ជាតិ
វីដេអូ
កូនខ្មែរកាត់បារាំង Marianne ទៅរៀនជំនាញទេសចរណ៍នៅបារាំង ដើម្បីមកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា
14, Aug 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ កូនខ្មែរកាត់បារាំង កញ្ញា ម៉ារីយ៉ាន ក្លេ ដែលជាតារាបង្ហាញម៉ូដ និងជាអតីតទូតសុច្ឆន្ទៈសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានជ្រើសរើសជំនាញទេសចរណ៍ សម្រាប់ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសបារាំង។ យុវតីវ័យ១៨ឆ្នាំរូបនេះ ចង់ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការសិក្សានៅក្រៅប្រទេស។ 


 
ជាកូនស្រីក្នុងគ្រួសារដែលមានឪពុកម្ដាយជាអ្នកផ្តល់សេវាកម្មទេសចរណ៍ កញ្ញា ម៉ារីយ៉ាន ក្លេ មានចំណង់ចំណូលចិត្ត និងក្ដីស្រឡាញ់លើជំនាញទេសចរណ៍ដូចឪពុកម្ដាយ។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលាបារាំងមួយក្នុងរាជធានីភ្នំពេញ យុវតី ម៉ារីយ៉ាន បានសម្រេចចិត្តទៅបន្តការសិក្សាជំនាញទេសចរណ៍នៅសាកលវិទ្យាល័យ ESTHUA ដែលជាសាកលវិទ្យាល័យទេសចរណ៍ធំជាងគេនៅប្រទេសបារាំង។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត កញ្ញា ម៉ារីយ៉ាន លើកឡើងពីមូលហេតុជ្រើសរើសជំនាញទេសចរណ៍បែបនេះ៖«តាំងពីតូច ខ្ញុំបានរស់នៅក្នុងវិស័យទេសចរណ៍ជាមួយឪពុកម្ដាយ ដែលមានសណ្ឋាគារនៅខេត្តរតនគិរីជាង២០ឆ្នាំមកហើយ។ ខ្ញុំចូលចិត្តជួយឪពុកម្ដាយ ជួយទទួលភ្ញៀវ ជួយលក់វត្ថុអនុស្សាវរីយ៍។ ហើយតាំងពីឪពុកម្ដាយខ្ញុំ បើកសមាគមអភិរក្សដំរី ខ្ញុំមានអារម្មណ៍ចង់ជួយផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍ក្នុងស្រុកខ្មែរ»។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ជាមួយកញ្ញា ម៉ារីយ៉ាន ក្លេ កូនខ្មែរកាត់បារាំងដូចតទៅ៖ 
 

ការស្រឡាញ់ និងចូលចិត្តវិស័យទេសចរណ៍ មិនមែនជាការបង្ខិតបង្ខំពីក្រុមគ្រួសារឡើយ ពោលគឺជាជ្រើសរើសរបស់កញ្ញា ម៉ារីយ៉ាន ក្លេ។ យុវតីកូនកាត់ខ្មែរ-បារាំងរូបនេះ ចង់ឱ្យឃើញវិស័យទេសចរណ៍នៅកម្ពុជារីកចម្រើន ខណៈវិស័យទេសចរណ៍ ជាវិស័យមួយដែលផ្ដល់នូវប្រភពចំណូលដល់សេដ្ឋកិច្ចជាតិ។
 
មានសម្បុរខ្មែរស្រអែម យុវតី ម៉ារីយ៉ាន មើលឃើញថា កម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ទាំងធម្មជាតិ និងវប្បធម៌។ កូនខ្មែរកាត់បារាំងរូបនេះ ស្រឡាញ់តំបន់រមណីយដ្ឋានអង្គរវត្តច្រើនជាងតំបន់ណាទាំងអស់នៅកម្ពុជា។ 
 
ទោះបីបច្ចុប្បន្នកម្ពុជា និងសាកលលោក កំពុងជួបវិបត្តិកូវីដ-១៩ ដែលរាំងស្ទះការធ្វើដំណើររបស់ភ្ញៀវទេសចរក្ដី ប៉ុន្តែយុវតី ម៉ារីយ៉ាន នៅតែចង់សិក្សាជំនាញទេសចរណ៍។ «កូវីដ-១៩ បានប៉ះពាល់ដល់ជំនួញទេសចរណ៍របស់ក្រុមគ្រួសារខ្ញុំ និងអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ប៉ុន្តែខ្ញុំគិតថាបញ្ហានេះ ជាបញ្ហាដែលយើងត្រូវទទួលស្គាល់។ ហើយខ្ញុំគិតថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងជួយឱ្យទេសចរណ៍ធ្វើដំណើរកម្សាន្តឡើងវិញ»។ នេះជាការរៀបរាប់របស់យុវតីវ័យ១៨ឆ្នាំ ម៉ារីយ៉ាន ក្លេ។


កញ្ញា​ ម៉ារីយ៉ាន​ ក្លេ 

ក្រោយបញ្ចប់ការសិក្សាជំនាញទេសចរណ៍នៅប្រទេសបារាំង កញ្ញា ម៉ារីយ៉ាន ក្លេ សង្ឃឹមថានឹងផ្ដល់ប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ ម៉្យាងវិញទៀត តាមរយៈការសិក្សានេះ ម៉ារីយ៉ាន នឹងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ និងប្រពៃណីរបស់ខ្មែរ ដល់និស្សិតមកពីបណ្ដាប្រទេសផ្សេងៗ ដែលសិក្សាជាមួយនាង។ 
 
លោកស្រី ខៃ ចិន្តា ម្តាយរបស់កញ្ញា ម៉ារីយ៉ាន ក្លេ មានអារម្មណ៍សប្បាយរីករាយ នៅពេលដែលកូនស្រីជ្រើសរើសជំនាញទេសចរណ៍សម្រាប់ថ្នាក់ឧត្តមសិក្សា។ ម្ចាស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា លោកស្រី ខៃ ចិន្តា យល់ឃើញថា ការជ្រើសរើសជំនាញទេសចរណ៍របស់កូនស្រី គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។ 
 
វិស័យទេសចរណ៍ ជាជំនួញដ៏ធំរបស់ក្រុមគ្រួសារលោកស្រី ខៃ ចិន្តា ដែលបម្រើសេវាកម្មស្នាក់នៅដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ស្រ្តីប្រឡូកក្នុងវិស័យទេសចរណ៍ជាង ២០ឆ្នាំរូបនេះ មានជំនឿចិត្តបែបនេះ៖ «ខ្ញុំសង្ឃឹមថានៅពេលកូនស្រីខ្ញុំរៀនចប់ នឹងជួយការងារឪពុកម្ដាយ ពិសេសចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា»៕


កញ្ញា​ ម៉ារីយ៉ាន​ ក្លេ

ក្រុមគ្រួសារ​កញ្ញា​ ម៉ារីយ៉ាន​ ក្លេ

លោក​ស្រី​ ខៃ​ ចិន្តា​ ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរា​វត្តា 

Tag:
 ទេសចរណ៍
  បារាំង
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com