អន្តរជាតិ
កូរ៉េខាងត្បូង ទាមទារឱ្យក្រុមហ៊ុន Moderna ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ តាមការព្រមព្រៀង
14, Aug 2021 , 8:59 pm        
រូបភាព
រដ្ឋាភិបាលកូរ៉េខាងត្បូង បានទាមទារឱ្យក្រុមហ៊ុន Moderna ផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកិច្ចព្រមព្រៀង។ ការទាមទារនេះ ធ្វើឡើងក្រោយក្រុមហ៊ុនឱសថអាមេរិកមួយនេះជូនដំណឹងទៅកាន់រដ្ឋាភិបាលទីក្រុងសេអ៊ូលពីការផ្គត់ផ្គង់វ៉ាក់សាំងតិចជាងផែនការសម្រាប់ខែសីហា។ មន្រ្តីកូរ៉េខាងត្បូងដែលទៅតវ៉ាដល់ទីស្នាក់ការក្រុមហ៊ុននេះ និយាយថា ក្រុមហ៊ុន Moderna បានសុំទោស និងយល់ព្រមបង្កើនល្បឿនការដឹកជញ្ជូន។

 
ក្រុមហ៊ុនផលិតឱសថ Moderna បានជូនដំណឹងទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងថា ខ្លួនអាចផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តិចជាពាក់កណ្ដាលនៃចំនួនវ៉ាក់សាំង៨,៥លានដូសដែលត្រូវដឹកជញ្ជូនសម្រាប់ខែសីហា។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បញ្ជូនមន្រ្តីមួយក្រុមទៅកាន់ទីស្នាក់ការក្រុមហ៊ុន Moderna នៅរដ្ឋ Massachusetts នៅថ្ងៃទី១៣ ខែសីហាដើម្បីជំរុញឱ្យក្រុមហ៊ុនបង្កើនការផ្គត់ផ្គង់តាមអ្វីដែលបានព្រមព្រៀង។
 
អនុរដ្ឋមន្រ្តីសុខាភិបាល និងសុខមាលភាពកូរ៉េខាងត្បូង Kang Do-tae ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែសីហា ថា​ លោកបានដាក់ការតវ៉ាទៅកាន់ក្រុមហ៊ុនអាមេរិកមួយនេះ និងបានជជែកវិធានការឆ្លើយតបផងដែរ។​ បើតាមលោក Kang ក្រុមហ៊ុន Moderna បានសុំទោសចំពោះបញ្ហានេះ ខណៈប្រតិភូកូរ៉េខាងត្បូងស្នើឱ្យពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានច្រើន ហើយក្រុមហ៊ុនក៏ឯកភាពផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
 
តាមផែនការ កូរ៉េខាងត្បូងចង់ចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសសម្រាប់ប្រជាជន៣៦លាននាក់ ដែលស្មើនឹង៧០ភាគរយនៃប្រជាជនសរុប៥២លាននាក់នៅត្រឹមខែកញ្ញា។ កូរ៉េខាងត្បូងចង់បានភាពស៊ាំសហគមន៍នៅត្រឹមខែវិច្ឆិកាផងដែរ។ ប្រជាជនកូរ៉េខាងត្បូងជាង២២លាននាក់ ទទួលបានវ៉ាក់សាំងមួយដូស ហើយជិត១០លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ។ 
 
យ៉ាងណាមិញ បញ្ហាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ខែសីហា និងកញ្ញា ទំនងជាបង្អាក់ផែនការនេះ ស្របពេលករណីឆ្លងក្នុងស្រុកនៅមិនទាន់ថមថយ។ កូរ៉េខាងត្បូងមានករណីឆ្លងសរុបជាង២២ម៉ឺននាក់ និងស្លាប់ជាង២ពាន់នាក់៕
 
​ 
 
 
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com