អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃឌិន នៅតែប្រកាន់ជំហរមិនបន្តសង្រ្គាមនៅអាហ្វហ្កានីស្ថាន
15, Aug 2021 , 12:30 pm        
រូបភាព
ប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani និងប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani និងប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១៤ ខែសីហា បានបញ្ជាក់ជាថ្មីពីជំហររបស់លោកក្នុងការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយមិនបន្តសង្រ្គាមទៀតឡើយ។



ការដកខ្លួនរបស់អាមេរិក ក្លាយជាឱកាសសម្រាប់ក្រុមតាលីបង់ដែលដណ្ដើមបានទីក្រុងធំៗជាបន្តបន្ទាប់ ហើយកំពុងសម្លឹងភ្នែកដាក់រដ្ឋធានីកាប៊ុលតែម្ដង។ ប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani វិញ ហាក់អស់ជម្រើស ព្រោះកម្លាំងទ័ពរដ្ឋាភិបាល ទំនងជាមិនអាចតស៊ូការរុលទៅមុខរបស់ជីវពលតាលីបង់ឡើយ។ ស្របពេលក្រុមជីវពលតាលីបង់ត្រួតត្រាទឹកដីកាន់តែធំ ហើយទីក្រុងកាប៊ុលកាន់តែឯកោ អាមេរិកហាក់គ្មានបំណងបញ្ជូនទ័ពទៅជួយស្ដារស្ថានការណ៍ឡើងវិញទេ ដោយប្រធានាធិបតី ចូ បៃឌិន អះអាងថា លោកមិនបន្តសង្រ្គាមនៅអាហ្វហ្កានីស្ថានទៀតឡើយ។ លោក បៃឌិន សម្រេចចិត្តដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាននៅខែឧសភា ហើយនឹងបញ្ចប់នៅចុងខែសីហាមុនខួប២០ឆ្នាំព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។

ការសម្រេចចិត្តដកទ័ពនេះ ក៏ធ្វើឱ្យលោក បៃឌិន រងការរិះគន់ខ្លាំងដែរ ស្របពេលកម្លាំងទ័ពជាតិអាហ្វហ្កានីស្ថានដែលអាចផ្ចុងផ្ដើម២០ឆ្នាំមកហើយនោះ នៅតែមិនមានសមត្ថភាពគ្រប់គ្រាន់។ ប៉ុន្តែលោក បៃឌិន អះអាងថា គ្មានជម្រើសឡើយរវាងការអនុវត្តកិច្ចព្រមព្រៀងរបស់លោក ដូណាល់ ត្រាំ ជាមួយក្រុមតាលីបង់សំដៅធានាការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ឬត្រូវបញ្ជូនទ័ពបន្ថែមទៅចូលរួមជម្លោះផ្ទៃក្នុងប្រទេសមួយ។

«ខ្ញុំជាប្រធានាធិបតីទី៤ ដែលយោធាអាមេរិកមានវត្តមាននៅអាហ្វហ្កានីស្ថាន មកពីបក្សសាធារណរដ្ឋ២នាក់ និងបក្សប្រជាធិបតេយ្យ២នាក់។ ខ្ញុំនឹងមិនរុញសង្រ្គាមនេះទៅអ្នកទី៥ ឡើយ។» លោក បៃឌិន និយាយបែបនេះនៅថ្ងៃទី១៤ ខែសីហា ក្រោយចេញបញ្ជាឱ្យបន្ថែមកងទ័ពដល់៥ពាន់នាក់ដើម្បីជម្លៀសបុគ្គលិក និងពលរដ្ឋអាមេរិក ក៏ដូចជាប្រជាជនអាហ្វហ្កានីស្ថានដែលមានសិទ្ធិចាកចេញ។

ក្រោយជជែកជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ លោក បៃឌិន ក៏ព្រមានក្រុមតាលីបង់មិនត្រូវប៉ះពាល់ប្រតិបត្តិការជម្លៀសនេះឡើយ បើពុំដូច្នោះទេ អាមេរិកនឹងឆ្លើយតបវិញមិនខាន។

ចំណែកប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani វិញ ក្នុងសារផ្សាយនៅថ្ងៃទី១៤ ខែសីហា​ បានប្រកាសពីការប្រមូលផ្ដុំកម្លាំងឡើងវិញ ដោយលោកចាត់ទុកជារឿងអាទិភាព។ លោកក៏ប្ដេជ្ញាមិនឱ្យសង្រ្គាមនេះបង្កការស្លាប់កាន់តែច្រើន ហើយថា ការជជែកគ្នាកំពុងធ្វើឡើងដើម្បីបញ្ចប់ជម្លោះ។​ លោក Ghani មិនបញ្ជាក់ឱ្យច្បាស់ពីអ្វីជាការជជែកគ្នានេះឡើយ៕

Tag:
 (អាមេរិក
  អាហ្វហ្កានីស្ថាន)
© រក្សាសិទ្ធិដោយ thmeythmey.com