អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តាលីបង់ចូលដល់មាត់ទ្វារក្រុងកាប៊ុល, រដ្ឋមន្រ្តីមហាផ្ទៃអាហ្វហ្កានីស្ថានថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី
15, Aug 2021 , 4:53 pm        
រូបភាព
រូបថត AFP
រូបថត AFP
ក្រុមសកម្មជនប្រយុទ្ធតាលីបង់ បានចូលដល់មាត់ទ្វាររដ្ឋធានីកាប៊ុលហើយនៅថ្ងៃទី១៥ ខែសីហា​ តែមិនទាន់ចូលក្នុងទីក្រុងភ្លាមឡើយ។ រដ្ឋមន្រ្តីមហាផ្ទៃអាហ្វហ្កានីស្ថាន Abdul Sattar Mirzakwal ប្រកាសថា រដ្ឋាភិបាលកំពុងរៀបចំការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលអន្តរកាលមួយដោយសន្តិវិធី ហើយប្រជាជនមិនបាច់ភ័យបារម្ភឡើយ។

ក្នុងល្បឿនដ៏លឿន ក្រុមតាលីបង់បានទៅដល់រដ្ឋធានីកាប៊ុល ក្រោយកាន់កាប់ទីក្រុងសំខាន់ៗជាបន្តបន្ទាប់។ អ្នកនាំពាក្យក្រុមតាលីបង់ បានប្រកាសឱ្យសកម្មជនខ្លួនទាំងអស់រង់ចាំនៅក្រៅទីក្រុងសិន ខណៈការចរចាជាមួយរដ្ឋាភិបាលកំពុងធ្វើឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។

បើតាមក្រុមឧទ្ទាម សន្តិសុខក្នុងទីក្រុងនឹងស្ថិតក្នុងដៃកម្លាំងរដ្ឋាភិបាលដដែល លុះត្រារយៈពេលអន្តរកាលបញ្ចប់។ ការចរចារវាងក្រុមតាលីបង់ និងរដ្ឋាភិបាល មានគោលដៅបញ្ចៀសការវាយប្រហារលើទីក្រុងដែលនឹងនាំឱ្យមានមហន្តរាយខ្លាំង។

ចំណែករដ្ឋមន្រ្តីមហាផ្ទៃអាហ្វហ្កានីស្ថាន Abdul Sattar Mirzakwal ក៏ប្រាប់ប្រជាជនកុំព្រួយបារម្ភ ហើយនឹងមិនមានការវាយប្រហារលើទីក្រុងឡើយ។ លោកបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យរដ្ឋាភិបាលអន្តរកាល។

ដោយឡែករុស្ស៊ី ប្រកាសថា​ ខ្លួនកំពុងធ្វើការជាមួយប្រទេសផ្សេងៗដើម្បីកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ៕

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com