចូលកាន់តែកៀករដ្ឋធានីកាប៊ុល
14, Aug 2021 , 7:29 pm        
រូបភាព
ក្រុមជីវពលតាលីបង់ចូលដល់ទីក្រុង Kandahar ។ រូបថត Xinhua
ក្រុមជីវពលតាលីបង់ចូលដល់ទីក្រុង Kandahar ។ រូបថត Xinhua
ក្រុមប្រទេសលោកខាងលិច កំពុងញាប់ដៃញាប់ជើងជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន ខណៈក្រុមតាលីបង់ចូលកាន់កៀករដ្ឋធានីកាប៊ុល។ សកម្មជនតាលីបង់ បង្កការភ្ញាក់ផ្អើលខ្លាំងដោយអាចដណ្ដើមទីក្រុងធំៗរបស់អាហ្វហ្កានីស្ថានដោយមិនសូវមានការប្រយុទ្ធខ្លាំងជាមួយកម្លាំងរដ្ឋាភិបាលឡើយ។ យ៉ាងណាមិញ អាមេរិកនៅតែមានសុទិដ្ឋិនិយមថា ទីក្រុងកាប៊ុលនឹងមិនធ្លាក់ចូលដៃក្រុមតាលីបង់ឡើយ។

 
ឧទ្ធម្ភាគចក្រកងទ័ពអាមេរិក ហោះចេញចូលស្ថានទូតក្នុងរដ្ឋធានីកាប៊ុល និងព្រលានយន្តហោះ។ ក្រុមប្រទេសអឺរ៉ុបមានចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក និងអេស្ប៉ាញ ក៏ប្រកាសជម្លៀសបុគ្គលិកចេញពីស្ថានទូតរៀងៗខ្លួននៅថ្ងៃទី១៣ ខែសីហា។ នេះជាប្រតិបត្តិការជម្លៀសរបស់ក្រុមប្រទេសលោកខាងលិច ស្របពេលដែលក្រុមតាលីបង់ចូលកៀករដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។
 
ខណៈដែលទីក្រុងធំៗបានធ្លាក់ចូលដៃក្រុមតាលីបង់ជាបន្តបន្ទាប់ ទីក្រុងកាប៊ុល ត្រូវមើលឃើញថា ស្ថិតក្រោមការហ៊ុមព័ទ្ធទៅហើយ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា សកម្មជនតាលីបង់ ស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងកាប៊ុល បន្ទាប់ពីវាយដណ្ដើមទីក្រុង Pul-e-Alam ទីរួមខេត្ត Logar ។ ទីក្រុងសំខាន់ៗដែលមិនទាន់បាត់បង់មាន Jalalabad, Mazhar-i-Sharif, Gardez និងKhost ។
 
នៅស្ថានទូតអាមេរិក បុគ្គលិកត្រូវបានបញ្ជាឱ្យកម្ទេចឯកសារសំខាន់មុនចាកចេញ ដែលត្រូវបានការពារដោយកងទ័ពទើបបញ្ជូនទៅដល់។ តាមគម្រោង អាមេរិកនឹងបញ្ជូនយោធាចំនួន៣ពាន់នាក់ដើម្បីការពារការជម្លៀសបុគ្គលិកស្ថានទូត និងជនជាតិអាហ្វហ្កានីស្ថានដែលបានស្នើសុំទិដ្ឋាការពិសេសកន្លងមក។ 
 
ទោះជាមានការជម្លៀសបែបនេះក្ដី ក្រសួងការពារជាតិអាមេរិកអះអាងថា ទីក្រុងកាប៊ុល នឹងមិនធ្លាក់ចូក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ឡើយ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby និយាយនៅថ្ងៃទី១៣ ខែសីហា ថា ទីក្រុងកាប៊ុលមិនទាន់ធ្លាក់ចូលក្នុងសភាពគំរាមនៅឡើយទេ តែលោកទទួលស្គាល់ថា ក្រុមតាលីបង់ព្យាយាមកាត់ផ្ដាច់ទីក្រុងនេះ។ បើតាមអ្នកនាំពាក្យរូបនេះ យោធាអាមេរិកអាចជម្លៀសមនុស្សខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ។
 
សូមបញ្ជាក់ថា ប្រតិបត្តិការវាយណ្ដើមទីក្រុងរបស់ក្រុមតាលីបង់ មានល្បឿនលៀនចាប់តាំងពីការដកទ័ពអាមេរិក និងសម្ព័ន្ធមិត្តចាប់ពីខែឧសភាមក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមតាលីបង់បានរឹបអូសអាវុធទំនើបៗពីកម្លាំងរដ្ឋាភិបាល ដែលការណ៍ជួយពង្រឹងកម្លាំងរបស់ក្រុមឧទ្ទាមកាន់តែខ្លាំង៕
 
 
 
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com