អន្តរជាតិ
នរណាខ្លះជាមេដឹកនាំកំពូលៗរបស់ក្រុមតាលីបង់?
15, Aug 2021 , 7:29 pm        
រូបភាព
ក្រុមតាលីបង់ កំពុងក្លាយជាចំណាប់អារម្មណ៍លើបណ្ដាញព័ត៌មានធំៗលើពិភពលោក បន្ទាប់បើកប្រតិបត្តិការផ្លេកបន្ទោរដណ្ដើមបានទីក្រុងសំខាន់ៗរបស់អាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ របៀបធ្វើការ និងក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមឧទ្ទាមមួយនេះ មិនសូវមានគេដឹងឮប៉ុន្មានឡើយ សូម្បីតែអំឡុងការកាន់កាប់អំណាចលើកដំបូងនៅចន្លោះឆ្នាំ១៩៩៦ ដល់២០០១ ក្ដី។ តើមេដឹកនាំក្រុមតាលីបង់ជានរណា?

 
២០ឆ្នាំក្រោយត្រូវអាមេរិកបណ្ដេញចេញពីអំណាច ក្រុមតាលីបង់ កំពុងមានសង្ឃឹមដឹកនាំអាហ្វហ្កានីស្ថានឡើងវិញ។ ខាងក្រោមនេះ ជាមេដឹកនាំកំពូលរបស់ក្រុមជីវពលមួយនេះ៖
 
Haibatullah Akhundzada មេដឹកនាំកំពូល
 
Akhundzada ត្រូវបានតែងតាំងជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់នៅឆ្នាំ២០១៦ ជំនួស Mullah Mansour Akhtar ដែលស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក។ មុនដឹកនាំតាលីបង់ Akhundzada គ្រាន់តែជាបព្វជិតសាសនាតូចតាចប៉ុណ្ណោះ។ មេដឹកនាំរូបនេះ កម្រចេញមុខណាស់ លើកលែងការចេញសារក្នុងថ្ងៃបុណ្យសាសនាឥស្លាមប៉ុណ្ណោះ។ 
 
Abdul Ghani Baradar សហស្ថានិក និងជាប្រធានផ្នែកនយោបាយក្រុមតាលីបង់
 
Abdul Ghani Baradar ឬ Mullah Baradar មានដើមកំណើតនៅ Kandahar ដែលជាទឹកដីកំណើតរបស់ក្រុមតាលីបង់តែម្ដង។ Baradar ចូលប្រឡូកក្នុងការប្រយុទ្ធតាំងជាសម័យគ្រប់គ្រងរបស់សហភពសូវៀតមក ហើយបង្កើតចលនាតាលីបង់នៅដើមទសវត្សរ៍១៩៩០ ជាមួយ Mullah Omar ក្រោយសូវៀតចាកចេញ។ Baradar ត្រូវបានប៉ាគីស្ថានចាប់ខ្លួននៅឆ្នាំ២០១០ ហើយត្រូវដោះលែងវិញនៅឆ្នាំ២០១៨ រួចទៅជ្រកកោននៅកាតា ទីដែលលោកកាន់តំណែងជាប្រធានផ្នែកនយោបាយ។
 
Baradar នេះហើយជាអ្នកត្រួតពិនិត្យការចុះកិច្ចព្រមព្រៀងជាមួយអាមេរិក។ 
 
Sirajuddin Haqqani អនុប្រធានចលនាតាលីបង់ និងជាមេដឹកនាំបណ្ដាញ Haqqani 
 
Haqqani ជាកូនប្រុសមេបញ្ជាការប្រឆាំងទ័ពសូវៀតល្បីល្បាញ Jalaluddin Haqqani ។ សព្វថ្ងៃ ជាអនុប្រធានក្រុមតាលីបង់ និងជាមេដឹកនាំបណ្ដា Haqqani ដ៏មានឥទ្ធិពល។ បណ្ដាញ Haqqani ត្រូវបានអាមេរិកបញ្ចូលក្នុងបញ្ជីអង្គការភេរវកម្ម ហើយត្រូវចាត់ទុកជាអង្គភាពដ៏សាហាវមួយរបស់តាលីបង់ក្នុងសង្រ្គាមប្រឆាំងលោកខាងលិចនៅ២ទសវត្សរន៍មកនេះ។
 
បណ្ដាញ Haqqani មានជំនួញជាច្រើនក្នុងដៃដែលអនុញាតឱ្យក្រុមនេះអាចធ្វើប្រតិបត្តិការដោយឯករាជ្យ ហើយមានឥទ្ធិពលខ្លាំងនៅក្រុមប្រឹក្សាមេដឹកនាំរបស់តាលីបង់។ ក្រុមនេះ គ្រប់គ្រងប្រតិបត្តិការនៅតំបន់ភ្នំភាគខាងកើតអាហ្វហ្កានីស្ថាន។
 
Mullah Yaqoob កូនប្រុស Mullah Omar
 
ជាកូនប្រុសស្ថាបនិក Yaqoob ក្ដាប់កិច្ចការយោធារបស់ក្រុមតាលីបង់ និងបណ្ដាញមេបញ្ជាការដែលទទួលបន្ទុកអនុវត្តប្រតិបត្តិការនានា៕
 
 

Tag:
 តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com