អន្តរជាតិ
WHO រិះគន់ជាថ្មីប្រទេសអ្នកមានដែលប្រញាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ
19, Aug 2021 , 7:29 pm        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ។ រូបថត Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ។ រូបថត Xinhua
ដោយ៖ទ្បាយ ស្រីពេជ្រ
 
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធទី ១៨ ខែសីហា បានបង្ហាញជំហរប្រឆាំងជាថ្មីចំពោះប្រទេសអ្នកមានដែលប្រញាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសជំរុញឱ្យប្រជាជនពួកគេ។ អ្នកជំនាញ WHO រិះគន់ថា ប្រទេសផ្ដល់ការការពារដល់ប្រជាជនដែលមានការការពាររួចស្រេច ខណៈដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកនៅមិនទាន់ទទួលបានដូសលើកទីមួយនៅទ្បើយ។

 
ស្របពេលវីរុសបំប្លែងខ្លួនដែលតាកំពុងអុកឡុក ប្រទេសជាច្រើនជុំវិញពិភពលោកមានអ៊ីស្រាអែល អាល្លឺម៉ង់ និងអាម៉េរិក ដាក់ចេញផែនការ ឬកំពុងចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញឱ្យប្រជាជនរៀងៗខ្លួនដើម្បីបង្កើនការការពារ។ ចលនានេះ ត្រូវបានអង្គការសុខភាពពិភពលោកជំទាស់ម្ដងហើយម្ដងទៀត ព្រោះមិនទាន់មានការសិក្សាបែបវិទ្យាសាស្រ្តច្បាស់លាស់ ហើយក៏មិនទាន់មានការចាំបាច់ដែលត្រូវធ្វើបែបនេះ ស្របពេលប្រទេសជាច្រើនមិនមានវ៉ាក់សាំងគ្រប់គ្រាន់ផង។
 
«យើងកំពុងរៀបចំគម្រោងផ្តល់អាវការពារជីវិតបន្ថែមដល់មនុស្សដែលមានអាវរួចទៅហើយ ខណៈយើងទុកឱ្យមនុស្សរាប់លាននាក់ផ្សេងទៀតមានគ្រោះថ្នាក់។» ប្រធានផ្នែកកម្មវិធីអាសន្នរបស់ WHO លោក Mike Ryan បានប្រាប់អ្នកយកព័ត៌មានពីទីស្នាក់ការ WHO ក្នុងទីក្រុងហ្សឺណែវ ដោយប្រដូចវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ទៅនឹងអាវពោង។ 
 
នៅដើមខែសីហានេះ WHO ក៏បានអំពាវនាវឱ្យផ្អាកការចាក់បន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដើម្បីជួយបន្ធូរបន្ថយភាពមិនស្មើគ្នាយ៉ាងខ្លាំងលើការចែកចាយវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ ទោះជាយ៉ាងនេះក្ដី ការអំពាវនាវនេះ មិនបានបញ្ឈប់គម្រោងរបស់ប្រទេសមួយចំនួនក្នុងការផ្តល់ដូសទី ៣នោះដែរ ដ្បិតប្រទេសទាំងនោះប្រឈមមុខការគំរាមរបស់វីរុសបំប្លែងថ្មីទម្រង់ដែលតា។
 
ចំណែកអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយដែរថា វាពិតជាមានសារសំខាន់ណាស់ក្នុងការផ្តល់វ៉ាក់សាំងលើកដំបូងដល់អ្នកដែលងាយរងគ្រោះបំផុត។ លោកព្រមានទៀតថា គម្លាតរវាងអ្នកទទួលបានវ៉ាក់សាំង និងអ្នកមិនទាន់បាន នឹងមានកាន់តែធំទ្បើង ប្រសិនបើក្រុមហ៊ុនផលិត និងអ្នកដឹកនាំផ្តល់អាទិភាពលើការផ្ដល់ដូសជំរុញជាជាងប្រទេសដែលមានចំណូលទាបនិងមធ្យមនោះ។
 
លោក Tedros ក៏ឆ្លៀតពេលនោះ រិះគន់លើព័ត៌មានទាក់ទងការដឹកជញ្ជូនវ៉ាក់សាំង Johnson & Johnson ផលិតនៅអាហ្វ្រិកទៅកាន់អឺរ៉ុបដែលមានមនុស្សពេញវ័យស្ទើរទាំងអស់ ទទួលបានវ៉ាក់សាំងរួចរាល់។ នៅអាហ្វ្រិកវិញ ប្រជាជនតិចតួចប៉ុណ្ណោះ ទទួលបានវ៉ាក់សាំង។ ប្រមុខ WHO បានទទូចឱ្យចែកចាយវ៉ាក់សាំងចាក់មួយដូសទៅកាន់ប្រទេសអាហ្វ្រិកសិន មុនផ្គត់ផ្គង់ឱ្យប្រទេសអ្នកមាន៕
 
យោងតាមការរាយការណ៏មួយដែលថា ដូសទីមួយនៃវ៉ាក់សាំងJohnson&Johnson(J&J)ដែលទើបតែបញ្ចប់ក្នុងផ្តល់ឲ្យនៅក្នុងអាហ្រ្វិកខាងត្បូងត្រូវបានដឹកចេញឲ្យប្រើប្រាស់ទៅកាន់អឺរ៉ុប លោក Tedrosបានលើកទ្បើងថា “ពួកយើងជំរុញឲ្យJ&Jត្រូវផ្តល់អាទិភាពវ៉ាក់សាំងជាបន្ទាន់ដល់អាហ្រ្វិកមុនពេលពួកគេគិតគូរផ្គត់ផ្គង់ទៅប្រទេសអ្នកមានដែលមានគ្រប់គ្រាន់ហើយ”។ហើយលោកបានបន្ថែមទៀតថា“អយុត្តិធម៍នៃការចាក់វ៉ាក់សាំងគឺជាការអាម៉ាស់មួយចំពោះមនុស្សជាតិទាំងអស់ហើយប្រសិនបើយើងមិនដោះស្រាយវាជាមួយគ្នាទេយើងនឹងធ្វើឲ្យជំងឺរាតត្បាតនេះរីករាលដាលជាច្រើនឆ្នាំ នៅពេលដែលវាអាចបញ្ចប់ក្នុងរយៈពេលតែប៉ុន្មានខែទៀត”។
 
 
 
 
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com