អន្តរជាតិ
លោក អ៊ីស្មាអ៊ីល យ៉ាកុប ជានាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ី
20, Aug 2021 , 4:45 pm        
រូបភាព
លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី។ រូបថត AFP
លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី។ រូបថត AFP
លោក អ៊ីស្លាអ៊ីល យ៉ាកុប អនុប្រធានបក្សរួមរួបជាតិម៉ាឡេ (UMNO) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី។ នេះបើតាមការប្រកាសរបស់រាជវាំងម៉ាឡេស៊ីនៅថ្ងៃទី២០ ខែសីហា។ លោក យ៉ាកុប ត្រូវជំនួសលោក មូហ៊ីឌីន យ៉ាស៊ីន ដែលលាលែងនៅថ្ងៃទី១៥ ខែសីហា។

 
ទីបំផុតទៅ សម្ព័ន្ធភាពកាន់អំណាចរង្គោះរង្គើរបស់លោក មូហ៊ីឌីន យ៉ាស៊ីន នៅតែអាចបន្តដឹកនាំម៉ាឡេស៊ីដដែល ក្រោយលោក អ៊ីស្មាអ៊ីល យ៉ាកុប ដែលជាឧបនាយករដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលលោក យ៉ាស៊ីន ទទួលបានគាំទ្រដោយសមាជិកសភាមកពីសម្ព័ន្ធភាពចម្រុះដដែលឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។
 
ក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី២០ ខែសីហា មន្រ្តីគ្រប់គ្រងកិច្ចការរាជវាំង និងមហាក្សត្រ  Ahmad Fadil Shamsuddin បញ្ជាក់ថា​ សមាជិកសភាចំនួន១១៤នាក់ក្នុងចំណោម២២២ ប្រកាសគាំទ្រលោក អ៊ីស្មាអ៊ីល យ៉ាកុប ជានាយករដ្ឋមន្ត្រីថ្មី។ ចំនួននេះគ្រប់គ្រាន់ដើម្បីឱ្យលោក យ៉ាកុប ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី។
 
«អនុវត្តតាមរដ្ឋធម្មនុញ្ញសហព័ន្ធ ព្រះករុណាបានឯកភាពតែងតាំងលោក អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប ជានាយករដ្ឋមន្រ្តីទី៩ ។» សេចក្ដីថ្លែងការណ៍ដដែលបន្តបែបនេះ។ ពិធីស្បថចូលកាន់តំណែង នឹងធ្វើនៅថ្ងៃទី២១ ខែសីហា។
 
លោក យ៉ាកុប ជាអនុប្រធានបក្សរួបរួមជាតិម៉ាឡេ (UMNO) ដែលជាសមាជិកក្នុងរដ្ឋាភិបាលចម្រុះរបស់អតីតនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ។ លោក យ៉ាស៊ីន ចុះចេញពីតំណែងនៅថ្ងៃទី១៥ ខែសីហា ក្រោយបាត់បង់ការគាំទ្ររបស់ពីសមាជិកសភានៃសម្ព័ន្ធភាពកាន់អំណាច។ ក្រោយការលាលែងរបស់លោក យ៉ាស៊ីន មហាក្សត្រម៉ាឡេស៊ី ក៏កោះហៅសមាជិកទាំងអស់ដើម្បីសួរនាំពីបេក្ខជនណាមួយដែលពួកគេគាំទ្រ។ ទាំងក្រុមបក្សកាន់អំណាចំ ទាំងក្រុមប្រឆាំងសុទ្ធតែព្យាយាមរកការគាំទ្រដើម្បីអង្គុយកៅអីនាយករដ្ឋមន្រ្តី។
 
ការឡើងកាន់តំណែងរបស់លោក យ៉ាកុប ក៏មានន័យថា បក្សរួបរួមជាតិម៉ាឡេ (UMNO) បានវិលត្រឡប់មកដឹកនាំប្រទេសវិញហើយ ក្រោយបរាជ័យដ៏អាម៉ាស់ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ក្រោមស្នាដៃសម្ព័ន្ធភាព Pakatan Harapan ។ សម្ព័ន្ធនេះ ក៏មិនអាចកាន់តំណែងបានយូរឡើយដោយសារប្រេះឆាក្នុងចំណោមសមាជិក៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com