អន្តរជាតិ
ម៉ាឡេស៊ី ធ្លាក់ក្នុងវិបត្តិនយោបាយជាថ្មី ក្រោយនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន លាលែង
16, Aug 2021 , 2:53 pm        
រូបភាព
លោក មូហ៊ីឌីន យ៉ាស៊ីន លើកដៃដាក់អ្នកសារព័ត៌មានក្រោយចូលគាល់មហាក្សត្រដើម្បីថ្វាយលិខិតលាលែង។ រូបថត Xinhua
លោក មូហ៊ីឌីន យ៉ាស៊ីន លើកដៃដាក់អ្នកសារព័ត៌មានក្រោយចូលគាល់មហាក្សត្រដើម្បីថ្វាយលិខិតលាលែង។ រូបថត Xinhua
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មូហ៊ីឌីន យ៉ាស៊ីន បានចុះចេញពីតំណែងហើយនៅថ្ងៃទី១៦ ខែសីហា ក្រោយដឹកនាំប្រទេសបានជាង១ឆ្នាំកន្លះ ដែលការលាលែងនេះ នឹងរុញច្រានឱ្យម៉ាឡេស៊ីធ្លាក់ចូលវិបត្តិនយោបាយជាថ្មី ស្របពេលវិបត្តិកូវីដ-១៩ នៅតែជាការគំរាមដដែល។ គណៈរដ្ឋមន្រ្តីទាំងមូល ក៏ត្រូវរំលាយដែរ។ លោក យ៉ាស៊ីន នៅតែបន្តដឹកនាំម៉ាឡេស៊ីក្នុងនាមជានាយករដ្ឋមន្រ្តីចាំផ្ទះរហូតដល់មាននាយករដ្ឋមន្រ្តីថ្មី។

 
ទីបំផុតទៅ លោក មូហ៊ីឌីន យ៉ាស៊ីន បានលាលែងពីតំណែងហើយ ក្រោយប្រឈមមុខសម្ពាធខ្លាំងពីសម្ព័ន្ធភាពចម្រុះដែលដកការគាំទ្រពីរូបលោក។ នៅថ្ងៃទី១៦ ខែសីហា លោក យ៉ាស៊ីន បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចុងក្រោយ មុនចូលគាល់មហាក្សត្រ Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah ដើម្បីថ្វាយលិខិតលាលែង។​ 
 
ក្នុងសេចក្ដីប្រកាសមួយ រាជវាំងម៉ាឡេស៊ីបញ្ជាក់ថា មហាក្សត្រ Abdullah បានទទួលយកលិខិតលាលែងនេះ ហើយតែងតាំងលោក យ៉ាស៊ីន ជានាយករដ្ឋមន្រ្តីចាំផ្ទះរហូតដល់មានការតែងតាំងនាយករដ្ឋមន្រ្តីថ្មី។
 
ស្ថិតក្នុងវ័យ ៧៤ឆ្នាំ លោក យ៉ាស៊ីន ក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងខែមីនាឆ្នាំ២០២០ បន្តពីលោក មហាធៀ មហាម៉ាត់ ដែលលាលែងពីតំណែងក្រោយជួបបញ្ហាផ្ទៃក្នុងស្រដៀងគ្នា។ លោក យ៉ាស៊ីន ក្លាយប្រមុខរដ្ឋាភិបាលដែលកាន់តំណែងក្នុងរយៈពេលខ្លីជាងគេក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី។ ពោលគឺបានត្រឹមតែ១៧ខែប៉ុណ្ណោះ។  
 
ការប្រកាសពីការលាលែងពីតំណែងផ្លូវការរបស់ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី កើតឡើងដោយសារលោកបាត់បង់ការគាំទ្រភាគច្រើនក្នុងសភាដែលមានអាសនៈសរុប២២២ និងរងសម្ពាធខ្លាំងពីគ្រប់មជ្ឈដ្ឋានម៉ាឡេស៊ីទាក់ទងនឹងកង្វះសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាកូវីដ-១៩ ។ នៅដើមខែនេះ សមាជិកសភាមួយចំនួនមកពីបក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO) ដែលកាន់កាប់សំឡេងភាគច្រើនក្នុងរដ្ឋាភិបាលចម្រុះ សម្រេចចិត្តដកការគាំទ្រពីលោក យ៉ាស៊ីន ។  
 
ការចាកចេញពីតំណែងរបស់មេដឹកនាំនេះ ធ្វើឱ្យនយោបាយម៉ាឡេស៊ីធ្លាក់ចូលក្នុងភាពច្របូកច្របល់ជាថ្មី​​ ជាពិសេសជុំវិញការកំណត់មេដឹកនាំបន្ទាប់ដែលនឹងឡើងមកដឹកនាំរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ។ ក្នុងដំណើរការនេះ ការអូសទាញសំឡេងទៅវិញទៅមករវាងបក្សមានសំឡេងក្នុងសភាទាំងអស់ ក៏ចាប់ផ្ដើមផងដែរ។ បេក្ខភាពដែលអាចធ្វើជានាយករដ្ឋមន្រ្តីថ្មីមាន ឧបនាយករដ្ឋមន្រ្តី Ismail Sabri Yaakob ដែលជាអនុប្រធាន UMNO, សមាជិកសភាយូរជាងគេ Tengku Razaleigh Hamzah ។ 
 
មេដឹកនាំក្រុមប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម ដែលក្ដាប់អាសនៈសភា៨៨ ក៏ព្យាយាមរកការគាំទ្រពីសមាជិកសភាដើម្បីអង្គុយកៅអីនាយករដ្ឋមន្ត្រី។ មិនថាមកពីបក្សណាឡើយ សមាជិកសភារូបណាដែលអាចបញ្ជាក់ថា ខ្លួនមានការគាំទ្រសមាជិកសភា១១១នាក់ នឹងមានសិទ្ធិបង្កើតរដ្ឋាភិបាលបាន៕
 
 
 
 
 

Tag:
 ម៉ាឡេស៊ី
  មូហ៊ីឌីន យ៉ាស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com